អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​ជនជាតិ​ថៃ​៖ “​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដើរ​ក្រោយ​ថៃ​មួយ​ជំ​ហាន​”
15, Feb 2019 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រទេស​កម្ពុ​ជាមាន​កំណើន​វិស័យ​អចលនទ្រព្យ​ល្អប្រសើរ​ជាមួយ​កំណើន​នៃ​ការសាងសង់​រីកដុះដាល​នៅ​ទូទាំងប្រទេស ប៉ុន្តែ​វិស័យនេះ​ក៏​នៅតែ​មើលឃើញថា​មាន​គម្លាត​ឆ្ងាយ​នៅឡើយ​ពី​ទីផ្សារ​នៅ​ប្រទេសជិតខាង​។​
 
​ប្រទេស​ថៃ​មាន​ទីផ្សារ​អចលនទ្រព្យ​ដែលមាន​ភាពចាស់ទុំ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ទីផ្សារ​ប្រទេស​នេះ​ត្រូវបាន​គេ​មើលឃើញថា​អាច​ធានាបាន​ស្ថេរភាព​មាន​ទំហំ​នៃ​ការវិនិយោគ និង​ចំនួន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ដ៏​ច្រើន​។​
 
​នៅពេល​បច្ចុប្បន្ន​វិនិយោគិន​ជាច្រើន​នៅតែ​យល់ឃើញថា​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ហានិភ័យ​ខ្ពស់​។ ប៉ុន្តែ​គេ​ក៏​ជឿថា​កម្ពុជា​ជាទី​តាំង​ល្អ​ការវិនិយោគ​នឹង​ទទួលបាន​ផល ចំណេញ​លឿន ជាមួយ​អត្រា​ចំណេញ​ខ្ពស់ជាង​ប្រទេស​ថៃ ហើយ​តម្លៃ​អចលនទ្រព្យ​ថែមទាំង​នៅមាន កម្រិត​ទាប​ជាង​ប្រទេសជិតខាង​នៅឡើយ​។  
 
​ប៉ុន្ដែ​តើ​ទីផ្សារ​ទាំងពីរ​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​?

​ក្រុមហ៊ុន Realestate.com.kh បាន​ជួប​ជាមួយ​លោក Sopon Pornchokchai ដែលជា​ប្រធាន ក្រុមហ៊ុន Fiabci-Thai និង​ជា​សមាជិក​ក្រុមប្រឹក្សា​អចលនទ្រព្យ Asean Real Estate Network Alliance​។ លោក​ក៏​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Agency for Real Estate Affairs នៅ​ប្រទេស​ថៃ​ផងដែរ​។​
 
​តើ​អ្វី​ជា​ចំណុច​ដូចគ្នា និង​ភាពខុសគ្នា​រវាង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​? តើ​ប្រទេស​កម្ពុជា​កំពុង​ដើរ​តាម​លំនាំ​នៃ​ការអភិវឌ្ឍ​របស់​ថៃ​កាលពី​អតីតកាល​មែន​ឬទេ​?
 
​ចម្លើយ​៖ នៅក្នុង​ឆ្នាំ​២០០៩​ខ្ញុំ​បានធ្វើ​ការស្ទង់មតិ​មួយ​នៅ​រាជធានី​ភ្នំពេញ​។ ខ្ញុំ​បាន​រកឃើញថា​ប្រភេទ​ផ្ទះ​អាជីវកម្ម​គឺជា​ទីផ្សារ​លំនៅដ្ឋាន​ដ៏​ធំ​ដែល​វា​មាន​លក្ខណៈ​ស្រដៀង​នឹង​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ១៩៨២ ។​
 
​នៅ​ឆ្នាំ​២០១៥​ខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ​មួយទៀត ហើយ​បាន​រកឃើញថា​ខុន​ដូ​មាន​រហូតដល់​មួយ​ភាគបី​នៃ​ទីផ្សារ​លំនៅដ្ឋាន​នៅក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​នៅ​ទីក្រុង​បាងកក​ចំនួន​ខុន​ដូ​មាន​ពាក់កណ្តាល​នៃ​ទីផ្សារ​លំនៅដ្ឋាន​ទាំងមូល​។​
 
​ប៉ុន្តែ​សព្វថ្ងៃនេះ​ខុន​ដូ​នៅ​កម្ពុជា​អាច​នឹងមាន​ប្រហែល​៥០%​នៃ​ទីផ្សារ​លំនៅដ្ឋាន​ជា​ផ្លូវការ​។ ចំណែក​នៅ​ទីក្រុង​បាងកក​វិញ​ខ្ញុំ​គិតថា​ខុន​ដូ​មាន​ប្រហែល​៦០%​។ ជាក់ស្តែង​ប្រទេស​កម្ពុជា​កំពុង​តែមាន​ភាពស្រដៀងគ្នា​ទៅនឹង​ទីក្រុង​បាងកក​ដែរ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ដើម្បី​ជំរុញ​កំណើន​។​

​តើ​អ្វី​ជា​ភាពខ្លាំង និង​ភាព​ខ្សោយ​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​?
 
​ចម្លើយ​៖ ចំណុចខ្លាំង​របស់​កម្ពុ​ជា​គឺ​កម្ពុ​ជាមាន​សេដ្ឋកិច្ច​រឹងមាំ​ជាង​មុន​។ អចលនទ្រព្យ​មានតម្លៃ​សមរម្យ​ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​លទ្ធភាព​ទិញ​បាន​។ ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ការវិនិយោគ​ពី​ក្រៅប្រទេស​ជាច្រើន​ជាពិសេស​វិនិយោគិន​ពី​ប្រទេស​ចិន​។​
 
​ជាការ​ពិតណាស់​វិនិយោគិន​ចិន​ប្រហែលជា​នឹង​គ្របដណ្ដប់​លើ​ទីផ្សារ​ទាំងមូល​ហើយ​ខ្ញុំ​គិតថា​នេះ​អាចជា​ការគំរាមកំហែង​ដល់​លទ្ធភាព​ចំណាយ​ក្នុង​រយៈពេល​វែង​។ ចំណុច​នេះ​មានន័យថា​តម្លៃ​អចលនទ្រព្យ​អាច​ឡើង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​អ្នក​ក្នុងស្រុក​មិនមាន​លទ្ធភាព​ទិញ​បាន​នៅពេល​អនាគត​។​
 
​តើ​លោក​យល់​បែបណា ចំពោះ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ក្នុង​រយៈ ៥ ទៅ ១០ ឆ្នាំ​ខាងមុខ​?
 
​ចម្លើយ​៖ ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​គឺ​ពឹង​ផ្អែកលើ​ការវិនិយោគ​យ៉ាងច្រើន​ពី​ប្រទេស​ចិន​។ ប្រសិនបើ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​នៅតែ​បន្ត​នោះ​ប្រទេស​កម្ពុជា​អាចមាន​ផលប៉ះពាល់​មួយចំនួន​ដែរ​។​
 
​ទោះយ៉ាងណា​ក៏ដោយ​ប្រសិនបើ​ប្រទេស​ចិន​នៅមាន​សេដ្ឋកិច្ច​រឹងមាំ​នោះ​មានន័យថា​ប្រទេស​កម្ពុជា​នឹង​បន្ត​មាន​ភាព​រីកចម្រើន​រប​ស់​ខ្លួន​បន្ថែមទៀត​។ កក្តា​ដ៏​សំខាន់​មួយទៀត​គឺ​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​កំណើន​ភ្ញៀវទេសចរ​ដ៏​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ រីឯ​ជើងហោះហើរ​ដោយផ្ទាល់​បាន​ពង្រីក​ថែម​នៅ​កម្ពុជា​យើង​អាច​រំពឹងថា​វា​នឹង​ផ្តល់​ការងារ​កាន់តែច្រើន​ថែមទៀត​នៅក្នុង​វិស័យនេះ​។​
 
​តើ​លោក​អាច​អាច​ប្រាប់​បានទេ ថា​តើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ​មាន​លក្ខណៈ​ដូចម្ដេច​?
 
​ចម្លើយ​៖ ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ​នៅតែមាន​កំណើន ប៉ុន្តែ​ហាក់​មាន​ភាពមិនច្បាស់លាស់​មួយចំនួន​ដោយសារតែ​ស្ថានភាព​នយោបាយ​មិន​អំណោយផល​។ វិស័យ​ទេសចរណ៍​គឺជា​ផ្នែក​មួយ ដ៏​សំខាន់បំផុត​សម្រាប់​ថៃ​។ អ្នកទិញ​ដែលជា​ជនបរទេស​គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ទីផ្សារ ដែល​គ្របដណ្ដប់​ប្រមាណ​២០%​នៃ​តម្រូវការ​ទាំងអស់​។​
 
​ផ្សារ​ទំនើប ហាង​លក់ទំនិញ និង​សណ្ឋាគារ​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​ថៃ​។ អចលនទ្រព្យ​បែប​ឧស្សាហកម្ម​ក៏​កំពុងតែ​រីកដុះដាល​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ភាគ​ខាងកើត​នៃ ប្រទេស​នេះ​។​
 
​អចលនទ្រព្យ​បែប​លំនៅដ្ឋាន​មាន​ចំនួន​ច្រើន ដែល​គ្រប់គ្រង​រហូតដល់ ៧០% នៃ​ទីផ្សារ​។ បច្ចុប្បន្ននេះ ផ្ទះ​ជាង ៤៥០,០០០ ខ្នង មាននៅ​ក្នុង​ទីផ្សារ ដែលមាន​តម្លៃ​សរុប​ខ្ទង់ ៤១ ពាន់​លាន​ដុល្លារ​។ ទាក់ទង​តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​បាងកក ផ្ទះ​មានតម្លៃ​ជា​មធ្យម ១៣៧,០០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត​។​
 
​តើ​លោក​មើលឃើញថា​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​នឹង​ផ្លាស់ប្តូរ​ដូចម្តេច​ក្នុង​រយៈពេល ៥ ទៅ ១០ ខាងមុខ​?
 
​ទាក់ទង​នឹង​ការផ្គត់ផ្គង់​លំនៅដ្ឋាន​ខ្ញុំ​រំពឹងថា​ការផ្គត់ផ្គង់​អាច​កើន​ឡើងជា​មធ្យម​៣%​ក្នុង​មួយឆ្នាំ​។ ចំណែក​តម្លៃ​វិញ​តម្លៃ​ខុន​ដូ​ខ្ពស់​អាច​កើន​៥%​ឬ​៦%​ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​សម្រាប់​អគារ លំនៅដ្ឋាន​កម្ពស់​ទាប​អាច​ផលចំណេញ​អាចមាន​ត្រឹម​២%​ប៉ុណ្ណោះ​។ សម្រាប់​អចលនទ្រព្យ​បែប​ពាណិជ្ជកម្ម​ខ្ញុំ​យល់ថា​តំបន់​ជិត​ព្រំប្រទល់​ជាមួយ​ប្រទេស​កម្ពុជា​នឹងមាន​សក្តានុពល​ក្នុង​រយៈពេល​១​ទសវត្សរ៍​ខាងមុខ​៕
 
​ដកស្រង់​ពី៖ Realestate.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com