អត្ថបទ៖ Matias Andres
កីឡាករប្រដាល់កម្ពុជា ខុន ស៊ីចាន់ តាំងចិត្តថានឹងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីផ្តួលដៃគូរបស់គេសម្រាប់ការប្រកួតក្នុងសង្វៀននៅសិង្ហបុរី នាថ្ងៃសុក្រ ទី២២ ខែកុម្ភៈនេះ។
ជើងឯកកម្ពុជា Khmer Warrior Challenge (KWC) នឹងត្រូវប៉ះកីឡាករឥណ្ឌូណេស៊ី Rudy Agustian ក្នុងការប្រកួតគុនចម្រុះ (MMA) នៃព្រឹត្តិការណ៍
ONE: CALL TO GREATNESS។
ខុន ស៊ីចាន់ មិនបានឡើងប្រកួតក្នុងទ្រុងអស់រយៈពេលជាង១ឆ្នាំទៅហើយប៉ុន្តែរូបគេនៅតែមានស្មារតីល្អ និងទំនុកចិត្តខ្ពស់ ដោយសារបានហ្វឹកហាត់ត្រៀមជាមួយគ្រូបង្វឹកជំនាញៗ ក៏ដូចជាជាមួយកីឡាករលំដាប់ខ្ពស់របស់កម្ពុជាផងដែរ។
ស៊ីចាន់ និយាយមុនពេលទៅប្រកួតថា៖ «ជិតដល់ថ្ងៃទៅប្រកួតនៅសិង្ហបុរី ខ្ញុំត្រៀមខ្លួនអស់ហើយ ទាំងការហាត់បច្ចេកទេស និងកម្លាំង។ ខ្ញុំត្រៀមខ្លួនប្រឹងឲ្យអស់ពីសមត្ថភាព អត់ខ្លាចគេទេ»។
ស៊ីចាន់ ដែលមានស្រុកកំណើតនៅខេត្តឧត្តមានជ័យ បានមកបោះជុំរុំហ្វឹកហាត់ប្រដាល់នៅរាជធានីភ្នំពេញជាមួយគ្រូបង្វឹកជនជាតិស្កុតឡែនលោក Alan Mccune។
លោក Alan Mccune
ខណៈដែលត្រូវប៉ះជើងខ្លាំងខាង MMA ស៊ីចាន់ រៀបរាប់ថាខ្លួនប្រឹងប្រែងហាត់ក្បាច់សេរីជាពិសេសគឺក្បាច់គុនចម្រុះតែម្តង។ «រាល់ថ្ងៃ ខ្ញុំខំហាត់ខ្លាំងជាងគេគឺក្បាច់សេរី ខ្ញុំចេះច្រើនហើយ តែប៉ះគូវាយលើកនេះគឺគេល្អ MMA អីចឹងខ្ញុំហាត់MMAការពារហើយ គឺខ្ញុំនឹងវាយសេរីច្រើនជាង ដើម្បីកុំឲ្យគេចូលប្រើក្បាច់MMAបាន»។
ពីក្រោយការហាត់រៀនបន្ថែមពីលើក្បាច់ចាប់ក្លេរ គឺមានលោក Fernando Salvador គ្រូបង្វឹកម្នាក់ទៀតដែលមានប្រវត្តិជាជើងខ្លាំង ជីជីតស៊ូ ម្ចាស់ខ្សែក្រវាត់ខ្មៅ។ Salvador មានបទពិសោធន៍ជាគ្រូបង្វឹកក្បាច់ក្លេរជិត ៣០ឆ្នាំមកហើយ។ ក្រៅពីនោះ ស៊ីចាន់ បានកម្លាំងចិត្តខ្លាំងថែមទៀត ព្រោះទើបទទួលបានសមាជិកកូនប្រុសម្នាក់ទៀតក្នុងគ្រួសារ។
«ឥឡូវកូនពីរហើយ អ៊ីចឹងខ្ញុំត្រូវទៅវាយដើម្បីយកប្រាក់មកចិញ្ចឹមប្រពន្ធកូន ព្រោះប្រភពចំណូលបានតែតាមហ្នឹងទេ! នៅពេលដែលខ្ញុំចេញវាយម្តងៗ ប្រពន្ធខ្ញុំជំរុញឲ្យខ្ញុំខំវាយរហូត»។
រីឯដៃគូររបស់ ស៊ីចាន់ កីឡាករ Agustian សព្វថ្ងៃមានប្រវត្តិឈ្នះ២ដងជាប់គ្នា នៅក្នុងទ្រុងធំ ONE Championship។ ទោះយ៉ាងនេះក្តី ស៊ីចាន់ មិនព្រួយបារម្ភថាគេមានប្រៀបជាងឡើយ។ ផ្ទុយទៅវិញ ស៊ីចាន់ ស្វាគមន៍ជានិច្ចហើយចាត់ទុកថានេះជាឱកាសល្អមួយដើម្បីបង្ហាញពិភពលោកពីភាពខ្លាំងរបស់ក្បាច់គុនបុរាណខ្មែរ។
ស៊ីចាន់ បន្តថា៖ «ខ្ញុំធ្លាប់វាយបានច្រើនដងដែរ គ្រាន់តែលើកនេះប៉ះដៃគូខ្លាំង ប៉ុន្តែខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចអីទេ គឺខ្ញុំមានតែប្តេជ្ញាខំប្រឹងយកឈ្នះការប្រកួតនេះប៉ុណ្ណោះ»។
ការប្រកួតរវាង ស៊ីចាន់ និង Agustian នឹងចាប់ផ្តើមក្នុងព្រឹត្តិការណ៍ ONE: Call to Greatness បន្ទាប់មក នឹងមានកីឡាករចំនូលថ្មីកម្ពុជាម្នាក់ទៀតគឺ គង់ សំបូរ មកពីក្លិប «អាណាចក្រប្រយុទ្ធ»។ កីឡាករកម្ពុជាពីររូបនេះ នឹងបញ្ចេញស្នាដៃប្រកួតតំណាងឲ្យប្រទេសជាតិខ្លួន។
«សូមឲ្យបងប្អូនជួយគាំទ្រកីឡាករពេលប្រកួត ទោះចាញ់ឈ្នះក្តីសូមកុំស្តីបន្ទោសយើងអី កីឡាតែងតែមានឈ្នះមានចាញ់ សូមបងប្អូនជួយឲ្យពរជ័យដល់ការប្រកួតលើកនេះផង»។ គង់ សំបូរ សំណូមពរដល់អ្នកគាំទ្រកម្ពុជាដូច្នេះ៕