ពីនេះ ពីនោះ
ទឹកចិត្ត​ដ៏​ប្រពៃៈ ចំណាយ​ប្រាក់​ខ្ទង់រយ​ដុល្លារ សង្គ្រោះ​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប ឲ្យ​រួច​ផុតពី​ត្រូវគេ​យកទៅ​ធ្វើ​ម្ហូប​
20, Feb 2019 , 9:59 pm        
រូបភាព
​លោក ឡាយ ហ៊ូ​ត ក្នុងពេល​យក​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​ប្រគល់​ឲ្យ​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក និង​កន្ធាយ​មេគង្គ ដោយមាន​និមន្ត​ព្រះសង្ឃ ប្រោះព្រំ​សុំ​សេចក្តីសុខ​ផងដែរ​។ រូបភាពៈ ប្រាន់ ស៊ីណា​ល់​
​លោក ឡាយ ហ៊ូ​ត ក្នុងពេល​យក​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​ប្រគល់​ឲ្យ​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក និង​កន្ធាយ​មេគង្គ ដោយមាន​និមន្ត​ព្រះសង្ឃ ប្រោះព្រំ​សុំ​សេចក្តីសុខ​ផងដែរ​។ រូបភាពៈ ប្រាន់ ស៊ីណា​ល់​
ដោយ:
​ក្រចេះ​៖ កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ទ្រង់ សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ខេត្តក្រចេះ មាន​ពិធី​លែង​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។ ក្នុង​ពិធី​នេះ មានការ​ចូលរួម​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ក្រចេះ ប្រធាន​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក និង​កន្ធាយ​មេគង្គ នរគ​បាល ក្រុមប្រឹក្សាឃុំ​/​សង្កាត់  ព្រះសង្ឃ គណៈកម្មការ​វត្ត ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ពី​អនុវិទ្យាល័យ​កោះ​ទ្រង់​ផងដែរ​។​

 
​លោក ប្រាន់ ស៊ីណា​ល់ អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក និង​កន្ធាយ​មេគង្គ ដែលមាន​ទីតាំង​ក្នុង​វត្ត​ព្រះវិហារ​ធំ​សសរ​១០០ ស្ថិតក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ បាន​រៀបរាប់​ពី​ប្រវត្តិ​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​មួយ​ក្បាល​នេះ ដែល​ត្រូវបាន​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅក្នុង​ក្រុង​ក្រចេះ យកមក​ប្រគល់​ឲ្យ​មជ្ឈមណ្ឌល កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ ដើម្បី​លែង​ចូលទៅក្នុង​ទន្លេ​វិញ​។ 
 

​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​។ រូបភាព​៖ ថាច់ ផាន់​ណា​រ៉ា​
 
«​ខ្ញុំ​បានទទួល​លេ្ម​ចមួយ​ក្បាល​នេះ ពី​លោក ឡាយ ហ៊ូ​ត ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅក្នុង​ក្រុង​ក្រចេះ ដែល​គាត់​បាន​ទិញ​ពី​អ្នកនេសាទ​ម្នាក់​។ តាម​ទម្លាប់​ធម្មតា អ្នកនេសាទ​តែងតែ​យក​ត្រី​មក​លក់​ឲ្យ​គាត់ ដើម្បី​ធ្វើ​ម្ហូប​ក្នុង​ភោជនីយដ្ឋាន​។ តែ​ម្តងនេះ គេ​យក​ល្មេច​មួយ​ក្បាល​នេះ មក​លក់​ដែរ​។ ដោយមាន​ចិត្ត​អាណិត​ចំពោះ​សត្វ​ដែលមាន​អាយុ​វែង​នេះ គាត់​ក៏​សម្រេចចិត្ត​ទិញយក​ក្នុងតម្លៃ ៤០,០០០ (​បួន​ម៉ឺន​រៀល​) ក្នុង​មួយ​គីឡូក្រាម​។ ដូច្នេះ កាត់​ត្រូវ​ចំណាយ​ប្រាក់​ជាង​រយ​ដុល្លា​ដើម្បី​ទិញ​ល្មេច​មួយ​ក្បាល ដែលមាន​ទម្ងន់​សរុប ១៧ គីឡូក្រាម និង​មាន​អាយុ​ប្រហែល​ជាង ១៥​ឆ្នាំ នេះ​»​។ 
 
«​ថ្ងៃនេះ យើង​មក​ទីនេះ ដើម្បី​ធ្វើ​ពិធី​លែង​វា​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។ នេះ​ក៏ដោយ​សារ​ទឹកចិត្ត​ដ៏​ប្រពៃ របស់ លោក ឡាយ ហ៊ូ ចំពោះ​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​មួយ​នេះ ដើម្បី​ចូលរួម​អភិរក្ស​។ កន្លងមក មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក និង​កន្ធាយ​មេគង្គ តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន ឲ្យ​មានការ​ចូលរួម​អភិរក្ស​។ ជា​ទម្លាប់ រាល់ពេល​មាន​ការយក​សត្វ​អណ្តើក ឬ​កន្ធា​យមក​ប្រគល់​ដល់​មជ្ឈមណ្ឌល​ពី​សំណាក់​ប្រជាពលរដ្ឋ យើង​តែងតែ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ប្រោះព្រំ ជូន​សេចក្តីសុខ​ដល់​ពួកគាត់​។ ពេល​យក​សត្វ​ទាំងនោះ​ទៅ​លែង​ក្នុង​ទន្លេមេគង្គ​វិញ យើង​ក៏​និមន្ត​ព្រះសង្ឃ​សូ​ត្រុំ​មន្ត​ប្រោះព្រំ​ដូចគ្នា​ដែរ មុននឹង​លែង​វា ដោយមាន​ការចូលរួម​ជា​សាក្សី​ពី​សំណាក់​មន្ត្រី​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ប្រាន់ ស៊ីណា​ល់​។​
 
 


​លោក​ប្រាន់ ស៊ីណា​ល់ (​រូប​ពាក់​អាវខ្មៅ​ដៃខ្លី​) និង​មន្ត្រីជលផល ព្រមទាំង​អាជ្ញាធរ​ដែនដី ក្នុង​ពិធី​លែង​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​។ រូបភាព​៖ ថាច់ ផាន់​ណា​រ៉ា​
 
​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប មានឈ្មោះ​វិទ្យាសាស្ត្រ (Pelochelys cantorii) ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian Giant Softshell Turtle ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN Red List ជា​ប្រភេទ​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​។ ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប គេ​ឃើញ​វា​មាននៅ​ក្នុងប្រទេស បង់​ក្លា​ដេ​ស កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី ភូមា ហ្វី​លិ​ពិន ថៃ និង​វៀតណាម និង​រស់​នៅតាម​បណ្តោយ​ឆ្នេរ​នៃ​អាស៊ី​ខាងត្បូង និង​អាស៊ី​ភាគ​ខាងកើត ពី​ភាគ​និរតី​នៃ​ប្រទេស​ឥណ្ឌា ទៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន និង​រួមទាំង​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី រហូតដល់​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​បរ​ណេ​អូ​ផងដែរ​។​
 
​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប គឺជា​សត្វ​ទឹក​ពពួក​អដ្ឋិចម្មជាតិ​មួយ​ប្រភេទ ដែលមាន​សន្ដាន​ដូច​អណ្ដើក​។ អ្នកស្រុក​ខ្លះ​ហៅ​សត្វ​ប្រភេទ​នេះ​ថា ល្មិច​។ ល្មេច វា​មាន​ស្នូក​ទន់ ជា​ល្មូ​ន​យក្ស​ទឹកសាប​មួយ​ប្រភេទ​ដែលមាន​ទំហំ​ធំ នៅលើ​ពិភពលោក ហើយ​រស់រានមានជីវិត​នៅក្នុង​ទន្លេ    មេគង្គ​។ 
 
​ល្មេច​អាច​ធំ​លូតលាស់​ដល់ ២០០​សង់ទីម៉ែត្រ និង​ទម្ងន់​អតិបរមា ៥០​គីឡូក្រាម​។ វា​ចំណាយពេល​ស្ទើរ ៩៥​ភាគរយ ពួន​នៅក្រោម​ខ្សាច់​ក្នុង​ទឹក នេះ​បើ​យោងតាម​ការរៀបរាប់រ​បស់​លោក​ប្រាន់ ស៊ីណា​ល់​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com