ម្ចាស់ផ្ទះនៃកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង «វៀតណាម»ប្រកាសថា ខ្លួនត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីចែកបទពិសោធន៍នានាពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិដល់កូរ៉េខាងជើង។ រដ្ឋសង្គមនិយមមួយនេះក៏រំពឹងពង្រឹងចំណងមិត្តភាពទ្វេភាគីជាមួយកូរ៉េខាងជើង និងបន្តគាំទ្រដល់ការកសាងសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅពេលខាងមុខដែរ។
ក្នុងជំនួបទ្វេភាគីនារដ្ឋធានីព្យុងយ៉ាងថ្ងៃពុធទី ១៣ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិនមិញ បានថ្លែងដោយចំហប្រាប់សមភាគីកូរ៉េខាងជើងថា វៀតណាមត្រៀមខ្លួនជាស្រេចហើយដើម្បីចែករម្លែករាល់បទពិសោធន៍ល្អៗទាំងការកសាងជាតិ, កសាងសេដ្ឋកិច្ចសង្គម និងចូលរួមរស់ជាមួយសហគមន៍អន្តរជាតិដល់មិត្តកូរ៉េខាងជើងដើម្បីរីកចម្រើនទាំងអស់គ្នា។
ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា ក្រៅពីបង្កើបពីបំណងចែករម្លែកបទពិសោធន៍ លោក ផាម ប៊ិនមិញ ក៏បានបញ្ជាក់ផងដែរថា វៀតណាមក៏នឹងបន្តគាំទ្ររាល់កិច្ចសន្ទនានារវាងអាមេរិកនិងកូរ៉េខាងជើងដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េដែរជាពិសេសការឈានទៅរំសាយអាវុធ។
ដោយឡែករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ វិញ រំពឹងថា កូរ៉េខាងជើង និងវៀតណាមនឹងអាចពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យរឹងមាំលើវិស័យជាច្រើនផ្សេងទៀត មុនខួបលើកទី ៧០នៃការបង្កើតចំណងការទូតមកដល់។ ប្រមុខការទូតរូបនេះក៏ឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីវៀតណាមដែលតែងតែយកចិត្តទុកដាក់បន្តជ្រោមជ្រែងដល់ដំណើរការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េដូចគ្នា។
តាមពិតទៅ ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ បានបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងរយៈពេលបីថ្ងៃ តបតាមការអញ្ជើញរបស់សមភាគីកូរ៉េខាងជើង រី យ៉ុងហូ ដោយសារភាគីទាំងពីរត្រូវពិភាក្សាគ្នាពីបញ្ហាពិធីការដើម្បីទទួលស្វាគមន៍ប្រតិភូ និងមេដឹកនាំកូរ៉េខាងជើងមកចូលប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង ចុងខែកុម្ភៈនេះ។
កាលពីថ្ងៃ ៩ខែកុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា លោកនឹងជួបជាមួយលោក គីម ជុងអ៊ុន ជាថ្មីទៀតនៅរដ្ឋធានីហាណូយប្រទេសវៀតណាមនៅថ្ងៃ ២៧ និង ២៨ ខែកុម្ភៈ។ ការសម្រេចចិត្តរើសរដ្ឋធានីវៀតណាម នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងអ្នកតំណាងពិសេសរបស់អាមេរិកទទួលបន្ទុកកូរ៉េខាងជើង Stephen Biegun ជាមួយតំណាងពិសេសកូរ៉េខាងជើងទទួលបន្ទុកកិច្ចការអាមេរិកលោក Kim Hyok Chol នារដ្ឋធានីព្យុងយ៉ាងផង។
វាមានហេតុផលច្រើន ដែលក្រុងហាណូយ ត្រូវបានជ្រើសរើសជាកន្លែងរៀបចំកិច្ចប្រជុំ។ ប៉ុន្តែជារួមលោក ត្រាំ ចង់ផ្តល់ឱកាសឲ្យមេដឹកនាំកូរ៉េខាងជើងបានឃើញការរីកចម្រើនរបស់វៀតណាម និងអាចដកស្រង់ពិសោធន៍ ឬអាចឈានទៅយកគម្រូនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋអាស៊ីអាគ្នេយ៍នេះមកអនុវត្តតាមផង ក្នុងពេលខ្លួនចាប់ផ្តើមរំសាយសព្វាវុធនៅពេលខាងមុខនោះ។ អ្វីដែលសំខាន់គឺរបៀបនៃការចាប់ផ្តើមសមាហរណកម្មចូលជាមួយសហគមន៍អន្តរជាតិ និងងាកមកចាប់ដៃអាមេរិកធ្វើជាមិត្តដូចដែលរដ្ឋាភិបាលវៀតណាមកំពុងធ្វើនោះ។
វៀតណាម ដែលធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមរបស់អាមេរិក ត្រូវបានគេចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សបំផុតមួយក្នុងតំបន់ ថ្វីបើរដ្ឋអាស៊ីអាគ្នេយ៍នេះនៅបន្តរក្សាប្រព័ន្ធនយោបាយបិទក្តី។ វៀតណាមស្គាល់ការអភិវឌ្ឍយ៉ាងក្លៀវក្លាមួយក្រោយការអនុវត្តនយោបាយកំណែទម្រង់សេដ្ឋកិច្ច «ដូយមឺយ» អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយរក្សាប្រព័ន្ធនយោបាយសង្គមនិយមដដែល។
ត្រឡប់មកវិញ វៀតណាមជាសម្ព័ន្ធមិត្តជិតស្និទ្ធនៅក្នុងតំបន់មួយរបស់កូរ៉េខាងជើង។ ភាគីទាំងពីរបានបង្កើតចំណងការទូតផ្លូវការនៅក្នុងឆ្នាំ ១៩៥០ ហើយមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង បានមកទស្សនកិច្ចនៅវៀតណាមពីរដងមានឆ្នាំ ១៩៥៨ និងឆ្នាំ ១៩៦៤។ ចំណែកមេដឹកនាំវៀតណាម ហូ ជីមិញ ធ្លាប់ទៅទស្សនកិច្ចក្រុងព្យុងយ៉ាងម្តងដែរនៅឆ្នាំ ១៩៥៧។
ប៉ុន្តែ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងជើងល្អក់កករនៅខែធ្នូឆ្នាំ ១៩៧៨ នៅពេលដែលវៀតណាមលើកទ័ពចូលកម្ពុជាដើម្បីផ្តួលរំលំរបបដឹកនាំខ្មែរក្រហម។ កូរ៉េខាងជើងខឹងសម្បារហើយបញ្ជាដកឯកអគ្គរដ្ឋទូតខ្លួនពីវៀតណាម។ ដល់ឆ្នាំ ១៩៨៤ ភាគីទាំងពីរសម្រេចបញ្ជូនឯកអគ្គរដ្ឋទូតទៅវិញទៅមកឡើងវិញជាផ្លូវការដែរ៕