ជាតិ
សង្គមជាតិ
កម្ពុជា ត្រូវការ៤០០លានដុល្លារដើម្បីសម្អាតមីនឲ្យអស់ត្រឹម២០២៥
× រដ្ឋាភិបាលកម្ពុជា ទើបតែអនុម័តផែនការយុទ្ធសាស្ត្រជាតិស្តីពីសកម្មភាពមីន២០១៨-២០២៥ ក្នុងគោលបំណងបំផ្លាញមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោមឲ្យអស់ ដើម្បីឲ្យកម្ពុជា ក្លាយជាទឹកដី ដែលគ្មានមីន នៅត្រឹមឆ្នាំ២០២៥។ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងសារលិខិតស្តីពីទិវាជាតិយល់ដឹងអំពីមីនលើកទី២០ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្តេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជា នៅមានផ្ទៃដីប្រមាណ១៩៧០គីឡូម៉ែត្រក្រឡាទៀត ដែលមានមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែក ហើយត្រូវការថវិកាប្រមាណ៤០៦លានដុល្លារ លើការបោសសម្អាត ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៥។ យ៉ាងណា ប្រមុខរដ្ឋាភិបាល អះអាងថា កិច្ចប្រតិបត្តិការបោសសម្អាតមីនតែមួយផ្អែក មិនអាចផ្តល់សុវត្ថិភាពទាំងស្រុង ជូនប្រជាពលរដ្ឋបានឡើយ។ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការងារដ៏សំខាន់មួយទៀតនៃវិស័យសកម្មភាពមីន គឺការអប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែចង្កោម។
នាយករដ្ឋមន្ត្រី សរសេរក្នុងសារលិខិតបបែបនេះថា៖«គ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម នៅតែបង្កឲ្យប្រជាពលរដ្ឋយើង ធ្លាក់ខ្លួនពីការ បាត់បង់ជីវិតមនុស្ស សត្វពាហនៈ និងខូចខាតទ្រព្យសប្បត្តិអស់ជាច្រើន»។
កម្ពុជា បានប្រើពេល២៧ឆ្នាំហើយ ក្នុងការបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះ ដែលសល់ពីសង្គ្រាម។ ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ២០១៨ កម្ពុជា បានរំដោះដីមានមីន បានជិត២ពាន់គីឡូម៉ែត្រក្រឡា ដោយដីទាំងនោះ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមដ្ឋាននិងធ្វើស្រែចម្ការ និងដីខ្លះទៀត ត្រូវបានរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។
គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញនិងកម្ទេចចោលគ្រប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងរថគ្រោះជាង២,៤មឺនគ្រាប់ និងសំណល់ជាតិផ្ទុះជាង២,៧លានគ្រាប់។ ចំនួនប្រជាជនដែលរងគ្រោះ បានធា្លក់ចុះពី២៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com