ជាតិ
សៀវភៅ​ថ្មី​អំពី​«​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​មហិមា​»​បង្ហាញ​ពី​ផលប៉ះពាល់​ដល់​ពលរដ្ឋ​រាប់លាន​នាក់​
21, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​​មជ្ឈមណ្ឌល Stimson បានធ្វើ​ការដាក់​សម្ពោធ​សៀវភៅ​មួយ​ដែលមាន​ចំណងជើង​ថា “Last Days of the Mighty Mekong” ឬ​ជា​ភាសា​ខ្មែរ​ថា «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​» ដែល​និយាយ​ពី​ស្ថានភាព​ទន្លេមេគង្គ​និង​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​នានា​មកលើ​ប្រព័ន្ធ​ទន្លេមេគង្គ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​រួមទាំង​កម្ពុជា​ផងដែរ​។

 
​អង្គការ​តាក់តែង​គោលនយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​គឺ មជ្ឈមណ្ឌល Stimson បានធ្វើ​ការដាក់​សម្ពោធ​សៀវភៅ​ថ្មី​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា “Last Days of the Mighty Mekong” ឬ​ជា​ភាសា​ខ្មែរ «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​» កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី ១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​
 
​សៀវភៅ​នេះ​ពិពណ៌នា​អំពី​ស្ថានភាព​បច្ចុប្បន្ន​និង​អនាគត​របស់​ទន្លេមេគង្គ​និង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នានា​មកលើ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​នេះ​។ ទន្លេមេគង្គ​គឺជា​ទីជម្រក​សម្រាប់​ប្រជាជន​ជាង​៧០​លាន​នាក់ និង​ជា​ប្រភព​អាហារ​ដ៏​សំខាន់បំផុត​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​និង​ពិភពលោក​។​


 អ្នក​នេសាទ​លើក​មង​ចាប់​ត្រូ​នៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។
 
​ក្រុម​អ្នកការទូត​មកពី​ប្រទេស​ភូមា ថៃ និង​វៀតណាម​ក៏បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​នេះ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​និង​ក្រុមមន្ត្រី​ជាច្រើន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផងដែរ​។​
 
​សៀវភៅ «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​» នេះ​ត្រូវបាន​ស្រាវជ្រាវ ចងក្រង និង​រៀបរៀងឡើង​ដោយ​លោក Brian Eyler ដែល​លោក​មាន​តួនាទី​ជា​ប្រធាន​គម្រោង​សិក្សា​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន Stimson​។ លោក Brian Eyler គឺជា​អ្នកជំនាញ​សិក្សា​ស្រាវជ្រាវ​តំបន់​ទន្លេមេគង្គ​ដែល​ផ្តោត​សំខាន់​ទៅ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ជាមួយនឹង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​លោក​បាន​ចំណាយពេល​ធ្វើដំណើរ​ចាប់ពី​ក្បាល​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​ចិន​និង​ឆ្លងកាត់​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​ដូចជា​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម​ជាដើម​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អំពី​ស្ថានភាព​ទន្លេមេគង្គ​។​


 លោក Brian Eyler នាយក​ផ្នែក​គម្រោង​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson Center និង​ជា​អ្នកនិពន្ធ​សៀវភៅ និយាយ​ទៅកាន់​អ្នកចូលរួម​ម្នាក់​ដែល​បាន​ជាវ​សៀវភៅ​របស់​លោក​នៅ​ពិធី​ដាក់​សម្ពោធ​សៀវភៅ «Last Days of the Mighty Mekong» នៅ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (លី វួចនា/VOA Khmer)

​ក្នុង​ដំណើរ​សិក្សា​ស្រាវជ្រាវ​នេះ លោក Brian Eyler បាន​ចំណាយពេល​ជាច្រើន​នៅ​តំបន់​ទន្លេមេគង្គ ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​សហគមន៍ មេដឹកនាំ​សហគមន៍ អ្នកស្រាវជ្រាវ អ្នកនយោបាយ និង​អ្នកតាក់តែង​គោលនយោបាយ​ជាច្រើន​នាក់​ដើម្បី​ស្វែងយល់ និង​ចងក្រង​ពី​ស្ថានភាព​របស់​ទន្លេមេគង្គ និង​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មកលើ​តំបន់​ទន្លេមេគង្គ​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​នេះ​ដែលមាន ឡាវ ថៃ កម្ពុជា វៀតណាម​ជាដើម​។​
 
​លោក Eyler បានបង្ហាញ​តាមរយៈ​កិច្ចពិភាក្សា​សៀវភៅ​របស់លោក​ឲ្យ​ដឹង ពី​គ្រោះអាសន្ន​និង​ការ​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​ចាំបាច់​បន្ថែម​ពី​សំណាក់​ប្រទេស​នៅក្នុង​តំបន់​និង​អន្តរជាតិ ក្នុងការ​ជួយសង្គ្រោះ​ទន្លេមេគង្គ​ដ៏​ធំ​អស្ចារ្យ​នេះ និង​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​នេះ​។​
 
​លោក Eyler បាន​ហៅ​ទន្លេមេគង្គ​ថា “The Mighty Basin” ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​អាង​ទន្លេ​មហិទ្ធិឫទ្ធិ​» ពីព្រោះ​ទន្លេមេគង្គ​គឺមាន​ធនធាន​ដ៏​សម្បូរបែប និង​ជា​ប្រភព​ដ៏​សំខាន់​មួយ​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៧០​លាន​នាក់​នៅតាម​ដង​ទន្លេ​ដ៏​ធំ​មួយ​នេះ​។ ទន្លេមេគង្គ​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ពឹង​ផ្អែកលើ​ការនេសាទ​ត្រី និង​ការធ្វើ​ដំណាំ​កសិកម្ម​នានា​។ ក៏ប៉ុន្តែ ទន្លេមេគង្គ​បាន​ទទួលរង​ការគំរាមកំហែង​ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ការប្រែប្រួល​អាកាសធាតុ និង​ការនេសាទ​ហួស​កម្រិត​។​


 លោក Brian Eyler នាយក​ផ្នែក​គម្រោង​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson Center និង​ជា​អ្នកនិពន្ធ​សៀវភៅ «Last Days of the Mighty Mekong» (ខាង​ឆ្វេង) ពន្យល់​ពី​នគរូបកម្ម​ទី​ក្រុង​ភ្នំពេញ​ដែល​ជា​ទី​ក្រុង​ធំ​ជាង​គេ​នៅ​តាម​ដង​ទន្លេ​មេគង្គ ទៅ​កាន់លោក Jon Fasman អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទស្សនាវដ្ដី the Economist ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន (ខាងស្តាំ) ​ក្នុង​ពេល​ពិភាក្សា​អំពី​សៀវភៅ​ថ្មី​នេះ​ដែល​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Centerនៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (លី វួចនា/VOA Khmer)

​ផលប៉ះពាល់​នេះ​នឹងមាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ទៅលើ​តំបន់​ទន្លេមេគង្គ​ទាំងមូល​និង​ជាពិសេស​ទៅលើ​ប្រទេស​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​ដូចជា ប្រទេស​កម្ពុជា និង​វៀតណាម​។ លោក Eyler បាន​និយាយថា តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែល​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម និង​ជា​ចំណុច​ចុងក្រោយបង្អស់​នៃ​ទន្លេមេគង្គ កំពុង​ជួប​បញ្ហា​បាក់​ស្រុតដី និង​លិចលង់ ដែលជា​លទ្ធផល​ពី​ការបូមទឹក​ចេញពី​ក្រោម​ដី​របស់​ប្រជាពលរដ្ឋ​ដើម្បី​ស្រោចស្រង់​ដំណាំ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។ បន្ថែម​ពីលើ​នេះ​ទៀត តំបន់​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ទទួលរង​ផលប៉ះពាល់​យ៉ាងច្រើន​ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ចិន និង​ឡាវ ដែល​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បឹង​ទន្លេសាប​ដែលជា​ប្រភព​ទ្រទ្រង់​ជីវិត​មួយ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​
 
​ជារួម គម្រោង​អភិវឌ្ឍ​នានា​និង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ជា​បន្តបន្ទាប់​គឺជា​មូលហេតុ​ចម្បង​បំផុត​ដែល​កំពុង​រុករាន និង​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ទន្លេមេគង្គ​ដ៏​មហិមា​នេះ​។ ហើយ​បញ្ហា​នេះ​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​នឹង​គំរាមកំហែង​ដល់​ជីវភាព​និង​វប្បធម៌​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com