ដោយ៖ Matias Andres
អ្នកប្រយុទ្ធក្នុងទ្រុងជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលមានឈ្មោះបោះសំឡេងខ្លាំងលើសង្វៀន ONE Championship នឹងបង្ហាញខ្លួនម្តងទៀតក្នុងព្រឹត្តិការណ៍ ONE Warrior Series 4 ថ្ងៃទី២៨ ខែកុម្ភៈ នៅសិង្ហបុរី។
កីឡាករវ័យ ៣២ឆ្នាំដែលសព្វថ្ងៃមានទីលំនៅក្នុងរាជធានីភ្នំពេញ នឹងត្រូវតទល់ជាមួយកីឡាករ Devon Morris ដែលជាជំនួបដ៏ធំមួយ
ក្នុងសង្វៀនធំប្រចាំតំបន់អាស៊ាននេះ។
Onyedikachi និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ច្រើនគ្រាន់បើដែរ តែសម្រាប់ខ្ញុំគឺចូលចិត្តអ៊ីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ។ ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតនោហ ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ»។
រីឯ Morris គឺជាកីឡាករតំណាងក្លិប Phuket Top Team ដែលបច្ចុប្បន្នរូបគេមានប្រវត្តិឈ្នះ ៧ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ត្រឹមទឹកទី១៦លើក និងឈ្នះពិន្ទុមួយលើក។
បើទោះមានប្រវត្តិប្រកួតល្អយ៉ាងនេះក្តី ប៉ុន្តែអ្នកលេងគុនចម្រុះនីហ្សេរីយ៉ាមកពីក្លិបប្រដាល់អាជីព «សិល្បៈ» ដែលមាន ចាន់ រតនា ជាគ្រូនោះ ថារូបគេមិនញញើតនឹងសាកថ្វីដៃជាមួយគ្រប់គូប្រកួតខ្លាំងៗបែបនេះឡើយ។
Onyedikachi ប្រាប់ពីអារម្មណ៍នៅមុនការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ អាចនិយាយថា ដូចគោព្រៃប៉ះគោព្រៃអ៊ីចឹង វាច្បាស់ជាផ្អើលសង្វៀនមិនខាន»។
Emmanuel Onyedikachi រហូតមកដល់ពេលនេះមានកំណត់ត្រាឈ្នះ ៣ដងជាប់ៗគ្នា ហើយចាប់ល្បីខ្លាំងពេលផ្តួលជើងខ្លាំងឥណ្ឌា Sandeep Kumar Dahiya ក្នុងទឹកទី១។
ក្រៅពីរវល់ហ្វឹកហាត់ពង្រឹងកម្លាំងបន្ថែម អ្នកប្រដាល់នីហ្សេរីយ៉ារូបនេះ ក៏មានភាពមមាញឹកខ្លាំងក្នុងជីវិតក្រៅសង្វៀនផងដែរ។ គាត់បានកសាងគ្រួសារផ្ទាល់ខ្លួន ដោយទើបបានរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ហើយបន្តិចទៀតជិតក្លាយជាឪពុកគេផងដែរ។
មួយរយៈចុងក្រោយនេះ មានរឿងជាច្រើនបានកើតឡើងក្នុងជីវិតរបស់គេផងដែរ ដែលធ្វើឲ្យ Onyedikachi ក្លាយជាមនុស្សផ្លាស់ប្តូរខុសពីមុនសឹងទាំងស្រុង។ បុរសម្នកា់នេះ នឹងក្លាយជាឪពុកគេហើយ ដូច្នេះវារឹតតែធ្វើឲ្យគេកាន់តែឆាបឆួលក្នុងការពង្រឹងអាជីពថែមទៀត។
សព្វថ្ងៃក្រៅពីអាជីពប្រដាល់ Onyedikachi ក៏ជាឯកអគ្គរាជទូតតំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា Awareness Cambodia។ អ្នកប្រដាល់រូបនេះ នឹងបោះជំហានដើរចូលទ្រុងប្រយុទ្ធម្តងទៀត ដោយមានការគាំទ្រពេញទំហឹងពីក្មេងៗ និងបុគ្គលិកនៅអង្គការដែលគោរពរាប់អានខ្លួន រួមជាមួយគ្រួសាររបស់គាត់ផងដែរ។
«ពេលខ្ញុំដើរចូលទ្រុង ខ្ញុំដឹងថាខ្ញុំវាយដើម្បីគ្រួសារ។ ខ្ញុំមិនវាយសម្រាប់តែខ្លួនឯងទៀតទេ តែគឺវាយដើម្បីកុមារក្រីក្រទាំងនោះ សម្រាប់គ្រួសារ និងសម្រាប់កូនរបស់ខ្ញុំដែរ»។
Emmanuel រៀបរាប់ពីជីវិតដ៏លំបាកវេទនាពេលមកដល់កម្ពុជាដំបូង ប៉ុន្តែគាត់ចង់យកឱកាសនេះបង្ហាញដល់ជនរួមជាតិកម្ពុជាទាំងអស់ថា អ្នកណាក៏អាចផ្លាស់ប្តូរជីវិតខ្លួនឯងបានដែរ បើសិនយើងចេះខិតខំតាំងចិត្ត ហើយចេះបណ្តុះស្មារតីវិជ្ជមានជានិច្ច។
Onyedikachi រំលឹកឃ្លាដែលគាត់ចូលចិត្តដូច្នេះថា៖«គ្រាន់តែពេលខ្ញុំគិតថាពិភពលោកទាំងមូលកំពុងលេងសើចនឹងខ្ញុំ ស្រាប់តែអ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំជឿថាឆ្នាំ ២០១៩ ជាឆ្នាំពិសេសបំផុតរបស់ខ្ញុំ»៕