អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្ព័ន្ធភាព​អាមេរិក​-​អឺរ៉ុប​ប្រេះឆា​កាន់តែខ្លាំង ឯ​រុស្ស៊ី និង​ចិន​បានដៃ​?
18, Feb 2019 , 4:31 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ឈរនៅក្បែរអនុប្រធានាធិបតីអាមេរិកនាវេទិកាសន្តិសុខក្រុងមុយនិចដែលរៀបចំឡើងចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃ ១៧ ខែកុម្ភៈ (AFP)
អធិការបតីអាល្លឺម៉ង់ឈរនៅក្បែរអនុប្រធានាធិបតីអាមេរិកនាវេទិកាសន្តិសុខក្រុងមុយនិចដែលរៀបចំឡើងចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃ ១៧ ខែកុម្ភៈ (AFP)
​ជម្លោះ​ពាក្យសម្តី​កើត​ឡើងជា​ចំហ​រវាង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​អាល្លឺម៉ង់​នៅ​វេទិកា​សន្តិសុខ​ក្រុង​មុយ​និ​ច ចុង​សប្តាហ៍​កន្លងទៅ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការបែកបាក់​គ្នា​កាន់តែខ្លាំង​រវាង​សម្ព័ន្ធមិត្ត​ប្រពៃណី​។ មេដឹកនាំ​អឺរ៉ុប​ខ្លះ​បាន​ព្យាករ​ជាមុន​ថា សម្ព័ន្ធភាព​អឺរ៉ុប និង​អាមេរិក​ដែល​រឹងមាំ​ចាក់ទឹកមិនលិច​នោះ​នឹង​លែង​ស្អិតល្មួត​ដូច​មុន​ទៀតហើយ​នៅពេល​អនាគត បើទោះជា​មានការ​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​អាមេរិក​ក្តី​។ ឯ​អ្នកជំនាញ​ខ្លះ​​ក៏​ព្រមាន​ជាមុន​ដែរ​ថា ទំនាក់ទំនង​ប្រេះឆា​រវាង​សម្ព័ន្ធមិត្ត​នេះ​នឹង​បើកទ្វារ​កាន់តែ​ធំ​សម្រាប់​មហាអំណាច​ដូចជា​ចិន និង​រុស្ស៊ី​ទាញ​ប្រយោជន៍ និង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​ទៀត​។


 
​ខុសពី​សព្វមួយដង​នា​វេទិកា​សន្តិសុខ​អន្តរជាតិ​ទីក្រុង​មុយ​និ​ច​ឆ្នាំ ២០១៩ សប្តាហ៍​មុន លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្គែ​ល អធិការបតី​អាល្លឺម៉ង់​បានផ្តល់​សុន្ទរកថា ទិតៀន​ខ្លាំងៗ និង​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​សកម្មភាព​ឯកតោភាគី​និយម​របស់​មហាអំណាច​ជា​ដៃគូ​ជាពិសេស​រដ្ឋបាល​អាមេរិក​ដោយ​គ្មាន​ការប្រឹក្សា​យោបល់ និង​មិន​ខ្វល់​ពី​ប្រយោជន៍​សម្ព័ន្ធមិត្ត​។​
 
​មេដឹកនាំ​អាល្លឺម៉ង់​រូបនេះ​បាន​លើកយក​បញ្ហា​ដែល​កើតមាន​កន្លងមក​ដូចជា​ការប្រកាស​ដកទ័ព​អាមេរិក​ពី​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន រួម​ជាមួយនិង​ការដកខ្លួន​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី​ឆ្នាំ ១៩៨៧​ក្នុង​រដ្ឋបាល​ដឹកនាំ​របស់លោក រ៉ូ​ណា​ល់ រី​ហ្គែ​ន ផង​នោះ​ជា​ឧទាហរណ៍​ផង​។​
 
​ស្ត្រី​ខ្លាំង​អាល្លឺម៉ង់​បាន​និយាយ​ទាំង​ក្តីបារម្ភ​ថា អឺរ៉ុប​អង្គុយ​នៅទីនេះ​ដើម្បី​រងចាំ​ចាំ​ទទួលរង​ផលប៉ះពាល់ ហើយ​ការ​ដកទ័ព​ចេញពី​ស៊ី​រី​មិន​ខុសពី​ជួយ​ឲ្យ​រុស្ស៊ី និង​អ៊ីរ៉ង់​កាន់តែ​ឡើងចាង​ក្នុង​សង្គ្រាម​ស៊ី​រី​ឡើយ​។ គួរ​ឲ្យ​កត់សម្គាល់​ប្រមុខ​ការទូត​បារាំង Jean-Yves Le Drian ដោយ​មិនបាន​បង្អង់​យូរ​ទេ ប្រញាប់​គាំទ្រ​ការយល់ឃើញ​របស់​មេដឹកនាំ​អាល្លឺម៉ង់​ដែរ​។​
 
-​ប្តូរ​ជំហរ​នយោបាយ​ការបរទេស​របស់​អាមេរិក​ប៉ះពាល់​សម្ព័ន្ធភាព​ជាមួយ​អឺរ៉ុប​ខ្លាំង​
 
​ដោយឡែក ក្នុង​វេទិកា​ជាមួយគ្នានេះដែរ អនុ​ប្រ​ធានា​ធិ​ប​តិ ម៉ៃ ផេ​ន ដែល​តំណាង​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បន្ត​សុន្ទរកថា​ក្រោយ​លោកស្រី​នោះ ហាក់​មិន​ខ្វល់​ពីស​ម្តី​របស់​មេដឹកនាំ​អឺរ៉ុប​ឡើយ​។ មេដឹកនាំ​អាមេរិក​រូបនេះ​ថែម​ឆ្លៀត​ទាមទារ​ទាំង​បង្ខំ​ឲ្យ​រដ្ឋ​អឺរ៉ុប​ដកខ្លួន​ចេញ​ជា​ប្រញាប់​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (JPCOA) ឆ្នាំ ២០១៥ ទៀត​ដើម្បី​កៀប​អ៊ីរ៉ង់​។ 
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា មុន​មកដល់​មុយ​និ​ច លោក ផេ​ន បាន​ចូលរួម​ក្នុង​វេទិកា​សន្តិសុខ​នៅ​វ៉ា​សូវី ប៉ូឡូញ ដែរ ហើយ​ក្នុងពេលនោះ​មេដឹកនាំ​រូបនេះ​ថែម​ប្រើ​វេទិកា​នេះ​វាយប្រហារ​ជា​ចំហ​លើ​រដ្ឋ​អឺរ៉ុប បារាំង អង់គ្លេស និង​អាល្លឺម៉ង់ និង​ចោទថា​មហាអំណាច​ទាំងនេះ​កំពុង​ប៉ុនប៉ង​បំផ្លាញ​ទណ្ឌកម្ម​អាមេរិក​ដែល​ដាក់​ឡើងវិញ​ប្រឆាំង​អ៊ីរ៉ង់​ទៀត​។ គ្មាន​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​មេដឹកនាំ​អឺរ៉ុប​នៅ​វេទិកា​ក្រុង​វ៉ា​សូវី​ឡើយ ដោយសារ​គេ​ដឹង​មុន និង​មិន​ចង់​ច្រឡូកច្រឡំ​មាត់​ជាមួយ​អាមេរិក​រឿង​អ៊ីរ៉ង់​នេះ​ផង​។ កន្លងមក រដ្ឋ​អឺរ៉ុប​ខឹងសម្បារ​មិន​ស្ទើរ​ទេ ដ្បិត​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​កន្លងមក​ធ្វើទុក្ខ​ក្រុមហ៊ុន​អឺរ៉ុប​ខ្លាំងណាស់​។ 
 
​ឆ្លើយតប​នឹង​ការទាមទារ​របស់​សម្ព័ន្ធ​មិត្ត លោកស្រី មឺ​ហ្គែ​ល បានបញ្ជាក់​ច្បាស់ៗ​ជាថ្មី​ថា រដ្ឋ​អឺរ៉ុប​ជា​សម្ព័ន្ធមិត្ត​អាមេរិក​នៅតែ​បន្ត​ចាត់ទុកថា កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ជា​លិខិតបទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​ដ៏​សំខាន់បំផុត​មួយ​ដែល​អាច​ធានា​សន្តិសុខ​អឺរ៉ុប និង​អាច​រក្សាបាន​នូវ​ការ​រីកសាយ​ភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​លើ​សាកលលោក​ថែមទៀត​។​
 
​ដោយឡែក អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ផេ​ន ព្យាយាម​អួត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ការដឹកនាំ​របស់​ចៅហ្វាយនាយ​ខ្លួន​កន្លងមក​ក្នុង​ការស្ដា​ភាពជា​អ្នកដឹកនាំ​របស់​អាមេរិក​លើ​ប្រទេសលោកខាងលិច​ថែមទៀត​នា​វេទិកា​សន្តិសុខ​ដ៏​តឹងតែង​នេះ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ គ្មាន​អ្នកណា​យល់ស្រប​នឹង​ការលើកឡើង​នេះឡើយ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន New York Times របស់​អាមេរិក​បាន​ស្រង់​សម្តី តំណាងរាស្ត្រ​ហូ​ឡង់​ដែលជា​សមាជិកសភា​អឺរ៉ុប Marietje Schaake ថា រដ្ឋ​អឺរ៉ុប​ចាត់ទុក​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ជាដើម​ហេតុដែល​បង្ក​ឲ្យ​មាន​បញ្ហា​តានតឹង និង​ធ្វើ​ឲ្យ​លោកខាងលិច​អន់​ខ្សោយ​ខ្លាំង​ទៅវិញ​ទេ​។​
 
​តាមពិតទៅ សម្តី​រិះគន់ និង​ដាក់​គំនាប​លើ​អឺរ៉ុប​ដោយ​តាំងខ្លួន​ដូចជា​មេ​កើយ​ជាជាង​សម្ព័ន្ធមិត្ត របស់លោក ផេ​ន អាច​ឲ្យ​គេ​កាត់​ន័យ​យល់បាន​ថា សរសរ​ស្តម្ភ​នៃ​នយោបាយ​ការបរទេស​អាមេរិក​ប​ច្ចុ​ប្បន្ន​ផ្លាស់ប្តូរ​ទាំងស្រុង​ដោយ​ផ្អែកលើ​មូលដ្ឋាន​សំខាន់ៗ​មួយចំនួន​គឺ តម្កល់​ប្រយោជន៍​ខ្លួន​ជាធំ​, ធ្វើ​ឲ្យ​អ៊ីរ៉ង់​ឯកោរ​, ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ត្រដែត​ឡើង​របស់​មហាអំណាច​ដូចជា​ចិន និង​រុស្ស៊ី​, នាំ​ទ័ព​អាមេរិក​ត្រឡប់មក​អាមេរិក​វិញ និង​ទាមទារ​ឲ្យ​មហាអំណាច​អឺរ៉ុប​ធ្វើតាម​ការចង់បាន​រប​ស់​ខ្លួន​ដោយ​ទទួលខុសត្រូវ​ចំពោះ​សន្តិសុខ​ខ្លួនឯង​វិញ​។  
 
​យ៉ាងណាមិញ ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្តូរ​ជំហរ​នយោបាយ​ការបរទេស​នឹងធ្វើ​ឲ្យ​សម្ព័ន្ធភាព​ដែលមាន​រាប់​ចាប់ពី​ចប់​សង្គ្រាមលោកលើកទីពី​រ​កាន់តែ​ឃ្លាតឆ្ងាយ និង​បើកចំហ​ទ្វារ​សម្រាប់​មហាអំណាច​ខាងក្រៅ​ដូចជា ចិន និង​រុស្ស៊ី ទាញ​ប្រយោជន៍​ខ្លាំង​ថែមទៀត​ផង​។ របាយការណ៍​ស្ទង់​មតិ​ដែល​ចងក្រង​ឡើង​ដោយ Pew Research Center  បង្ហាញ ប្រជាជន​អាល្លឺម៉ង់​បច្ចុប្បន្ន​ជឿជាក់ថា មេដឹកនាំ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​មេដឹកនាំ​ចិន ស៊ី ជិន​ភីង អាចដឹកនាំ​និង​ដោះស្រាយ​កិច្ចការ​ពិភពលោក​ប្រសើរ​ជាង​លោក ដូ​ណា​ល់ ត្រាំ ឆ្ងាយ​។ វា​ក៏​មានន័យថា ប្រជាជន​អឺរ៉ុប​កាន់តែ​ទុកចិត្ត​លើ​រុស្ស៊ី និង​ចិន ជាង​ទុកចិត្ត​អាមេរិក​ដែរ​។ 
 
-​គ្មាន​ផ្លូវ​ត្រឡប់ក្រោយ​នៃ​សម្ព័ន្ធភាព​ជិតស្និទ្ធ​រវាង​អឺរ៉ុប និង​អាមេរិក​?
 
​របាយការណ៍​សន្និសីទ​សន្តិសុខ​ក្រុង​មុយ​និ​ច​បាន​វាយតម្លៃថា ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ឥទ្ធិពល​នៃ​ប្រទេស​អំណាច​ដូចជា ចិន រុស្ស៊ី និង​អាមេរិក​នោះ គ្មាន​ប្រទេស​ណាមួយ​ដែលមាន​ឆន្ទៈ និង​មាន​សមត្ថភាព​ចេញមុខ​ការពារ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ឡើយ​។ 
 
​វារឹតតែ​ជា​បញ្ហា​ធំ​ទៅទៀត នៅពេលដែល​មហាអំណាច​អាមេរិក​ដែល​ធ្លាប់ជា​អ្នកការពារ​សម្ព័ន្ធ​និង​សណ្តាប់ធ្នាប់​សេរី​នោះ បែរខ្នង​ទៅ​អនុវត្ត​នយោបាយ​ឯកតោភាគី​និយម និង​ខ្វល់​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​។  
 
​យ៉ាងណាក៏ដោយ មេដឹកនាំ​រដ្ឋ​អឺរ៉ុប​ខ្លះ​នៅតែ​បង្ហាញ​សុ​ទិដ្ឋិ​យម​ថា គ្រប់យ៉ាង​នឹង​ត្រឡប់​ទៅរក​ស្ថានភាព​ដើម​វិញ​ពេលដែល​មានការ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​សេ​វិមាន​អាមេរិក​។ រដ្ឋ​ទាំងនោះ​កំពុង​រង់ចាំ​ដោយ​ការអត់ធ្មត់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត ដោយ​មិន​ហ៊ាន​បញ្ចេញ​ឥរិយាបថ ឬ​ពាក្យសម្តី​ណាមួយ​ដែល​ប៉ះពាល់​ដល់​លោក ត្រាំ ឬ​នយោបាយ​ការបរទេស​ជារួម​ឡើយ ព្រោះ​អាច​នឹង​បណ្តាល​ឲ្យ​បញ្ហា​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​។​
 
​ប៉ុន្តែ​មេដឹកនាំ​អឺរ៉ុប​ខ្លះទៀត​ព្យាករ​ថា សម្ព័ន្ធភាព​រវាង​អាមេរិក និង​អឺរ៉ុប លែង​ត្រឡប់​មករក​ស្ថានភាព​ដើម ទៀតហើយ បើ​ទោះ​វា​នឹងមាន​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​អាមេរិក​ក៏ដោយចុះ​។​
 
​លោក Norbert Röttgen ប្រធាន​គណៈកម្មាធិការ​ការបរទេស​នៃ​សភា​អាល្លឺម៉ង់​បាន​និយាយ​ដូច្នេះ​៖ «​នៅ​សម័យ​ក្រោយ​ការដឹកនាំ​របស់លោក ត្រាំ វា​នឹងមាន​មិន​មានការ​ត្រឡប់ក្រោយ​វិញ​ទេ​នៃ​សម្ព័ន្ធភាព​ជិតស្និទ្ធ​រវាង​អឺរ៉ុប និង​អាមេរិក​ដូច​មុន​ការឡើង​កាន់អំណាច​រប​ស់លោក ត្រាំ ឡើយ​។ ស្ថានភាព​ដែល​ធ្លាប់​កើតមាន​គឺ អាមេរិក​ធ្លាប់ជា​អ្នក​ឃុំគ្រង និង​ការពារ​សន្តិសុខ​អឺរ៉ុប​ទាំងមូល​។ ប៉ុន្តែ​វា​នឹងមិន​កើតមាន​ឡើងវិញ​ឡើយ​»៕
 

Tag:
 អាមេរិក​
  អាល្លឺម៉ង់​
  ចិន​
  រុស្ស៊ី​
  សន្និសីទ​សន្តិសុខ​ក្រុង​មុយ​និ​ច​
  ម៉ៃ ផេ​ន
© រក្សាសិទ្ធិដោយ thmeythmey.com