ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ករណី​លោក កឹម សុខា​៖ កម្ពុជា​ប្រាប់​ទូត​អាមេរិក​ឲ្យ​គោរព​អនុសញ្ញា​ក្រុង​វី​យ៉ែ​ន​ឆ្នាំ​១៩៦១
17, Feb 2019 , 6:59 am        
រូបភាព
លោក កឹម សុខា អតីតប្រធានគណបក្ស​សង្គ្រោះជាតិ។ រូបថត AFP
លោក កឹម សុខា អតីតប្រធានគណបក្ស​សង្គ្រោះជាតិ។ រូបថត AFP
ដោយ: ថ្មីៗ
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន បានចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប​ទៅនឹង​សារ​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា​។ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ស្ថានទូត​អាមេរិក បានសរសេរថា អតីត​ប្រធាន​បក្សប្រឆាំង​ជា​មនុស្ស​ស្អាត ហើយ​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​។ មួយថ្ងៃ​ក្រោយមក ការបរទេស​ខ្មែរ បាន​ក្រើនរំលឹក​ទូត​អាមេរិក​អំពី​អនុសញ្ញា​ទីក្រុង​វី​យ៉ែន​ឆ្នាំ​១៩៦១​ស្តីពី​ទំនាក់ទំនង​ការទូត ជាពិសេស ត្រង់ចំណុច ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ណាមួយ​។




​ត្រូវ​បង្ខំចិត្ត​ក្រើនរំលឹក​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ អំពី​មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត ដែលជា​ពិសេស​តម្រូវឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក គោរព​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា និង​មិនត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។​

«​គាត់ [​លោក កឹម សុខា​] ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិនមាន​ភស្តុតាង​ណាមួយ​ប្រឆាំងនឹង​គាត់​ឡើយ ហើយក៏​មិនទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​»​។ នេះ​ជា​សំណេរ​របស់​ស្ថានទូត​អាមេរិក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​

​ដោយ​ភ្ជាប់​ជាមួយ Hashtag ជា​ភាសា​អង់គ្លេស #thefullpictureKH ស្ថានទូត​អាមេរិក បាន​ចោទសួរ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា​៖ «​តើ​អ្នក​កំពុង​មើលឃើញ​រូបភាព​រួម​ទេ​?»

​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកុម្ភៈ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រតិកម្ម​តប​ថា ស្ថានទូត​អាមេរិក​អត្ថាធិប្បាយ​តែមួយ​ជ្រុង​លើ​រឿងក្តី​លោក កឹម សុខា ដែល​បង្ហាញ​នូវ​ចេតនា​បំភាន់​សាធារណៈមតិ​។​
​ក្រសួងការបរទេស បាន​វាយតម្លៃថា​៖ «​កាយវិការ​នេះ​ថា មិនមាន​លក្ខណៈ​ការទូត និង​មិន​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។ ក្រសួងការបរទេស ត្រូវ​បង្ខំចិត្ត​ក្រើនរំលឹក​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ អំពី​មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត ដែលជា​ពិសេស​តម្រូវឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក គោរព​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា និង​មិនត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​»​។​

​ជាមួយគ្នានេះ ក្រសួងការបរទេស បាន​រិះគន់​ស្ថានទូត​អាមេរិក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិច្ចប្រឹងប្រែង​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី ដោយ​បន្ថែមថា​៖ «​ទន្ទឹមនឹង​ការទាមទារ​ឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ដែលមាន​ហេតុផល​នយោបាយ និង​គ្មាន​ការទូត​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ សូមបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញា​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​នីតិរដ្ឋ និង​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នាពេល​បច្ចុប្បន្ន​»៕



Tag:
 កឹម សុខា
  ទូតអាមេរិក
  ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com