ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ​ថា​ដៃគូ​ខ្លួន​ស្អាត ខណៈ​ឡៅ ចិ​ត្រា ជួប​មុខ Superlek រួ​ច​ហើយ
16, Feb 2019 , 3:09 pm        
រូបភាព
កីឡាការិនី-នៅ-ស្រីពៅ-និងគូប្រកួត-នាង-Rika
កីឡាការិនី-នៅ-ស្រីពៅ-និងគូប្រកួត-នាង-Rika
​អត្ថបទ​៖ Matias Andres
 
​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅ​ក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ​នេះ នឹង​បង្ហាញមុខ​ជើង​ខ្លាំង​ទូទាំង​ពិភពលោក​ចំនួន ១២​គូ ក្នុងនោះ​មាន ២​គូ​តំណាង​ឲ្យ​កម្ពុជា​។

 
​ឡៅ ចិ​ត្រា ជើងឯក​ប្រដាល់​ប្រចាំ​ទូរទស្សន៍​បាយ័ន និង​ជា​កីឡាករ​ចំណូល​ថ្មី ONE Championship ត្រូវ​ប្រកួត​ជាមួយ Superlek ជើងឯក Muay Thai World Champion របស់​ថៃ​។ មួយគូ​នេះ​នឹង​ប្រកួត​វគ្គ ONE Super Series ប្រភេទ​ទម្ងន់ ៦២​គីឡូក្រាម​។​
 
​នៅ​សន្និសីទកាសែត ដែល​ធ្វើ​នៅ​សណ្ឋាគារ W នៅ​ទីក្រុង​បាងកក ចិ​ត្រា បានបង្ហាញ​ខ្លួន និង​បាន​ឈរ​ទល់មុខ​គ្នា​ជាមួយ Superlek រួចរាល់​ហើយ​ដែរ​។ 

                                                                 នាង Rika អំឡុងពលហ្វឹកហាត់
 
Superlek បច្ចុប្បន្ន​ជា​កីឡាករ​ល្បីល្បាញ ដែល​ត្រូវបាន​ជនរួមជាតិ​ថៃ​ចាត់​ទុកដូចជា​និមិត្តរូប​ខាង​ក្បាច់គុន Muay Thai  តែ​យ៉ាងណា​រូបគេ​ប្រាប់ថា​ត្រូវតែ​ប្រយ័ត្ន​បន្តិច​ពី​ជំនាញ​ប្រដាល់​របស់ ចិ​ត្រា ព្រោះ​មិនអាច​មើលស្រាល​បានទេ​។​
 
Superlek និយាយ​ពី ចិ​ត្រា​ថា​៖ «​គាត់​ជា​កីឡាករ​ល្អ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​មានបទពិសោធន៍​ច្រើនជាង​។ ខ្ញុំ​ដឹងថា​គាត់​ប្រើ​កែង​ល្អ ហើយ​ទាត់​ជើងឆ្វេង​ខ្លាំង​ទៀត អ៊ីចឹង​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​ត្រង់នោះ​បន្តិច ក្រៅពីនេះ​ចាំ​ស្ទាបស្ទង់​មើល​ពេល​វាយ​លើស​ង្វៀន​»​។​
 
​រីឯ​កីឡាការិនី នៅ ស្រី​ពៅ ដែល​ជាប់​ឈ្មោះ អ្នក​ប្រដាល់​នារី​ប្រចាំឆ្នាំ របស់​កម្មវិធី​ប្រដាល់​ក្បាច់គុន​មី​យ៉ាន់​ម៉ា Lethwei ក៏បាន​បង្ហាញខ្លួន​ចំពោះមុខ​អ្នក​សារពត៌មាន​មកពី​ប្រទេស​នានា ហើយក៏​បាន​ជួប​មុខ​គ្នា​ផ្ទាល់​ជាមួយ​តារា​ប្រដាល់​ស្រី​ថៃ Rika "Tinydoll" Ishige ផងដែរ​។​
 
​នាង​រៀបរាប់​ពី​អារម្មណ៍​ថា​៖ «​អត់​ភ័យ​ទេ តែ​រំភើប​ខ្លាំងពេក ឃើញ​អា​ដល​ស្អាត​ណាស់ តែ​សំខាន់​ឥឡូវ​ធ្វើ​ម៉េច​ឲ្យ​ឈ្នះ​សិន​»​។ ស្រី​ពៅ និង Rika ត្រូវ​ប្រកួត​ក្នុង​តារាង​គូ​បឋម ប្រដាល់​គុន​ចម្រុះ​ប្រភេទ​ទម្ងន់ ៤៧​គីឡូក្រាម​។ 
 
​ដោយមាន​កីឡាករ ឡៅ ចិ​ត្រា និង​នៅ ស្រី​ពៅ ប្រកួត​នៅ​ទីក្រុង​បាងកក​លើក​នេះ អាចនិយាយបាន​ថា​កម្ពុ​ជា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ច្រើន​ពីស​ង្វៀន​ធំ ONE Championship ក៏ដូចជា​ពី​ឆាក​ពិភព​គុន​ទូទៅ​ផងដែរ​។​
 
​ម្ចាស់​ក្លិប Cambodian Top Team លោក ហ៊ុន ចាន់​រាជ ក៏បាន​ធ្វើដំណើរ​ទៅ​បាងកក ដើម្បី​ជួយ​និង​លើកទឹកចិត្ត​ដល់​កីឡាករ​របស់ខ្លួន​ផងដែរ​។ 
 
​ចាន់​រាជ ពោលថា​៖«​ស​ន្និសិទ​កាសែត​ម្សិលមិញ​ល្អ​ណាស់ ហើយ​ស្រី​ពៅ នាង​រំភើប​ខ្លាំង​។ លើកទីមួយ​ហើយ​ដែល​នាង​មាន​អារម្មណ៍​ថា​ខ្លួន​នាង​សំខាន់ ហើយ​មាន​គេ​ទទួលស្គាល់​ពិតប្រាកដ​»​។​
 
​ចាន់​រាជ បន្ថែម​៖ «​ទាំងស្រី​ពៅ និង​ចិ​ត្រា ពួកគាត់​រំភើប​រីករាយ​ខ្លាំងណាស់​នៅពេល​បាន​ប្រកួត​នៅ​សង្វៀន ONE Championship នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ ដែល​យើង​មិន​ធ្លាប់​ជួប​ពីមុនមក​ឡើយ​»៕
 
 

Tag:
 ឡៅ ចិ​ត្រា​
  នៅ ស្រី​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com