ជាតិ
សេដ្ឋកិច្ច
ចម្ការ​បន្លែ​សរីរាង្គ​២៣​ហិច​តា នៅ​ខេត្តកំពង់ស្ពឺ បាន​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​១២​ក្រុមហ៊ុន ក្នុងស្រុក​
16, Feb 2019 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ផ្ទៃដី​ដាំ​ដុះ​បន្លែ​សរីរាង្គ​ចំនួន​២៣​ហិកតា របស់​សហគម​បន្លែ​ចម្រុះ​នៅ​ជាយក្រុង​កំពង់ស្ពឺ បាន​ផ្គត់ផ្គង់​ទៅឱ្យ​ទីផ្សារ​ក្នុងស្រុក​១២​ក្រុមហ៊ុន និង​ចែកចាយ​លក់​បន្ត​ផ្សេងទៀត​។ បន្លែ​សរីរាង្គ​ទាំងនេះ ត្រូវបាន​ផ្គត់ផ្គង់​ជាប្រចាំ​៣​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដោយ​ក្នុង​មួយថ្ងៃ​មាន​ប្រមាណ​៦០០​គីឡូ​ក្រោម​។

 
​លោកស្រី យូ លន់ ប្រធាន​សហគម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ បាន​បញ្ជាក់ថា បន្លែ​សរីរាង្គ​ដែល​សមាជិក​សហគមន៍​បាន​ដាំ​មាន​២០​ប្រភេទ​។ ក្នុងនោះ​បន្លែ​ស្លឹក​មាន​១២​ប្រភេទ លក់បាន​តម្លៃ​៥​ពាន់ ទៅ​៧​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រោម និង​បន្លែ​ផ្លែ​មាន​៨​ប្រភេទ លក់បាន​តម្លៃ​៤​ពាន់ ទៅ​៨​ពាន់​រៀល​។ តម្លៃ​ទាំងនេះ គឺជា​ការចុះកិច្ចសន្យា​ថ្លៃ​រវាង​ក្រុម​ទាំងនោះ ជាមួយ​សហគម​។ 
 
​តាម​សំដី​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ AKP អ្នកស្រី​បាន​បន្តថា   ប្រជាកសិករ​នៅក្នុង​សហគម​បាន​កើនឡើង ពី​១២០​គ្រួសារ ក្នុង​ឆ្នាំ​២០១៨ ដល់ ២២០​គ្រួសារ នៅ​ដើមឆ្នាំ​២០១៩​។ កំណើន​នៃ​សមាជិក​នេះ បាន​ពង្រីក​ផ្ទៃដី និង​បង្កើន​ការដាំ​បន្លែ​សរីរាង្គ​បាន​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ពិសេស​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ទាំង​១២ ដែល​បញ្ជា​ទិញ​ជាប្រចាំ​។ បន្លែ​សរីរាង្គ​របស់​សហគម​ន៍​នេះ មាននៅ​ឃុំ​កា​ហែង ឃុំ​តាំង​ក្រូច ក្នុងស្រុក​សំរោង​ទង​, ឃុំ​ត្រែងត្រយឹង​ក្នុងស្រុក​ភ្នំស្រួច និង​ឃុំ​ហោង​សំណំ​ក្នុងស្រុក​ឱ​រ៉ា​ល់  និង​មាន​ក្នុង​សង្កាត់​កណ្តោលដុំ សង្កាត់​រកា​ធំ ក្នុង​ក្រុង​ច្បារមន​។​
 
​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​១២ ដែលមាន​ទីតាំងនៅ​ភ្នំពេញ សៀមរាប កំពង់ស្ពឺ និង ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ បាន​បញ្ជា​ទិញ​បន្លែ​ទាំងនេះ​ជាប្រចាំ​៣០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​៕
 
 

Tag:
 ជាតិ​
  កសិកម្ម​
  បន្លែ​សរីរាង្គ​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com