អន្តរជាតិ
អាមេរិក និង​សម្ព័ន្ធមិត្ត​បើក​សន្និសីទ​អន្តរជាតិ​ប្រឆាំង​អ៊ីរ៉ង់​នៅ​ប៉ូឡូញ​
14, Feb 2019 , 10:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទឹកដី​ប៉ូឡូញ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​អ៊ីរ៉ង់​។ អាមេរិក នឹង​ប្រើ​ជំនួប​អន្តរជាតិ​នេះ​ដើម្បី​ប្រមូល​កម្លាំង​រួម​ដើម្បី​ប្រឆាំង​ឥទ្ធិពល​អ៊ីរ៉ង់​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់ ប្រទេស​អឺរ៉ុប​បញ្ជូន​មន្ត្រី​ថ្នាក់ទាប​ចូលរួម​ក្នុង​សន្និសីទ​នេះ ព្រោះ​កំពុងមាន​ជំហរ​ផ្ទុយគ្នា​នឹង​អាមេរិក​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អាមេរិក​ដើរចេញ​កាលពី​ឆ្នាំមុន​។ អ៊ីរ៉ង់​ដែលជា​គោលដៅ​របស់​អាមេរិក ចាត់ទុក​ជំនួប​នេះ​ជា​រោង​សៀក​ប៉ុណ្ណោះ​។​

 
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ជា​ឥស្សរជន​សំខាន់​ជាងគេ ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​អ៊ីរ៉ង់​នៅ​រដ្ឋធានី​វ៉ា​សូវី​របស់​ប៉ូឡូញ​។ សន្ន​សីទ​ដែលមាន​ប្រទេស​៦០​ចូលរួម​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ដោយ​អាមេរិក​នឹង​បង្កើន​ការដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​តួនាទី​របស់​អ៊ីរ៉ង់​នៅ​ម​ជ្ឈ​បូព៌ា​ដែល​ធ្វើ​ឲ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​មិន​សប្បាយចិត្ត​។​
 
​ប្រទេស​អឺរ៉ុប​ធំៗ​ជាច្រើន មិនបាន​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ដូចជា​រដ្ឋមន្ត្រីការបរទេស​អ្វី​ឡើយ ព្រោះ​កំពុង​មិន​ពេញ​ចិត្តនឹង​នយោបាយ​រប​ស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ និង​ដាក់ទណ្ឌកម្ម​អ្នករកស៊ី​ជាមួយ​អ៊ីរ៉ង់​ទៅទៀត​។ អឺរ៉ុប​ដែល​ជម្នះ​រកស៊ី​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់ បាន​បង្កើត​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ថ្មី​ដើម្បី​ការពារ​ក្រុមហ៊ុន​របស់​ពួកគេ​ពី​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​របស់​អាមេរិក​។​
 
​លោក ណេ​តាន់​យ៉ា​ហ៊ូ ឯណេះ​វិញ ក៏​ឆ្លៀត​កេងចំណេញ​ពី​ជំនួប​អន្តរជាតិ​នេះ ដើម្បី​បង្ហាញ​ពី​ការរួបរួម​គ្នា​រវាង​អ៊ីស្រាអែល និង​ប្រទេស​តំបន់​អារ៉ាប់​ដែល​មើលមុខ​គ្នា​មិនត្រូវ​តាំងពីដើម​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ​បញ្ជាក់ថា ក្នុង​បន្ទប់​ដែលមាន​រដ្ឋមន្ត្រីការបរទេស​តំណាង​ឲ្យ​ប្រទេស​៦០ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល និង​រដ្ឋមន្ត្រី​ការ​បរ​ទេ​អា​រ៉ា​ប៊​ឈរ​ជាមួយគ្នា និង​និយាយ​ជា​សំឡេង​តែមួយ ប្រឆាំង​ការគំរាមកំហែង​រួម​របស់​អ៊ីរ៉ង់​។​
 
​ជំនួប​នៅ​ប៉ូឡូញ ចាប់ផ្ដើម​ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​អ៊ីរ៉ង់​សម្លាប់​កង​ឆ្មាំ​បដិវត្តន៍​២៧​នាក់​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ក្រុង​តេ​ហេ​រ៉ង់​ក៏បាន​ភ្ជាប់​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​ទៅនឹង​សន្និសីទ​នៅ​នៅ​អឺរ៉ុប​ដែល​រៀបចំ​ដោយ​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ចាត់ទុក​កិច្ចប្រជុំ​នេះ​ជាវ​ង់​សៀក​នៅ​វ៉ា​សូវី និង​ថា វា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​ដែល​អ៊ីរ៉ង់​រង​ការវាយប្រហារ​នៅ​ថ្ងៃ​ដំបូង​នៃ​ជំនួប​នេះ​។​
 
​លោក ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង​ឆ្នាំ​២០១៥ ដែល​ចរចា​ដោយ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​លោក​ចាត់ទុកជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​។ លោក ត្រាំ ចោទ​អ៊ីរ៉ង់​ថា មិន​គោរព​តាម​កិច្ចព្រមព្រៀង​នេះ ហើយ​កិច្ចព្រមព្រៀង​ដដែល​នេះ​បើកផ្លូវ​ឲ្យ​អ៊ីរ៉ង់​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​។ អឺរ៉ុប និង​ហត្ថលេខី​ផ្សេងទៀត​សុទ្ធតែ​ប្រឆាំង​គំនិត​អាមេរិក និង​បន្ត​រក​ផ្លូវ​ដើម្បី​បន្ត​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ​ដដែល​៕ 
 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ប៉ូឡូញ​
© រក្សាសិទ្ធិដោយ thmeythmey.com