ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្ឌិត សុខ ទូច​៖ បើ​ដក EBA ពី​កម្ពុជា គឺជា​រឿង​នយោបាយ ជាង​រឿង​សិទ្ធិមនុស្ស​
15, Feb 2019 , 5:28 pm        
រូបភាព
លោក សុខ ទូច ជួបប្រធានសមាគមអ្នកនិយាយភាសាបារាំងប្រចាំកម្ពុជា
លោក សុខ ទូច ជួបប្រធានសមាគមអ្នកនិយាយភាសាបារាំងប្រចាំកម្ពុជា
លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​និង​មាន​គោរមងារ​ជា​បណ្ឌិត​សភាចា​រ្យ បាន​លើកឡើងថា បើ​គណៈកម្មការ​អឺរ៉ុប ដក EBA  ពី​កម្ពុជា​មែន​នោះ គឺជា​រឿង​នយោបាយ ជាង​ផ្អែកលើ​ផ្លូវច្បាប់​និង​សិទ្ធិមនុស្ស​។


 
​លោក សុខ ទូច បន្តថា បើ​លើកឡើងថា កម្ពុជា រំលោភសិទ្ធិ​មនុស្ស និង​មិនមាន​ប្រជាធិបតេយ្យ ចុះ​ហេតុអ្វី​មិន​មើល​ប្រទេស​ឡាវ​និង​មី​យ៉ាន់​ម៉ា​ផង​។ ប៉ុន្តែ​សហភាព​អឺរ៉ុប យក​ករណី​លោក កឹម សុខា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មក​វាយតម្លៃ​កម្ពុជា​ទៅវិញ​។ 
 
​ក្នុង​វេទិកា​តុមូល​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ស្តីពី​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដែល​ចាប់ផ្តើម​ដំណើរ​នីតិ​វិធីដក EBA ពី​កម្ពុជា លោក សុខ ទូច ថ្លែងថា បើ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើតាម​ការចង់បានរ​បស់ សហភាព​អឺរ៉ុប​នោះ គឺ​លែង​គោរព​អធិបតេយ្យភាព​កម្ពុជា​និង​រដ្ឋធម្មនុញ្ញ ព្រោះ​ពួកគេ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​។​
 
​ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​សម្តេច ហ៊ុន សែន ស្តាប់​អឺរ៉ុប គឺ​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ហើយ លែង​គោរព​អធិបតេយ្យភាព​កម្ពុជា និង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​»​។​
 
​ចំណែក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន លើកឡើងថា កម្ពុជា​បាន​គោរព​តាម​លក្ខណ​របស់​សភាព​អឺរ៉ុប​អស់ហើយ​។ លោក​បន្តថា អង្គការ​ការងារ​អន្តរជាតិ (ILO) ក៏បាន​រកឃើញថា ស្ថានភាព​ការងារ​ក្នុង​រោងចក្រ​នៅ​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ​៕

Tag:
 EBA
  EU
  សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com