កីឡាជាតិ
ជាតិ
អតីត​គ្រូ​ព្រះខ័ន​រាជ លោក សំ វ៉ាន់​ដេ​ត ចូលរួម​ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប​?
15, Feb 2019 , 11:22 am        
រូបភាព
លោក សំ វ៉ាន់ដេត អតីតគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង
លោក សំ វ៉ាន់ដេត អតីតគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​អតីត​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លោក សំ វ៉ាន់​ដេ​ត អាច​កាន់​តួនាទី​ជា​នាយក​បច្ចេកទេស ឬ​ជំនួយការ​គ្រូបង្វឹក​របស់​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។ នេះ​បើតាម​ការអះអាង​របស់​លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​មួយ​នេះ​។

 
​ក្រោយ​បាត់​មុខ​ពី​វិស័យ​កីឡាបាល់ទាត់​មួយរយៈ គេ​សង្កេតឃើញ​លោក សំ វ៉ាន់​ដេ​ត អតីត​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បង្ហាញខ្លួន​ជាមួយ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ក្នុងជំនួប​មិត្តភាព​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ​២០១៩​។ ការបង្ហាញ​ខ្លួន​នេះ ធ្វើ​ឲ្យ​មហាជន​ពិសេស​អ្នកគាំទ្រ​កីឡាបាល់ទាត់​លើក​ជា​ចម្ងល់​ថា គ្រូបង្វឹក​រូបនេះ​ទំនងជា​ចូលរួម​ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ​២០១៩​នេះ​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ទទួលស្គាល់ថា លោក សំ វ៉ាន់​ដេ​ត ពិតជា​ចូលរួម​ជាមួយ​ក្លិប​របស់លោក​នៅ​រដូវ​កាល​ឆ្នាំ​២០១៩ ពិតប្រាកដ​មែន​។ ប៉ុន្តែ​សម្រាប់​តួនាទី​ក្នុង​ក្លិប​មិនទាន់​ជាក់លាក់​នៅឡើយ​ទេ ដោយ​លោក​អាច​កាន់​តួនាទី​ជា​នាយក​បច្ចេកទេស ឬ​ជា​ជំនួយការ​គ្រូបង្វឹក​របស់លោក សុក វាសនា​។  
 
​អគ្គលេខាធិការ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គាត់​(​លោក សំ វ៉ាន់​ដេ​ត​)​បានមក​ចូលរួម​ជាមួយ​ក្លិប​ជា​បណ្តោះអាសន្ន ប៉ុន្តែ​យើង​មិនទាន់​ហ៊ាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ឥឡូវ​យើង​មាន​តួនាទី​២ ដែល​យើង​បម្រុង​ឲ្យ​គាត់ ទី​១​ជា​នាយក​បច្ចេកទេស និង​ទី​២​ជា​ជំនួយការ​របស់​គ្រូ សុក វាសនា​»​។​
 
​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ក្លិប​កំពុង​ពិភាក្សាគ្នា ដើម្បី​ជ្រើសរើស​តួនាទី​មួយ​ក្នុងចំណោម​តួនាទី​ទាំងពីរ​ខាងលើ​។ ប៉ុន្តែ​លោក​អះអាងថា អតីត​គ្រូបង្វឹក​ជួយ​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​លើក​ពាន​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៧​រូបនេះ អាចមាន​ភាគរយ​ខ្ពស់​កាន់​តួនាទី​ជា​នាយ​បច្ចេកទេស ព្រោះ​លោក​មាន​សញ្ញាបត្រ​គ្រូបង្វឹក​ខ្ពស់ជាង​លោក សុក វាសនា​។ 
 
​ប​ច្ចុ​ប​គ្រូបង្វឹក​ដែល​ចាក​ចេញពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ឆ្នាំ​២០១៧​រូបនេះ កាន់​សញ្ញាបត្រ​គ្រូបង្វឹក​កម្រិត B-License ខណៈ​លោក សុក វាសនា ក៏​កាន់​សញ្ញាបត្រ​កម្រិត​នេះ​ផងដែរ​។ ប៉ុន្តែ​លោក សំ វ៉ាន់​ដេ​ត គ្រោង​នឹង​បញ្ចប់​វគ្គ​គ្រូបង្វឹក​កម្រិត A-License នៅ​អំឡុង​ឆ្នាំ​២០១៩​នេះ​។ ក្លិប​នឹង​បង្ហាញ​តួនាទី​របស់លោក សំ វ៉ាន់​ដេ​ត ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕ 
 

Tag:
 ម៉ែន ពិសិដ្ឋ​
  សំ វ៉ាន់​ដេ​ត​
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com