ជាតិ
រូបត្លុក
តៀមកាហ្វេថ្មីៗ៖ បម្រាមរោងការ និងផ្សារលើទ្រូងផ្លូវ ត្រូវអនុវត្តនៅតាមផ្លូវជាតិដែរ
× ថ្ងៃនេះអាសុធីរ សប្បាយចិត្ត ព្រោះសាលារាជធានីចេញវិធានការបំបាត់រោងការ រោងបុណ្យពីលើទ្រូងផ្លូវក្នុងរាជធានី។
សុធីរ៖ អញសែនពេញចិត្តចំពោះរឿងលុបបំបាត់រោងការ រោងបុណ្យដែលបិទផ្លូវនៅក្នុងក្រុង។ នៅ៥ខែទៀតបានអនុវត្ត វាយូរបន្តិចមែន តែឲ្យតែធ្វើមែន។
សំណាង៖ អញជាមន្ត្រី អញក៏ចង់ឲ្យអស់លោករដ្ឋមន្ត្រី មេខេត្ត មេក្រុង ថាអ្វី ធ្វើហ្នឹងដែរ។ អាថាហើយ អត់ធ្វើ ឬធ្វើមិនចេញ ធ្វើមិនកើតហ្នឹង ប្រជាជនធុញស្តាប់ណាស់។ ប្រជាជនឥឡូវសុទ្ធតែចេះដឹង យល់ការណ៍ទាំងអស់ហ្នឹង គ្រាន់តែគេមិននិយាយ។
សុធីរ៖ មើលទៅអ្ហែង ដូចចង់និយាយច្រើនថ្ងៃនេះ?
សំណាង៖ រឿងរៀបចំពិធីនៅដងផ្លូវនេះ គួរតែដល់ពេលត្រូវបញ្ចប់ហើយ។ រោងការ រោងបុណ្យ ការរៀបចំពិធីផ្សេង នៅតាមផ្លូវជាតិ វាជារឿងគ្រោះថ្នាក់ណាស់។ អ្ហែងគិតមើល បើរថយន្តមួយ បរចូលក្នុងរោងពិធី? មួយទៀត រឿងទីតាំងផ្សារនៅតាមផ្លូវជាតិ។ ស្ទះចរាចរណ៍ផង ធ្វើឲ្យកខ្វក់ផ្លូវថ្នល់ផង។ អ្នកលក់ អ្នកទិញ នៅតែលើចិញ្ចើមផ្លូវ។ រថយន្តដែលបរនៅលើផ្លូវជាតិមិនដែលយឺតទេ។ មិនបាច់ទៅមើលដល់ខេត្តទេ ត្រឹមផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅនេះ ក៏មានផ្សារនៅដងផ្លូវដែរ។
សុធីរ៖ តែដូចមិនដែលបញ្ហាអ្វីផង? ធម្មតាអ្នកបើកបរ គាត់ឃើញផ្សារមនុស្សច្រើន គាត់បន្ថយល្បឿនហើយ។
សំណាង៖ អ្ហែងរង់ចាំឃើញ រថយន្តមួយបរចូលរោងបុណ្យសិន? រថយន្តមួយជ្រុលចង្កូតចូលក្នុងទីប្រជុំជនផ្សារសិន? ចាំសោកនាដកម្មមួយកើតឡើងសិន ចាំប្រកាសចាត់វិធានការ?
សុធីរ៖ អូខេ អញយល់ស្រប។
© រក្សាសិទ្ធិដោយ thmeythmey.com