អន្តរជាតិ
ផ្សែង​ពុល​គ្របដណ្តប់​ក្រុង​បាងកក​ជាថ្មី ក្រោយ​ធូរស្បើយ​មួយរយៈ​ពេល​
14, Feb 2019 , 7:39 pm        
រូបភាព
រូបភាព៖ The Nation ថៃ
រូបភាព៖ The Nation ថៃ
ដោយ:
​បន្ទាប់ពី​ស្ថានភាព​ខ្យល់​កខ្វក់​បាន​ថមថយ​ក្នុង​រយៈពេល​ខ្លី ក្នុង​សប្តាហ៍​នេះ​ខ្យល់​កខ្វក់ PM2.5 បាន​ត្រឡប់មក​វាយប្រហារ​ម្តងទៀត​លើ​រាជធានី​បាងកក និង​ខេត្ត​ក្បែរៗ​នោះ​។ កាលពី​ថ្ងៃ​ពុធ ប្រជាជន​ក្រុង​បាងកក​ដែលមាន​ទម្លាប់​ត្រួតពិនិត្យ​កម្រិត​ខ្យល់​កខ្វក់​ជាប្រចាំ​នោះ បានចាប់ផ្តើម​ពាក់​ម្ស៉ា​ស​ការពារ N95 ជាថ្មី ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ផ្សែង​ពុល​នេះ​។​

 
​សញ្ញា​ចង្អុលបង្ហាញ​ពី​គុណភាព​ខ្យល់​ក្នុង​តំបន់​មួយចំនួន​នៃ​ទីក្រុង​បាងកក បាន​ឡើងដល់​កម្រិត «​ពណ៌​លឿន​» ។ នេះ​មានន័យថា គុណភាព​ខ្យល់​ពុំមាន​សុវត្ថិភាព​ឡើង​សម្រាប់​ប្រជាជន​ដែល​ងាយ​រង​ផលប៉ះពាល់ រួមមាន​ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ជរា និង​កូនក្មេង​ជាដើម​។ នេះ​បើ​យោងតាម​កម្មវិធី​ទូរ​សព្ទ Air4Thai របស់​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​ថៃ​។ 
 
​គិត​ត្រឹម​ម៉ោង ៣ រសៀល​ថ្ងៃទី​ពុធ​ទី ១៣ ខែកុម្ភៈ ខ្យល់​កខ្វក់ PM2.5 មាន​កម្រិត​ចន្លោះ​ពី ៥៣ ទៅ ៥៧ មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប​(µg/m3) ក្នុង​បណ្តា​ផ្លូវ Kanchanaphisek, ផ្លូវ Rama IV និង​តំបន់ Wang Thong Lang ហើយ​បរិមាណ​ខ្ពស់បំផុត​គឺ​ស្ថិតនៅក្នុង​សង្កាត់ Lat Phrao និង សង្កាត់ Din Daeng ។ កម្រិត​សុវត្ថិភាព​របស់​ថៃ​ត្រូវ​កំណត់​ត្រឹម ៥០ µg/m3 ។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post មជ្ឈមណ្ឌល​សម្រាប់​ព្យាករណ៍​ជំនួញ​និង​សេដ្ឋកិច្ច​របស់​សកលវិទ្យា​ល័យ​នៃ​សភាពាណិជ្ជកម្ម​ថៃ (UTCC) បាន​បង្ហាញថា ការខាតបង់​ផ្នែក​ហិញ្ញ​វត្ថុ​ដែល​បង្កឡើង​ដោយ​បញ្ហា​ខ្យល់​កខ្វក់ អាច​កើន​ឡើងដល់ ៦ ពាន់​លាន​បាត (១៩១​លាន​ដុល្លារ​)​។ តួលេខ​នេះ​គឺ​ផ្អែកលើ​ការប៉ាន់ស្មាន​រយៈពេល​២​ខែ​។ លុយ​ទាំងនេះ​គឺ​រាប់បញ្ចូល​លើ​ការចំណាយ​របស់​ប្រជាជន​លើ​ការទិញ​ម្ស៉ា​ស​ការពារ​, ទៅ​មន្ទីរពេទ្យ​ត្រួតពិនិត្យ​ជំងឺ​និង​ព្យាបាល ព្រមទាំង​ការថយចុះ​ក្នុង​វិស័យ​ទេសរ​ច​ណ៍​ជាដើម​។​
 
​សូមបញ្ជាក់ថា ខ្យ​ក់ក​ខ្វក់ PM2.5 បានចាប់ផ្តើម​វាយប្រហារ​ក្រុង​បាងកក និង​តំបន់​ក្បែរៗ​នោះ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ មកម្ល៉េះ​។ ជាមួយ​ទំហំ​របស់​ផង់​ធូលី​តូច​ជាង​សរសៃសក់​មនុស្ស​ដល់​ទៅ ២០​ដង វា​អាច​ជ្រាបចូល​ទៅក្នុង​សួត និង​សរសៃ​ឈាមខ្មៅ ដែល​អាច​បង្ក​ជា​បញ្ហា​សុខភាព​ទាក់ទង​នឹង​ផ្លូវដង្ហើម​, បេះដូង និង​ចរន្ដឈាម​ជាដើម​៕
 

Tag:
 ​ថៃ​
  បាងកក​
  ខ្យល់​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com