ជាតិ
ព័ត៍មានសុខភាព
គួរយល់ដឹង! វិធីបង្ការជំងឺផ្សេងៗដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង
× ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា អាកាសធាតុនៅកម្ពុជាខាងមុខនេះ នឹងមានការកើនឡើងកំដៅខ្លាំង ដោយអាចលោតហក់លើសពី៤០អង្សារ ដែលជាហេតុបណ្តាលឲ្យមានជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺខ្វះចំណីអាហារ ដោយសាររាំងស្ងួតមិនមានដំណាំលូតលាស់ និងជំងឺរលោកស្បែកផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យពលរដ្ឋ ជាពិសេសកុមារ និងជនចាស់ជរាត្រូវពង្រឹងការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាប៉ះពាល់ដល់សរសៃឈាមក្នុងខួរក្បាលដែលអាចបាត់បង់ជីវិតនៅពេលដែលអាកាសធាតុឡើងក្តៅខ្លាំង ដោយត្រូវទទួលទានទឹកឲ្យបានញឹកញាប់ ដោយមិនត្រូវរង់ចាំដល់ពេលស្រេកទឹកនោះទេ។ សម្រាប់កុមារ មិនគួរញ៉ាំវត្ថុរាវដែលមានជាតិផ្អែមច្រើនពេកនោះទេ ពីព្រោះសារធាតុនេះអាចបង្កឲ្យកុមារកាន់តែបាត់បង់ជាតិទឹកច្រើន និងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំងដើម្បីជៀសវាងជំងឺរមួលក្រពើ។
«សូមពលរដ្ឋ អនុវត្តវិធីការពារ ជាពិសេសត្រូវពិសារទឹកដែលមានជាតិរ៉ែឲ្យបានញឹកញាប់ និងប្រើប្រាស់ទឹកស្អាត ឬទឹកឆ្អិន និងអនុវត្តនូវអនាម័យចំណីអាហារមានសុវត្ថិភាព ហើយត្រូវ ស្ថិតនៅក្រោមម្លប់ ឬទីកន្លែងត្រជាក់»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ជំងឺដែលងាយនឹងឲ្យមនុស្សជួបប្រទះដែលបណ្តាលមកពីអាកាសធាតុកើនឡើងកំដៅ នោះមានដូចជា ជំងឺបេះដូង សួត រាក ជំងឺខ្វះចំណីអាហារ ជំងឺតានតឹងក្នុងអារម្មណ៍(ស្ត្រេស) តប់ប្រមល់ ជំងឺរលោកស្បែកឡើងក្រហម អស់កម្លាំងខ្លាំង រមូលក្រពើ, ប៉ះពាល់ដល់សរសៃឈាមខួរក្បាល ឈឺក្បាល វិលមុខ ដង្ហើមញាប់ និងថប់ៗ បាត់បង់ស្មារតី សន្លប់ ឬបាត់បង់ជីវិតជាដើម។
ដើម្បីការពារ និងបង្ការជំងឺដែលកើតមាននៅពេលអាកាសធាតុកើនឡើងកំដៅនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំវិធានការការពារដល់សាធារណជន ត្រូវស្លៀកពាក់សំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាល និងស្លៀកពាក់រលុង លាបឡេការពារកំដៅថ្ងៃ ពាក់មួក ឬឆ័ត្រ វ៉ែនតាការពារកំដៅថ្ងៃ។ លើសពីនេះ ត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងគ្របឲ្យជិតដើម្បីបង្ការមូសខ្លាពងដាក់ដែលនាំឲ្យមានជំងឺគ្រុនឈាម៕
Tag:
ក្រសួងសុខាភិបាល
ជំងឺ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com