ជាតិ
សម្ដេច ហ៊ុន សែន បន្តអំពាវនាវពលរដ្ឋចូលរួមធ្វើជំរឿននៅថ្ងៃទី៣ ខែមីនាខាងមុខ ក្រុមមន្ត្រីជំរឿននៅខេត្តឧត្តរមានជ័យ។ រូបថតផ្តល់ដោយ ស្រួច គឿត
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានអំពីគ្រួសារ ក្នុងពេលធ្វើជំរឿនលើកទី៤ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីប្រមូលព័ត៌មានពិតប្រាកដនៃជីវភាពរបស់ប្រជាពលរដ្ឋសម្រាប់អភិវឌ្ឍន៍ជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតការងារក្រសួងមហាផ្ទៃនៅថ្ងៃទី១៤ កុម្ភៈនេះ ប្រមុខរដ្ឋាភិបាល បាននិយាយថា៖«សូមមេត្តាក្នុងថ្ងៃទី៣ ខែមីនា ខាងមុខនេះ កុំចេញទៅណា ដើម្បីឲ្យគេទៅកត់ត្រាស្រង់ស្ថិតិ ដើម្បីយើងកំណត់ រាប់ចំនួនមនុស្សនៅក្នុងផ្ទះ ដើម្បីឲ្យឃើញថាមនុស្សប៉ុន្មានឲ្យពិតប្រាកដ»។
គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជា គ្រោងចំណាយជាង ៨លានដុល្លារ ធ្វើជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩ ដែលជាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ការងារជំរឿនប្រជាជនកម្ពុជា ធ្វើឡើង៣ដងមកហើយ គឺនៅឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ហើយការងារទាំង៣លើកនេះ មានការជួយជ្រោមជ្រែងពីអង្គការដៃគូ ដូចជាអង្គការUNFPA អង្គការJICA រាជរដ្ឋាភិបាលជប៉ុន និងប្រទេសអាល្លឺម៉ង់៕
© រក្សាសិទ្ធិដោយ thmeythmey.com