ជាតិ
ក្រសួងវប្បធម៌៖ បញ្ឈប់ការប្រគំតន្ត្រីណា ដែលមាននិន្នាការនយោបាយ និងរើសអើង
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុនផ្គាកប្រគំតន្ត្រីតាមទីសាធារណៈណា ដែលប៉ះពាល់ដល់វប្បធម៌ជាតិ និងសាធារណជន។
ចំណុចដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានហាមដាច់ខាតរាល់ការប្រគុំតន្ត្រី ឬការសម្តែងណា ដែលប៉ះពាល់អង្គព្រះមហាក្សត្រ រើសអើងជាតិសាសន៍ ភេទ ពណ៌សម្បុរ ភាសា ជំនឿ សាសនា ឬនិន្នាការនយោបាយ ដែលប្រឆាំងនឹងបូរណភាពទឹកដី ឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ សន្តិសុខជាតិ ។ ជាពិសេសរាល់សកម្មភាពណា ដែលជះឥទ្ធិពលអវិជ្ជមានដល់វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិ។
ក្នុងអំឡុងពេលមានភាពមិនប្រក្រតីកើតឡើង នៅក្នុងការប្រគុំតន្ត្រីជាលក្ខណៈជាតិនោះ អាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាម។ នេះជាការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងសេចក្តីណែនាំដដែល បានប្រាប់ឲ្យបុគ្គលដែលមានបំណងដាក់ស្នើសុំលិខិតអនុញ្ញាតការប្រគុំតន្រី្តតាមទីសាធារណៈ ត្រូវបំពេញបែបបទស្នើសុំមកអង្គការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលរាជធានី-ខេត្ត ឬការិយាល័យច្រក-ចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ចំពោះបុគ្គលដែលដាក់ពាក្យស្នើសុំ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការពាក់ព័ន្ធ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានល្អ។ ក្រសួងវប្បធម៌អនុញ្ញាតឲ្យរៀបចំតែកម្មវិធីធំៗដូចជា កម្មវិធីរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com