អន្តរជាតិ
ត្រាំ ៖«ឲ្យតែគ្មានការសាកល្បងអាវុធទៀត ខ្ញុំមិនប្រញាប់បង្ខំកូរ៉េខាងជើងឲ្យរំសាយនុយក្លេអ៊ែរពេកទេ»
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកពិតជាចង់ឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកក៏មិនប្រញាប់ប្រញាល់ចង់ឃើញលទ្ធផលពេកដែរ ឲ្យតែគ្មានការសាកល្បងអាវុធទៀត។ មេដឹកនាំអាមេរិករូបនេះអះអាងផងដែរថា ជំនួបលើកទីពីរជាមួយលោក គីម ជុងអ៊ុននៅហាណូយចុងខែនឹងបង្កើតផ្លែផ្កាច្រើនមិនខាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃអង្គារទី ១៩ ខែកុម្ភៈ លោក ត្រាំ បានប្រកាសថា គ្មានកាលបរិច្ឆេទកំណត់ឡើយចំពោះការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែលោកជឿជាក់ថា ការរំសាយអាវុធនេះនឹងកើតឡើងចុងក្រោយ។ លោក ត្រាំ ប្រកាសបែបនេះស្របពេលដែលបេសកជនពិសេសរបស់ខ្លួនលោក Stephen Biegun ស្ថិតក្នុងដំណើរទៅក្រុងហាណូយដើម្បីរៀបចំជំនួបកំពូលត្រាំ-គីម ដែលនឹងធ្វើឡើងពីថ្ងៃ ២៧ដល់ ២៨ កុម្ភៈដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំអាមេរិករូបនេះពន្យល់ថា ចាប់ពីឆ្នាំ ២០១៧ មកគ្មានការសាកល្បងមីស៊ីលឬនុយក្លេអ៊ែរនៅកូរ៉េខាងជើងឡើយ ហើយដោយហេតុផល វាមិនចាំបាច់បន្ទាន់បង្ខំចំពោះការរំសាយអាវុធទេ។ ប៉ុន្តែលោកជឿជាក់ពេញទំហឹងថា លោក និងមេដឹកនាំកំពូល គីម ជុងអ៊ុន នឹងសម្រេចបានផ្លែផ្កាច្រើននៅក្នុងជំនួបជាថ្មីនៅហាណូយឆាប់ៗនេះ។
«ខ្ញុំចង់ឃើញនៅចុងក្រោយគឺការរំសាយអាវុធនៅកូរ៉េខាងជើង។ ខ្ញុំគិតថា កូរ៉េខាងជើង និងប្រធាន គីម មានរឿងវិជ្ជមានច្រើនក្នុងចិត្ត ហើយយើងនឹងស្វែងយល់ទាំងអស់គ្នា។ ប៉ុន្តែខ្ញុំមិនប្រញាប់ប្រញាល់ទៅណាទេ។ ខ្ញុំសង្ឃឹមថា រឿងល្អៗនឹងកើតឡើង។ ខ្ញុំគិតថា វានឹងក្លាយជាពេលវេលាដ៏រីករាយប៉ុន្មានថ្ងៃខាងមុខ។
យ៉ាងណាក៏ដោយចុះ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា វាគួរជាពេលសមស្របហើយដែលលោក គីម ត្រូវសម្រេចលទ្ធផល ស្របតាមជំហររបស់អាមេរិកតាំងពីដើមមកដែលទារឲ្យកូរ៉េខាងជើងរំសាយអាវុធភ្លាមៗ។ ប៉ុន្តែតាមសម្តីរបស់លោក ត្រាំ នៅពេលនេះ វាមានការផ្លាស់ប្តូរជំហរ ហើយអាមេរិកហាក់ព្យាយាមសម្របខ្លួនតាមអ្វីដែលកូរ៉េខាងជើងចង់បាន ពោលគឺធ្វើការងារសន្សឹមៗវិញ។
តាមពិតទៅ ក្រោយចប់ជំនួបប្រវត្តិសាស្ត្រលើកដំបូងនៅសិង្ហបុរីកាលពីខែមិថុនា ភាគីទាំងពីរបានសម្រេចសេចក្តីថ្លែងការណ៍មួយដែលមិនមានកំណត់ចំណុចសំខាន់អ្វីសម្រាប់ការឈានទៅរំសាយអាវុធឡើយ។ វាមានតែពាក្យប្តេជ្ញាចិត្តរំសាយអាវុធរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ តើត្រូវធ្វើនៅពេលណាឬប្រើប្រាស់យន្តការជាក់លាក់អ្វីនោះ គ្មានការកំណត់នោះឡើយ។
ចាប់តាំងពីជំនួបនោះកើតឡើង ការចរចារំសាយអាវុធហាក់នៅជាប់ទ្រឹង ហើយភាគីនៅខ្វែងគំនិតគ្នាទៀតលើនិយមន័យនៃការរំសាយអាវុធនេះផង។ កូរ៉េខាងជើងនៅតែទាមទារដាច់ខាតឲ្យអាមេរិកធានាសន្តិសុខ ផ្តល់ជំនួយសេដ្ឋកិច្ច និងដកទណ្ឌកម្មជាថ្នូរនឹងការឈានទៅរំសាយអាវុធនេះ។ ប៉ុន្តែលោក ត្រាំ និងមន្ត្រីរបស់ខ្លួនបញ្ជាក់ម្តងជាពីរដងថា គ្មានការបន្ធូរបន្ថយទណ្ឌកម្មជាមុនឡើយ៕
Tag:
ដូណាល់ ត្រាំ
កូរ៉េខាងជើង
ហាណូយ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com