ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ត្រូវប្រជែងជាមួយក្រុម U22 ម៉ាឡេស៊ី នាជំនួបបើកឆាកក្នុងពានរង្វាន់ AFF U22 LG Cup 2019 ដែលគ្រោងរៀបចំចន្លោះពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ សំបុត្រចូលរួមទស្សនាការប្រកួតទាំងពីរប្រភេទ នឹងដាក់លក់ចាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមកម្មវិធីប្រកួតដែលបង្ហាញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីពេលថ្មីៗ ក្រុមជម្រើសជាតិ U22 កម្ពុជា ត្រូវប្រជែងជាមួយក្រុមម៉ាឡេស៊ី នាជំនួបបើកឆាកក្នុងព្រឹត្តិការណ៍ AFF U22 LG Cup 2019 នៅថ្ងៃទី១៨ ខែកុម្ភៈ នាពហុកីឡដ្ឋានជាតិ។ បន្ទាប់មកក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Felix Gonzalez Dalmas បន្តប៉ះជាមួយ U22 មីយ៉ាន់ម៉ាក្នុងជំនួបទី២នៅថ្ងៃទី២០ ខែកុម្ភៈ មុនជួប U22 ឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ ដែលជាជំនួបចុងក្រោយប្រចាំពូល B។
មុនជំនួបបើកឆាករបស់កម្ពុជាមួយថ្ងៃ ពោលគឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមកីឡាករជម្រើសជាតិ U22 វៀតណាម ប្រជែងជាមួយក្រុម U22 ហ្វីលីពីន នាជំនួបបើកឆាកពូល A មុន U22 ថៃ ប៉ះទីម័រខាងកើត។ ការប្រកួតទាំងពីរនេះ រៀបចំនៅពហុកីឡដ្ឋានជាតិដូចគ្នា។
សំបុត្រទស្សនាការប្រកួតព្រឹត្តិការណ៍ខាងលើ ដាក់លក់ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះតទៅ នៅបរិវេណពហុកីឡដ្ឋានជាតិ។ សំបុត្រទស្សនាមានពីរប្រភេទ គឺតម្លៃ១ម៉ឺនរៀសសម្រាប់កន្លែងមានដំបូល និង៥ពាន់រៀលកន្លែងគ្មានដំបូល។
ក្រោយការដកខ្លួនរបស់សិង្ហបុរី ព្រុយណេ និងឡាវ ការប្រកួត AFF U22 LG Cup នៅសល់តែ៨ក្រុមប៉ុណ្ណោះ។ ក្នុងនោះពូល A មានវៀតណាម ថៃ ហ្វីលីពីន និងទីម័រខាងកើត ខណៈពូល B មានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។ ការប្រកួតរៀបចំចន្លោះពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។
កីឡាករជម្រើសជាតិកម្ពុជាទាំង២៧រូបរួមមាន៖ កីឡាករ គឹម ឆៃយ៉ា, កែន ច័ន្ទសុភ័ក្ត្រ, ម៉ាត់ សាក់រវី, ឆេង ម៉េង, ទៀត គឹមហេង, ស៊ិន សុផាណាត់, សាន គឹមហេង, អ៊ិន សូដាវីដ, ស៊ិន កក្កដា, អ៊ុក សុវណ្ណ, កែវ សុខសិលា, សឿត បារាំង, យ៉ើ មូស្លីម, សាវែង សំណាង, យ៉ើ សាហ្វី, អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវា, ហ៊ុល គឹមហ៊ុយ, ទេស សម្បតិ្ត, លី វ៉ាហេទ, សេត រ៉ស៊ីប, ឡុង ភារ៉ាត់, ឈង់ ប៊ុនណាត, ណារ៉ុង កក្កដា, ឃៀង ម៉េងហ៊ួ, កែវ សារ៉ាត និង សៀង ចន្ធា៕