ជាតិ
សេដ្ឋកិច្ច
សម្ដេចប្រាប់ឲ្យ CDC រៀបចំវេទិកាពិភាក្សាអំពីកំណែទម្រង់សេដ្ឋកិច្ច ជាមួយអ្នកពាក់ព័ន្ធ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនាសន្និបាតក្រសួងមហាផ្ទៃ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំវេទិកាពិភាក្សារវាងរដ្ឋាភិបាល និងវិស័យឯកជន អំពីបញ្ហាកំណែទម្រង់សេដ្ឋកិច្ច នៅខែមីនា ខាងមុខនេះ។ សម្ដេចបានថ្លែងដូចនេះពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ខែកុម្ភៈ។
«ខ្ញុំសូមស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្នែកពាក់ព័ន្ធ រៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងខែមីនាខាងមុខនេះដើម្បីយើងពិភាក្សាបន្ថែមទៀតទៅលើបញ្ហាទាក់ទងនឹងកំណែទម្រង់ ដែលយើងត្រូវប្រកាន់យកដើម្បីជំរុញល្បឿនកំណើនសេដ្ឋកិច្ចរបស់យើង»។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូចនេះក្នុងពិធីខាងលើ។
វេទិកាពិភាក្សាពីកំណែទម្រង់សេដ្ឋកិច្ច ដែលនឹងត្រូវរៀបចំនៅខែមីនាខាងមុខនេះ ទំនងជាត្រូវពិភាក្សាច្រើនអំពីការឆ្លើយតបនឹងស្ថានភាព ដែលកម្ពុជាអាចនឹងត្រូវដកការអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ EBA ជាបណ្ដោះអាសន្ននាពេលខាងមុខពីសហភាពអឺរ៉ុប។
ថ្លែងក្នុងពិធីបិទសន្និបាតនេះដែរ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលកម្ពុជាត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីឲ្យកម្ពុជាអាចលក់ផលិតផលដោយភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ទោះគ្មានការអនុគ្រោះពីគេក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com