ជាតិ
តំបន់​មួយចំនួន នៅក្នុង​ខេត្ត​៦ កំពុង​ខ្វះ​ទឹក​ប្រើប្រាស់
18, Feb 2019 , 11:39 pm        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តំបន់​មួយចំនួន នៅក្នុង​បណ្ដា​ខេត្ត​ចំនួន​៦ កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​។​

 
​លោក ចាន់ យុ​ត្ថា បាន​និយាយថា ការខ្វះ​ទឹក​ប្រើប្រាស់​នេះ បណ្ដាលមកពី​អាកាសធាតុ​រាំងស្ងួត ប៉ុន្តែ​វា​មិន​បង្ក​ឲ្យ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នោះទេ ។ នោះ​ក៏​ព្រោះតែ​ក្រសួង​ធនធានទឹក និង​អង្គភាព​ពាក់ព័ន្ធ បាន​ចុះ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទឹក​នេះ ជូន​ប្រជាពលរដ្ឋ​ជា​ដំណាក់កាល​ហើយ​។​
 
​តំបន់​មួយចំនួន​ដែល​កំពុង​ប្រឈម​ការខ្វះ​ទឹក​ប្រើប្រាស់ គឺ​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង កំពង់ធំ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កោះកុង និង​ព្រៃវែង​។  ត្រង់ចំណុច​នេះ​លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង​២៨០០០​ពាន់​គ្រួសារ ដែល​ស្ថិតនៅ​ក្នុងស្រុក​កោះ​ក្រឡ និង​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ ដោយសារ​ប្រភពទឹក​ក្នុងស្រុក​នេះ​បាន​រីងស្ងួត​។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​អាជ្ញាធរ​ដោះស្រាយ​ហើយ ដោយ​ពួកគេ​ដឹកជញ្ជូន​ទឹក​ពី​ស្រុក​រតនមណ្ឌល មាន​ចំងាយ​ប្រមាណ​ជាង​១០០​គីឡូ​ម៉ែត ដើម្បី​ចែកចាយ​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ទាំងពីរ​នេះ​។ 
 
​ងាក​មក​បញ្ហា​ទឹក​នៅក្នុង​ស្រុក​ស្ទូង ខេត្តកំពង់ធំ វិញ ក៏​ជួប​បញ្ហា​ទឹកស្ទឹង​រីងស្ងួត​ដាច់​ជា​កង់ៗ​ដែរ​។ ប៉ុន្តែ​ជា​ដំណោះស្រាយ​នោះ រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក បាន​ប្រើ​គ្រឿងចក្រ​កាយ​នៅតាម​បាត​ស្ទឹង ដើម្បី​ប្រមូល​ទឹក​ដែលមាន​នៅសល់​និង​ចេញពី​ក្រោម​ដី​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​។ ចំណែក​ប្រជាពលរដ្ឋ ក៏បាន​បូមទឹក​ដែល​ចេញមក រក្សាទុក​សម្រាប់​ប្រើ​ផងដែរ​។ 
 
​ដោយឡែក​ខេត្តកោះកុង ខាង​មន្ទីរ​ធនធានទឹក និង​អាជ្ញាធរខេត្ត បាន​ដឹកជញ្ជូន​ទឹក​ទៅតាម​កន្លែង​ដែល​ជួបនឹង​បញ្ហា​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ហើយ ខណៈ​ខេត្តព្រៃវែង កំពុង​រង​នូវ​ការ​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ ជាពិសេស​នៅ​តំបន់​ស្រុក​មេសាង​។ រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក បានរៀបចំ​អណ្ដូង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​រីឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ព្រះវិហារ គឺមាន​ការខ្វះ​ទឹក​ប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​។ ដើម្បី​ជា​ដំណោះស្រាយ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខាង​មន្ទីរ​ធនធាន​ទឹកបាន​ដឹកជញ្ជូន​ទឹក​មួយ​ថ្ងៃមួយ​ជើង​មានទឹក​១០​ម៉ែត្រគូប រហូតដល់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។ សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង​វិញ រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក​លោក លឹម គានហោ បាន​ជីក​ស្រះ​ទំហំ​១​ហិកតា ដើម្បី​រក្សា​ប្រភពទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​។ ចំណែក​ពន្ធនាគារ​ខេត្តព្រះវិហារ​វិញ គឺមាន​ការបុក​អណ្ដូង​ពី​៨០​ម៉ែត្រ​ទៅជា​ង​១០០​ម៉ែត្រ ក្នុងនេះ​មួយ​ម៉ោង​អាច​ចេញ​ទឹក​ប្រមាណ​ជាង​៣​ម៉ែត​គូប​។ ហើយ​ក្នុង​រយៈពេល​១០​ម៉ោង អាចមាន​ទឹក​ជាង​៣០​ម៉ែត្រគូប ដើម្បី​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ឃុំ​ពន្ធនាគារ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចាន់ យុ​ត្ថា​។​
 
​នៅ​រដូវប្រាំង​ចាប់ពី​ខែមេសា ដល់​ខែឧសភា ឆ្នាំ​២០១៩ កម្ពុជា​នឹងមាន​បាតុភូត «​អែល​នី​ណូ​» ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ក្តៅ​ហួតហែង សីតុណ្ហភាព​អាច​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា និង​មាន​ភ្លៀង​កក់ខែ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ដែលជា​មូលហេតុ​នាំ​ឲ្យ​ប្រជាកសិករ​ប្រមូល​ផលដំណាំ​បាន​តិចជាង​រាល់​ឆ្នាំ​ផងដែរ​។​ករណីនេះ រាជរដ្ឋាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ​ទាំងអស់ ជាពិសេស​កសិករ គួរ​គប្បី​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ និង​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ក្រៅពី​ដំណាំ​ស្រូវ​ជាដើម​៕

Tag:
 ខ្វះ​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com