ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដំឡើង​ស្លាក​ឈ្មោះ​បណ្តា​ប្រាសាទ​នានា​នៅ​រមណីយដ្ឋាន​អង្គរ​
16, Feb 2019 , 4:22 pm        
រូបភាព
ដោយ:
​​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​កំពុងតែ​ឆ្លាក់​ស្លាក​ឈ្មោះ​ប្រាសាទ​ចំនួន​១១៨ ផ្ទាំង​ដែលមាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ដែល​ធ្វើ​ពី​ថ្មភក់ នឹង​គ្រោង​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​រយៈពេល​ខាងមុខ​នេះហើយ​។ គម្រោង​ដាក់តាំង​ឈ្មោះ​ប្រាសាទ​ទាំងនេះ គឺ​ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិកា​រ ICC-Angkor​។



​នៅក្នុង​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ គឺ​បង្ហាញ​ពី​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ដូចជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រកចូល​ប្រាសាទ និង​អមដោយ​ស្លាក​សញ្ញា​(Logo)​មួយចំនួន​៤ គឺ​ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល ខាងលើ​ឈ្មោះ​ប្រាសាទ ស្លាក​សញ្ញា​យូណេស្កូ ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុងឡាអេ​ឆ្នាំ​១៩៥៤ សម្រាប់​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។ 


 
​លោក សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិ​វ​ឌ្ឃ​ទេសចរណ៍​អង្គរ បាន​បញ្ជាក់ថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​សម្រាប់​ដាក់​នៅ​ប្រាសាទ​នានា បានធ្វើ​រួចរាល់​ចំនួន​២៥​ភាគរយ​ហើយ ខណៈដែល​ផ្ទាំង​ផ្សេងទៀត​កំពុង​ស្ថិតនៅ​ក្នុងការ​ឆ្លាក់​អក្សរ លាប​ពណ៌​បេតិកភណ្ឌ​(​ពណ៌​ឈាមជ្រូក​) និង​ខ្លះទៀត​កំពុង​ឆ្លាក់​ក្បាច់លម្អ​។ 


 
​តាម​ការបញ្ជាក់​របស់​អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិ​វ​ឌ្ឃ​ទេសចរណ៍​អង្គរ ចំនួន​ផ្ទាំង​ឈ្មោះ​ទាំងអស់នេះ មិនត្រូវ​បាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​នោះឡើយ ដោយ​លោក​យល់ឃើញថា​ប្រាសាទ​ខ្លះ​មាន​ទីតាំងនៅ​ក្នុងព្រៃ​ជ្រៅ​មិនអាច​តាំង​ដាក់​បានឡើយ​។ លោក​បន្ថែមថា ទីតាំង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​គឺ​ក្រុមការងារ​របស់លោក​បាន​គិតពី​ចំណុច​៣​គឺ នៅក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើលឃើញ​សម្រាប់​ភ្ញៀវទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។ 


 
​អាជ្ញាធរ​ជាតិ​អប្សរា​ជឿជាក់​យ៉ាង​ម៉ុ​ត​មាំ​ថា គម្រោង​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ នឹង​ជួយ​ឲ្យ​ភ្ញៀវទេសចរ មាន​ភាពងាយស្រួល​ក្នុងការ​ទស្សនា​តំបន់​អង្គរ យល់ដឹង​ពី​តម្លៃ​ប្រាសាទ និង​កិត្យានុភាព​ជាតិ​៕ 




 

Tag:
 អាជ្ញាធរ​ជាតិ​អប្សរា​
 ​ប្រាសាទ​
 ​អង្គរ​
 ​ស្លាក​ឈ្មោះ​
© រក្សាសិទ្ធិដោយ thmeythmey.com