អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឡាវ បញ្ជា​ឲ្យ​កាត់បន្ថយ​ស្ថាប័នរដ្ឋ​សំពីងសំពោង​និង​ចំនួន​មន្ត្រី​ស៊ីវិល​
14, Feb 2019 , 8:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​បង្គាប់​ឲ្យ​ក្រសួងមហាផ្ទៃ​ព​ន្លឿ​ន​ការកាត់បន្ថយ​អង្គភាព​រដ្ឋ និង​ចំនួន​បុគ្គលិក​នៅតាម​ស្ថាប័ន​នានា​ដែលមាន​ច្រើន​សំពីងសំពោង​។ លោក ថង​លួ​ន អះអាងថា ចំនួន​មន្ត្រី​ច្រើនពេក បែរ​ធ្វើ​ឲ្យ​ការបំពេញ​ការងារ​មិនមាន​ប្រសិទ្ធភាព មិន​ចំ​គោលដៅ និង​ខ្ជះខ្ជាយ​ថវិការដ្ឋ​ទៀតផង​។ លើសពីនេះ នាយករដ្ឋមន្ត្រី​ឡាវ​ក៏​ប្រាប់​ឲ្យ​រឹតបន្តឹង​ការជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​រដ្ឋ​ថ្មី​ដែរ​។​

 
​ចំនួន​មន្ត្រី​ស៊ីវិល​១៨៤៨៧១​នាក់ ស្មើនឹង​២,៨​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ជា​តួលេខ​ដ៏​ច្រើន​សម្រាប់​នាយករដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត ដែល​បាន​ប្រាប់​ឲ្យ​ក្រសួងមហាផ្ទៃ​ឡាវ​កាត់បន្ថយ​ចំនួន​មន្ត្រី​ដ៏​ច្រើន​នេះ​ឲ្យ​បាន​លឿន​។ បរិមាណ​ច្រើន​បែបនេះ ធ្វើ​ឲ្យ​ឡាវ​ក្លាយជា​ប្រទេស​លំដាប់​ទី​ពីរ​មាន​បុគ្គលិក​ស៊ីវិល​ច្រើនជាងគេ​បន្ទាប់ពី​ព្រុយ​ណេ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ផ្សេងទៀត​។ 
 
​តាមពិតទៅ នា​ឆ្នាំ​ថ្មីៗ​នេះ ស្ថាប័នរដ្ឋ​នៅ​ឡាវ​ជាច្រើន​ក៏ត្រូវ​បង្កើត​ថ្មី ឬ​ពង្រីក​ខ្លួន​ដើម្បី​បង្កើត​ការងារ​សម្រាប់​មន្ត្រី​រដ្ឋ​ដ៏​ច្រើន​លើសលប់​។ ក្រៅពី​មន្ត្រី​ក្របខណ្ឌ ស្ថាប័នរដ្ឋ​នានា​ក៏​ជួល​មន្ត្រី​ក្នុង​ក្របខណ្ឌ​កិច្ចសន្យា​ទៀតផង​។ លោក ថង​លួ​ន មិនសូវ​ពេញចិត្ត​ឡើយ​នឹង​សកម្មភាព​បែបនេះ​។ ក្នុង​កិច្ចប្រជុំ​ការងារ​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រី​ឡាវ​រូបនេះ​បាន​ណែនាំ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ទាំងអស់​សម្រេច​ឲ្យ​បាន​រចនាសម្ព័ន្ធ​រដ្ឋ​ដែលមាន​តម្លាភាព រឹងមាំ និង​អាច​បម្រើការ​បានល្អ​។​
 
​បើតាម​កាសែត​ឡាវ Vientiane Times លោក ថង​លួ​ន បាន​រំឭក​មន្ត្រី​ទាំងអស់​ពីបទ​បញ្ជា​លេខ​០៣ ដែល​លោក​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៨ ដែល​តម្រូវ​ឲ្យ​មានការ​កាត់បន្ថយ ឬ​ច្របាច់​បញ្ចូល​ស្ថាប័នរដ្ឋ​នៅ​ថ្នាក់ក្រោម​ណា​ដែលមាន​បេសកកម្ម​ដូច ឬ​ស្រដៀង​គ្នា​។ ប្រមុខ​រដ្ឋាភិបាល​ឡាវ​អះអាងថា មន្ត្រី​មិនចាំបាច់​ទាំងនេះ ធ្វើ​ឲ្យ​ខ្ទង់ចំណាយ​រដ្ឋ​កាន់តែ​ធំ​ដូចជា​ការផ្ដល់​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​។ 
 
​អនុវត្តតាម​បញ្ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ឡាវ​បាន​កាត់បន្ថយ​ចំនួន​បុគ្គលិក​រដ្ឋ​ដែល​ត្រូវ​ជ្រើសរើស​ថ្មី ដោយ​កាត់បន្ថយ​ពី​ចំនួន​១​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៧ មក​ត្រឹម​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០១៨ និង​ចំនួន​១៥០០​នាក់​សម្រាប់​ឆ្នាំ​២០១៩ នេះ​។ លោក ថង​លួ​ន បាន​ប្រាប់​មន្ត្រី​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា រដ្ឋ​ត្រូវបាន​ប្រើប្រាស់​បុគ្គលិក​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត និង​ជ្រើសរើស​មន្ត្រី​ដែល​អាចបំពេញ​ការងារ​បាន​ច្រើន​មុខ​។  
 
​ទន្ទឹមគ្នា​នឹង​ការកំណត់​ចំនួន​បុគ្គលិក​រដ្ឋ​នេះ នាយករដ្ឋមន្ត្រី​ឡាវ​ក៏​ប្រាប់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​រើស​មន្ត្រី​ថ្មី​ដែលមាន​សមត្ថភាព និង​គុណសម្បត្តិ​គ្រប់គ្រាន់​តាមរយៈ​ដំណើការ​ជ្រើសរើស​ដែល​ម៉ត់ចត់​។ ការ​កំហិត​កូរ៉ុម​នេះ​ទៀតសោត ក៏​មានន័យថា មន្ត្រី​ស្ម័គ្រចិត្ត និង​មន្ត្រី​ជាប់កិច្ចសន្យា​ជាច្រើន នឹងមិន​ត្រូវ​បញ្ចូល​ជា​មន្ត្រី​ក្របខណ្ឌ​ឡើយ​។ លោក ថង​លួ​ន បានលើកឡើង​ពី​លទ្ធភាព​ដែល​រដ្ឋ​បណ្ដុះបណ្ដាល​ពួកគេ​ដើម្បី​អាចធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន ឬ​បើករ​របរ​រកស៊ី​ខ្លួនឯង​៕

Tag:
 ឡាវ​
  ថង​លួ​ន ស៊ី​សូលី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com