ជាតិ
សេដ្ឋកិច្ច
លោក ហៃ លី​អ៊ាង​៖ ជំនក់​ចិត្ត អត់ធ្មត់ ច្នៃប្រឌិត ឯករាជ្យ ជា​គន្លឹះ​ជោគជ័យ​របស់​សហគ្រិន​
16, Feb 2019 , 10:42 am        
រូបភាព
​ជំនក់​ចិត្ត ការអត់ធ្មត់ ការច្នៃប្រឌិត ឯករាជ្យភាព ... សម្រាប់​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ស្ថាបនិក​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល ចំណុច​ទាំងនេះ​សុទ្ធសឹងតែ​ជា​ពាក្យ​គន្លឹះ​ដែល​បាន​ដឹកនាំ​ជីវិត​របស់លោក ក្នុងនាម​ជា​សហគ្រិន​មួយរូប​។

 
​សូម​អាន​បទសម្ភាសន៍​ដូចខាងក្រោម​៖

​តើ​មនុស្ស​គ្រប់រូប​សុទ្ធតែ​អាច​ក្លាយជា​សហគ្រិន​មួយរូប​មែន​ទេ​?
 
​លោក ហៃ លី​អ៊ាង​៖ ទេ​! មិនមែន​គ្រប់គ្នា​ទេ​។ ការបង្កើត​អាជីវកម្ម​មួយ ចាំបាច់​ត្រូវមាន​ជំនក់​ចិត្ត​ចំពោះ​អាជីវកម្ម​នោះ​។ មាន​មធ្យោបាយ​ច្រើនណាស់​ក្នុងការ​ប្រកបការងារ​ចិញ្ចឹមជីវិត​។ យើង​អាច​យក​សមត្ថភាព​ដែល​យើង​មាន ទៅធ្វើ​ការ​ឲ្យ​អ្នកដទៃ បណ្តាក់ទុន​លើដី​ធ្លី ឬ​បណ្តាក់ទុន​ក្នុង​គម្រោង​របស់​អ្នកដទៃ​ជាដើម​។ ការបង្កើត​មុខ​ជំនួញ​មួយ​ដើម្បី​បង្កើត​ផលិតផល បង្កើត​ការងារ និង​ត​ង្កើ​ត​តម្លៃ​នៃ​អាជីវកម្ម​នោះ គឺជា​រឿង​មួយ​ផ្សេងទៀត​ដែល​ទាមទារ​នូវ​លក្ខណៈសម្បត្តិ​ដែល មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធ​តែមាន​នោះទេ​។ មានគំនិត​ឯករាជ្យ គំនិត​ច្នៃប្រឌិត ចេះ​ដឹកនាំ​ក្រុម យល់​ពី​តម្រូវការ​របស់​អតិថិជន និង​តម្រូវការ​ទីផ្សារ ទាំងនេះ​គឺជា​គុណសម្បត្តិ​ដ៏​សំខាន់​សម្រាប់​សហគ្រិន​។ បើសិនជា​ធ្វើ ដោយ​គ្មាន​ជំនក់​ចិត្ត​ចំពោះ​អាជីវកម្ម និង​ផលិតផល​របស់ខ្លួន គ្មាន​ចំណូលចិត្ត​ចំពោះ​ការ​ផ្សងព្រេង​ក្នុង​អាជីវកម្ម​ទេនោះ យើង​មិនអាច​ទៅបាន​ឆ្ងាយ​នោះទេ​។​
 
ដើម្បី​ជួយ​ស្ថាបនា​ប្រទេសជាតិ​ឡើងវិញ លោក​បានជ្រើសរើស​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​កាលពីដើម​ទសវត្សរ៍​ឆ្នាំ ៩០​។ ហេតុអ្វី​?
 
​លោក ហៃ លី​អ៊ាង​៖ ខ្ញុំ​គិតថា អ្វីដែល​សំខាន់បំផុត​សម្រាប់​ប្រទេសជាតិ​នាពេលនោះ គឺ​ជំរុញ​ការបង្កើត​ឲ្យ​មាន​បណ្តាញ​សហគ្រាស​ដ៏​រឹងមាំ​មួយ និង​គាំទ្រ​ចំពោះ​អ្នក​ផ្តួចផ្តើម​គំនិត​អាជីវកម្ម​។ ខ្ញុំ​មាន​ហេតុផល​ពីរ​យ៉ាង​។ ទីមួយ មានតែ​អាជីវកម្ម​ដែលមាន​តម្លៃ​ប៉ុណ្ណោះ​ទេ ដែល​អាចបង្កើត​ការងារ​ដល់​ប្រជាជន​។ ទី​ពីរ វា​ជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​ឲ្យ​កម្ពុជា​មិន​ទទួលរង​ឥទ្ធិពល​នៃ​សកលភាវូបនីយកម្ម​។ ប្រសិនបើ​ខ្មែរ​មិន​ជឿជាក់​លើ​ខ្លួនឯង វិនិយោគិន​បរទេស​នឹង​ធ្វើជា​ម្ចាស់​នៅ​ប្រទេស​យើង ដល់ពេល​នោះ យើង​នឹង​លែងមាន​ឯករាជ្យ​ជាតិ​ទៀតហើយ​។ ដោយសារ​ហេតុផល​ទាំងពីរ​នេះហើយ ទើប​ខ្ញុំ​បង្កើត​សហគ្រាស​ប៉េ​ប៉េអឹម និង​ខន​ហ្វី​រែ​ល​។​
 
​មុន​ការបង្កើត​សហគ្រាស​ប៉េ​ប៉េអឹម និង​ខន​ហ្វី​រែ​ល តើ​លោក​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​បង្កើត​អាជីវកម្ម​ពីមុនមក​ដែរឬទេ​?
 
​លោក ហៃ លី​អ៊ាង​៖ ខ្ញុំ​គឺជា​សហគ្រិន​មួយរូប​រួចទៅហើយ មុនពេល​បង្កើត​សហគ្រាស​ទាំងពីរ​នេះ​។ នៅ​ប្រទេស​បារាំង ទី​ដែល​ខ្ញុំ​បាន​សិក្សា​ផ្នែក​ឱសថ​សាស្ត្រ​នោះ ខ្ញុំ​បាន​ផលិត និង​លក់​ផលិតផល​ថ្នាំពេទ្យ​។ នៅពេលនោះ​ហើយ ដែល​ខ្ញុំ​ចាប់ផ្តើម​មាន​ចំណូលចិត្ត​ធ្វើ​អាជីវកម្ម​។ ការ​ស្តាប់​ពី​តម្រូវការ​របស់​អតិថិជន ការបង្កើត​ផលិតផល​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពួកគាត់ និង​ការព្យាយាម​ទៅ​ឲ្យ​ហួស​ពី​ការរំពឹងទុក​របស់​អតិថិជន​ថែមទៀត ការប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ការលក់​ផលិតផល​ទាំងនោះ​ទទួលបាន​ភាពជោគជ័យ ការ​ខំ​ពង្រីក​ទីផ្សារ​ផលិតផល សម្រាប់​ខ្ញុំ ទាំងនេះ​គឺ​សុទ្ធតែជា​ល្បែង​ដ៏​ជក់ចិត្ត​មួយ​។ ខ្ញុំ​យល់ថា ការបើក​អាជីវកម្ម​មួយ​គឺជា​ការងារ​ដែល​យើង​ត្រូវធ្វើ​ឲ្យ​វា​រីកចម្រើន​ទៅមុខ​រហូត​។​
​សហគ្រាស​ប៉េ​ប៉េអឹម និង​ខន​ហ្វី​រែ​ល គឺជា​សហគ្រាស​ដែល​លក់​ផលិតផល​ពីរ​ខុសគ្នា មាន​វត្ថុបំណង​ខុសគ្នា គោលដៅ​អតិថិជន​ក៏​ខុសគ្នា​ដែរ​។ ប៉ុន្តែ សហគ្រាស​ទាំងពីរ​នេះ​នៅតែមាន​ចំណុច​ដូចគ្នា នោះ​គឺ​ដើម្បី​ផលិត​ឱសថ និង​ផលិតផល​ម្ហូបអាហារ យើង​ត្រូវមាន​ចំណេះដឹង​ក្នុង​ផ្នែក​ជីវវិទ្យា គីមីវិទ្យា និង​សុខភាព​។ បើសិនជា​គ្មាន​ចំណេះដឹង និង​ចំណូលចិត្ត​ធ្វើការ​ស្រាវជ្រាវ​ដែល​ខ្ញុំ​ទទួលបាន​ពី​ការសិក្សា​របស់ខ្ញុំ​ក្នុង​វិស័យ​ទាំងនេះ​ទេ ខ្ញុំ​ក៏​មិនអាច​បង្កើត​សហគ្រាស និង​ពង្រីក​មុខរបរ​ទាំងនេះ​បានដែរ​។ ជោគជ័យ​នៃ​អាជីវកម្ម​ផ្សារភ្ជាប់​នឹង​សមត្ថភាព​ដែល​យើង​មាន​។ 
 
​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម ក៏​ទាមទារ​ឲ្យ​មាន​ជំនក់​ចិត្ត​ផងដែរ​។ ហេតុអ្វី​?
 
​លោក ហៃ លី​អ៊ាង​៖ ជា​ញឹកញាប់ យើង​ឃើញថា ពាណិជ្ជករ​ក្មេងៗ​នៅ​កម្ពុជា​ធ្វើ​អាជីវកម្ម​តាម​គ្នា ហើយ​ពួកគេ​ឆាប់​ផ្លាស់ប្តូរ​អាជីវកម្ម​នោះ​តាមចិត្ត​របស់ខ្លួន​។ ឲ្យ​តែ​លែង​សូវ​ទទួលបាន​ផល​កម្រៃ​ពី​អាជីវក​ម្មចាស់ ពួកគេ​ក៏​ប្តូរ​ទៅធ្វើ​អាជីវកម្ម​ថ្មីៗ​ដែលជា​អាជីវកម្ម​កំពុងតែ​ពេញនិយម​នាពេលនោះ​ទៅវិញ​។ អ្នក​ទាំងអស់នេះ​ពិតជា​ក្លាហាន​មែនហើយ តែ​ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ពួកគេ​សុទ្ធតែជា​សហគ្រិន​នោះទេ ព្រោះថា​សហគ្រិន​ដ៏​ពិតប្រាកដ​ម្នាក់ មិន​ឈប់​គ្រាន់តែ​ជួប​ឧបសគ្គ​ដំបូង​ក្នុង​អាជីវកម្ម​របស់ខ្លួន​នោះទេ​។ យើង​ត្រូវ​ប្រើពេល​ជាច្រើន​ឆ្នាំ​ទម្រាំ ប៉េ​ប៉េអឹម និង​ខន​ហ្វី​រែ​ល​ក្លាយជា​សហគ្រាស​ដែល​អាចឈរជើង​រឹងមាំ​នៅលើ​ទីផ្សារ មានកេរ្តិ៍ឈ្មោះ​ល្អ និង​មាន​អតិថិ​ន​ជន​គាំទ្រ​នោះ​។ ដំបូង អ្នក​ត្រូវមាន​ចក្ខុវិស័យ​ដ៏​រឹងមាំ​មួយ​សម្រាប់​បេសកកម្ម​នៃ​អាជីវកម្ម​របស់​អ្នក ហើយ​ត្រូវ​ដើរ​តាម​ទិសដៅ​នោះ​ជានិច្ច​។ បន្ទាប់មកទៀត អ្នក​ត្រូវមាន​ភាព​អំណត់ និង​មាន​សមត្ថភាព​ក្នុងការ​ប្រឈម​នឹង​ឧបសគ្គ ការប្រែប្រួល​ក្នុង​បរិបទ​អាជីវកម្ម (​ការប្រកួតប្រជែង បទ​ប្បញត្តិ​ក្នុង​អាជីវកម្ម​) និង​ចលនា​នៃ​ទីផ្សារ​។​
 
​ក្រៅពី​ជំនក់​ចិត្ត និង​ភាព​អត់ធ្មត់ តើ​ត្រូវការ​អ្វី​ទៀត​ដើម្បី​ទទួលបាន​ភាពជោគជ័យ​?
 
​លោក ហៃ លី​អ៊ាង​៖ មិនបាច់​ស្ទាក់ស្ទើរ​ទេ ខ្ញុំ​សូម​ឆ្លើយថា គឺ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​។ បទពិសោធន៍​ពី​ខន​ហ្វី​រែ​ល និង​ប៉េ​ប៉េអឹម​អាច​ជំរុញ​សហគ្រិន​វ័យក្មេង​ឲ្យ​ខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​។ ភាពរឹងមាំ​នៃ​អាជីវកម្ម គួបផ្សំ​នឹង​សមត្ថភាព នឹង​អាចបង្កើត​ផលិតផល​ថ្មីៗ​ជា​ហូរហែ​។ ប្រសិនបើ​យើង​គ្រាន់តែ​ធ្វើតាម​អ្នកដទៃ នោះ​មិនយូរ​មិនឆាប់ អាជីវកម្ម​យើង​នឹង​ដើរ​ថយក្រោយ ហើយ​យើង​នឹង​បរាជ័យ​។ យើង​អាច​ចម្លង​គំនិត​ពី​អ្នកដទៃ​បាន ប៉ុន្តែ​ត្រូវតែ​មានគំនិត​ថា ធ្វើ​ឲ្យ​បានល្អ​ជាងគេ​។ ដើម្បី​យល់​ពី​តម្រូវការ​របស់​អតិថិជន និង​ទីផ្សារ ចេះ​ប្រ​មើ​មើ​លពី​ការវិវត្ត​នៃ​ទីផ្សារ​ជំនួញ យើង​ចាំបាច់​ត្រូវ​ចេះ​រក​ដៃគូ​សហការ​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត ដូចជា​ចេះ​បង្កើត​គម្រោង ផលិតផល និង​ចេះ​ធ្វើ​ឲ្យ​គម្រោង​នោះ​ចេញ​ជា​រូបរាង​។​
 
​ប៉េ​ប៉េអឹម និង​ខន​ហ្វី​រែ​ល គឺជា​សហគ្រាស​ដែល​បណ្តាក់ទុន​ច្រើន​ក្នុងការ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​។ ក្នុង​វិស័យ​ជំនួញ មិន​ថា​ផ្នែក​អ្វី​នោះទេ ការប្រកួតប្រជែង​គ្នា​គឺមាន​ភាពស្វិតស្វាញ​ណាស់​។ អ្នក​ដែល​ឈ្នះ គឺជា​អ្នក​ដែល​ប្រឹងប្រែង​ធ្វើការ​បង្កើត​ថ្មី មិនមែនជា​អ្នក​ដែល​ចាំតែ​ចម្លង​តាម​គេ​នោះទេ​។ នៅ​កម្ពុជា គឺ​នៅមាន​កន្លែង​សម្រាប់​អាជីវកម្ម​ថ្មីៗ​ជាច្រើន ប៉ុន្តែ​ប្រសិនបើ​យើង​ចង់​បង្កើត​អ្វីមួយ ត្រូវតែ​បង្កើត​អ្វីដែល​ថ្មី ទើប​អាចឈរជើង​បាន​។​
 
​ឧទាហរណ៍ អ្នក​ចង់​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​! អ្នក​អាចធ្វើ​វា​បាន ដោយ​បង្កើត​ផលិតផល​ថ្មី ប្លែក​មិន​ធ្លាប់មាន​។ កុំ​ធ្វើ​ត្រឹមតែ​ជា​តំណាង​ចែកចាយ​ក្នុង​តំបន់​របស់​ផលិតផល​បរទេស​នោះ​។ ខ្ញុំ​សូម​អះអាងថា ការ​ច្រណែន​ចំពោះ​ភាពជោគជ័យ​របស់​អ្នកដទៃ មិនមែនជា​កត្តា​នៃ​ជ័យជម្នះ​សម្រាប់​ខ្លួន​យើង​ទេ ហើយ​ការចម្លង​ពី​អ្នកដទៃ​ក៏​មិន​គ្រប់គ្រាន់​នឹង​នាំ​យើង​ទៅរក​ភាពជោគជ័យ​បានដែរ​។ ផ្ទុយទៅវិញ អ្នកនឹង​រងគ្រោះ​ចំពោះ​ភាព​ច្រណែន​នេះ​ទៅវិញ ដោយហេតុថា ពេលដែល​យើង​ចម្លង​តាម​អ្នកដទៃ នោះ​យើង​គ្មាន​សិទ្ធិ​នឹង​ការពារ​អាជីវកម្ម​តាមផ្លូវ​ច្បាប់​បានទេ​។ ជាក់ស្តែង ខន​ហ្វី​រែ​ល និង​ប៉េ​ប៉េអឹម បានគេច​ផុតពី​ភាព​ច្រណែន​អស់​ទាំំ​ង​នេះ ដោយ​ការប្រកាន់យក​នូវ​គំនិត​នៃ​បន្ត​វិនិយោគ​កាន់តែខ្លាំង​ថែមទៀត​ទៅក្នុង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​។​

​សម្រាប់​រូបលោក សហគ្រិន​មួយរូប​ត្រូវ​គិតគូរ​ពី​ការរក្សា​ឯករាជ្យភាព​នៃ​អាជីវកម្ម​ខ្លួន​។ តើ​ហេតុអ្វី​?
 
​តាមរយៈ​បទពិសោធន៍​នៃ​ជីវិត​ជា​សហគ្រិន​របស់ខ្ញុំ ខ្ញុំ​យល់ថា យើង​មិនអាច​តតាំង​តែម្នាក់ឯង​ជាមួយ​គូប្រជែង​គ្រប់គ្នា​នោះទេ​។ អ្នក​ត្រូវ​ចេះ​សហការ​ជាមួយ​ដៃគូ​ដែលមាន​សមត្ថភាព ដែលមាន​ចក្ខុវិស័យ​អាជីវកម្ម​ស្រប​ជាមួយ​អ្នក ពោលគឺ​ដៃគូ​ដែល​ស្តាប់​គ្នា​ទៅវិញទៅមក​។ ទន្ទឹមនឹងនោះ អ្នក​ក៏ត្រូវ​ចេះ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​ផងដែរ ដើម្បី​ប្រឈម​នឹង​ការប្រកួតប្រជែង​។ ប៉ុន្តែ អ្នក​ត្រូវធ្វើ​រឿង​ទាំងនេះ ដោយ​គិតគូរ​ធ្វើយ៉ាងណា​រក្សា​នូវ​ឯករាជ្យភាព​នៃ​អាជីវកម្ម​របស់ខ្លួន​។ នេះ​ជាគោលការណ៍​របស់ខ្ញុំ​សម្រាប់​សហគ្រាស ប៉េ​ប៉េអឹម និង​ខន​ហ្វី​រែ​ល​។ តាមរយៈ​គោលការណ៍​នេះ យើង​អាច​ពង្រីក​អាជីវកម្ម​សម្រាប់​ការនាំចេញ ក្នុងនាម​ជា​សហគ្រាស​ខ្មែរ​។ ការរក្សា​សហគ្រាស​ឲ្យ​នៅតែ​ជា​សហគ្រាស​ខ្មែរ គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ព្រោះថា​ខ្ញុំ​ក៏​គិតគូរ​ផងដែរ​ពី​ឯករាជ្យភាព​របស់ខ្ញុំ​ក្នុងនាម​ជាម​នុស្ស​ប្រុស​ម្នាក់ និង​ជា​សហគ្រិន​ម្នាក់ ហើយក៏​យកចិត្តទុកដាក់​ផងដែរ​ពី​ឯករាជ្យភាព​ជាតិ​។ ដោយសារតែ​សហគ្រាស​របស់ខ្ញុំ​គិតគូរ​ពី​ហេតុផល​នេះហើយ ទើប​ខ្ញុំ​នៅតែមាន​ជំនក់​ចិត្ត​បន្តធ្វើ​វា​តែ​ទៅទៀត​៕
 
 

Tag:
 ហៃ លី​អ៊ាង​
  បទ​សម្ភាស​
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com