ជាតិ
សេដ្ឋកិច្ច
ក្រសួងអភិវឌ្ឍន៍ជនបទ ត្រៀមថវិកាជិត៩០០លានដុល្លារ លើកកម្ពស់ទឹកស្អាតនិងអនាម័យ ពីឆ្នាំ២០១៩-២០២៣
× កំពង់ឆ្នាំង៖ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងចំណាយថវិកា៨៩៨,៤លានដុល្លារ សម្រាប់លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទនៅទូទាំងប្រទេសឲ្យបាន៩០ភាគរយ។ គម្រោងថវិកានេះ មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៣។ នេះជាការលើកឡើងរបស់លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ។
ថ្លែងក្នុងពិធីអង្គវិបស្សនា នៅសណ្ឋាគារនាងពួន នាថ្ងៃទី១៤ កុម្ភៈ លោក ស្រ៊ិន ពុទ្ធី បាននិយាយថា ចំនួនថវិកានេះ ត្រូវបានរដ្ឋាភិបាលបែងចែកចំណាយជាមធ្យមជិត១៨០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាសរុបខាងលើនេះ រាជរដ្ឋាភិបាល នឹងអនុវត្តយុទ្ធសាស្ត្រព្រមទាំងកែតម្រូវនូវប្រព័ន្ធបច្ចេកទេសឲ្យប្រសើរផងដែរ។
យុទ្ធសាស្ត្រនិងកែតម្រូវបច្ចេទេសទាំងនោះ មានបួនជាអាទិភាពបំផុតក្នុងផែនការអនុវត្តទឹកស្អាត និងអនាម័យជនបទ នៅឆ្នាំ២០១៩-២០២៣។ ទីមួយ គឺទឹក ដែលរដ្ឋាភិបាល បាននិងកំពុងធ្វើជាមួយដៃគូពាក់ព័ន្ធទាំងអស់ ពិសេសជាមួយអង្គការក្រៅរដ្ឋាភិបាល (NGO) ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ទី២ គឺ ការពង្រឹងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលបច្ចេកទេស។ ទី៣ គឺដំណើរការការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ដោយតម្រូវឲ្យមានភាពជាម្ចាស់ការលើខ្លូនឯង នៃការគ្រប់គ្រងប្រព័ន្ធទឹកស្អាត និងអនាម័យ ដើម្បីឲ្យសម្រេចតាមគោលដៅថ្នាក់ជាតិបានកំណត់។ ទី៤ គឺពាក់ព័ន្ធទៅនឹងការិយាល័យថា្នក់ស្រុក-ខេត្ត ក្នុងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ពីអនាម័យ និងការប្រើប្រាស់ទឹកស្អាត។
សូមរម្លឹកថា កាលឆ្នាំ២០១៨ ក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយថវិកាជិត៧៣លានដុល្លារ តែប៉ុណ្ណោះ។ ក្នុងនោះ ចំណាយចរន្ត មានជាង៣០,៤៣លានដុលា្លរ និងចំណាយមូលធន មានជិត៤២,៤៩លានដុល្លារ។ ស្របពេលនេះ កម្ពុជា បានប្រើប្រាស់ទឹកស្អាត និងអនុវត្តអនាម័យទូទាំងប្រទេស បាន៦០ភាគរយ និង អនុវត្តទិសដៅប្រើប្រាស់ទឹកស្អាត និងអនាម័យជនបទឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២៥៕
លោក ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើបទបង្ហាញពីផែនការចំណាយទៅលើទឹកស្អាត និងអនាម័យពី ឆ្នាំ២០១៩_២០២៣ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩។
© រក្សាសិទ្ធិដោយ thmeythmey.com