ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន៖ ខ្មែរនៅអឺរ៉ុបរងផលប៉ះពាល់ដោយសារការយកពន្ធអង្ករកម្ពុជា
× ភ្នំពេញ៖ ពីពិធីបិទសន្និបាតការងាររបស់ក្រសួងមហាផ្ទៃ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា បញ្ហាសហភាពអឺរ៉ុបកំណត់ថ្លៃយកពន្ធអង្ករកម្ពុជា គឺមិនជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms) លើកម្ពុជាឡើយ។
ថ្លែងចំពោះមុខថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេច ហ៊ុន សែន បានពន្យល់ថា បញ្ហាពន្ធអង្ករនេះ គឺវាកើតចេញពីការប្រកួតប្រជែងទីផ្សារអង្កររបស់កម្ពុជា ជាមួយប្រទេសអេស្ប៉ាញ និងអ៊ីតាលីប៉ុណ្ណោះ។ ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យប្រទេសនៅអឺរ៉ុបទាំងពីរ ដែលប្រកួតប្រជែងទីផ្សារអង្ករចាញ់កម្ពុជា តែងតែរកវិធីឲ្យសហភាពអឺរ៉ុបគិតពន្ធអង្ករពីកម្ពុជាបែបនេះ។
ទោះជាមានបញ្ហានេះក្តី ក៏សម្ដេច ហ៊ុន សែន នៅតែហ៊ានអះអាងថា ការយកពន្ធនេះ វាមិនប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា និងជីវភាពកសិករក្នុងស្រុកឡើយ ពោលគឺអ្នកដែលរងផលប៉ះពាល់នោះ គឺជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប និងពលរដ្ឋដែលគាំទ្ររសជាតិអង្កររបស់កម្ពុជាប៉ុណ្ណោះ។
ងាកមកនិយាយពីការនាំចេញវិញ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែអាចមានលទ្ធភាពនាំចេញអង្ករទៅទីផ្សារក្នុងកម្រិតបរិមាណធម្មតាដដែល ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺអាជ្ញាធរ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយថ្លៃដើម ក្នុងការចំណាយលើការផលិត ដើម្បីជួយសម្រួលដល់លទ្ធភាពនាំអង្ករចូលទីផ្សារអឺរ៉ុប។
កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ជាង៥៩,៦ម៉ឺនតោន តែប៉ុណ្ណោះ នៅខែមករា ឆ្នាំ២០១៩ នេះ។ តួលេខនាំចេញនេះ បានធា្លក់ចុះ៥ភាគរយ បើធៀបទៅនឹងរយៈពេលគ្នា កាលឆ្នាំ២០១៨ មានជាង៦២,២ម៉ឺនតោន។ នេះបើតាមរបាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្កររបស់ក្រុមការងារផ្នែកស្រូវ-អង្ករនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(SOWS-REF)។
សូមរម្លឹកថា សហភាពអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ។ ឆ្នាំទីមួយតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុងអង្ករ១តោន, តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុងអង្ករ១តោន នៅឆ្នាំទីពីរ និងចុះមកត្រឹម១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុងអង្ករ១តោន នៅឆ្នាំទីបី៕
Tag:
សម្តេច ហ៊ុន សែន
អង្ករ
EU
© រក្សាសិទ្ធិដោយ thmeythmey.com