ជាតិ
ជប៉ុន​ជួយ​ខេត្តសៀមរាប​រៀបចំ​កម្រាល និង​ចិញ្ចើមផ្លូវ​នៅ​ផាប់​ស្ទ្រី​ត​ដើម្បី​កាត់បន្ថយ​ទឹក​ដក់​
16, Feb 2019 , 11:49 am        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប តាមរយៈ​កិច្ចព្រមព្រៀង​រវាង JICA និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានចាប់ផ្តើម​គម្រោង​សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ ដោយ​ប្រើ​បច្ចេកទេស​បេតុង​ជ្រាប​ទឹក ក្នុង​បំណង​ដើម្បី​កាត់បន្ថយ​ទឹកជំនន់ និង​ទឹក​ដក់ ដែល​តែង​កើតមាន​ជា​ញឹកញាប់​នៅក្នុង​ក្រុង​សៀមរាប​។​

 
​លោក សុខ ថុល នាយក​រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងជំនួប​នា​រសៀល​ថ្ងៃទី​១២ កុម្ភៈ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​អនុវត្តន៍​គម្រោង​សាកល្បង សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ​ជ្រាប​ទឹក​តាម​បណ្ដោយ​ផ្លូវ​២​ធ្នូ ប្រវែង​៩៣​ម៉ែត្រ ចាប់ពី​ចំណុចប្រសព្វ​ផាប់​ស្ទ្រី​ត ដល់​មុខ​ខ្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​
 
​តាម​ការបញ្ជាក់​របស់​នាយក​រដ្ឋបាល​ខេត្តសៀមរាប ក្នុងនោះដែរ លោក ទៀ សីហា អភិបាលខេត្ត​បាន​ពិនិត្យ​អំពី​បច្ចេកទេស​ខាងលើ ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន Omura Ceratec Co.,Ltd និង​បានចាត់ទុក​គម្រោង​នេះ​ថា​មាន​សារសំខាន់​ណាស់​សម្រាប់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ លោក​បន្ថែមថា ក្រៅពី​រៀបចំ​កម្រាល និង​ចិញ្ចើមផ្លូវ​តាម​បច្ចេកទេស និង​ស្ដង់ដា​ជប៉ុន​នេះហើយ​នោះ គម្រោង​នេះ​ក៏​នឹង​រៀ​បំ​បែងចែក​គន្លង​គំនូស​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ជនពិការ និង​យានយន្ត តាម​ពណ៌​កំណត់សម្គាល់​ដាច់ដោយឡែក​ផងដែរ​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ កុម្ភៈ​តទៅ ដោយ​រំពឹងថា​នឹង​រួចរាល់​ទាំងស្រុង​នៅ​អំឡុង​ខែ មិថុនា​។​
 
 
​លោក សុខ ថុល ពន្យល់ថា ប្រសិន​ណា​គម្រោង​នេះ​បាន​ជោគជ័យ រដ្ឋបាលខេត្ត​នឹង​ពិនិត្យ​ពី​លទ្ធភាព​ដើម្បី​រៀបចំ​តាមផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​បន្ថែម តែ​លោ​កថា គម្រោង​របស់ JICA នេះ ត្រូវ​ចាយលុយ​ច្រើន ដូច្នេះ​ខេត្ត​នឹង​រៀបចំ​កែច្នៃ​របៀប​ដូច​គម្រោង​នេះ ដែល​នឹង​អនុវត្តន៍​ជា​ជំហានៗ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com