ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​គ្រាប់​ជី​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​បានជា​ច្រើន​
22, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រាប់​ជី ជា​អាហារ​សុខភាព​ល្អ​បំផុត​មួយ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​រក្សាសុខ​ភាព​រា​ង​កាយ​ល្អប្រសើរ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ស្គាល់ ក៏ដូចជា​ចូលចិត្ត​ទទួលទាន​គ្រាប់​ជី ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ក្នុងការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​វិជ្ជមាន​នៃ​ការ​ទទួលទាន​គ្រាប់​ជី ៖
 
១. ផ្ដល់​សារធាតុចិញ្ចឹម​សំខាន់ៗ 
 
​គ្រាប់​ជី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ រួមបញ្ចូល​ទាំង ប្រូតេអ៊ីន​, ជាតិ​សរសៃ​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, កាល់ស្យូម​, ម៉​ង់​កា​ណែ​ស​, ម៉ាញ៉េ​ស្យូ​ម​, ផូស្វ័រ​, វីតាមីន B3, ស័ង្កសី​, វីតាមីន B1, ប៉ូ​តា​ស្យូ​ម និង​វីតាមីន B2​។ អ្វីដែល​សំខាន់​នោះ គឺ​វា​មាន​ផ្ទុក​ជាតិ​កាឡូរី​ដែល​អាច​បង្ក​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​ទាប​បំផុត​។​
 
២. បង្កើន​ការរំលាយ​អាហារ និង​បន្សាប​ជាតិពុល​
 
​អាហារ​ដែលមាន​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​គ្រប់គ្រាន់​ជួយ​ទប់ស្កាត់​បញ្ហា​ពិបាក​ក្នុង​ការរំលាយ​អាហារ ក៏ដូចជា​អាកា​រៈ​ទល់លាមក រួមទាំង​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ ចលនា​ពោះវៀន​ត្រឹមត្រូវ​ប្រក្រតី គឺ​សំខាន់​ណាស់​ដើម្បី​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​តាមរយៈ​ការ​បន្ទោ​របង់​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​គ្រាប់​ជី មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ច្រើនជាង​ត្រី​សាម៉ុន​ដល់​ទៅ ៨​ដង​ឯណោះ​។ ហើយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។​
 
៤. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​គ្រាប់​ជី ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អាស៊ីត alpha-linoleic ដែលមាន​ប្រយោជន៍​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​ឆាប់រហ័ស​។​
 
៥. សុខភាព​ឆ្អឹង​រឹងមាំ​
 
​ជាតិ​កាល់ស្យូម​ដែលមាន​ផ្ទុក​ក្នុង​គ្រាប់​ជី​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។ កាល់ស្យូម គឺ​ចាំបាច់​ចំពោះ​សុខភាព​ឆ្អឹង​ដោយ​ជួយ​រក្សា​ម៉ាស និង​ភាពរឹងមាំ​។ គ្រាប់​ជី ក៏​ជា​ប្រភព​នៃ​សារធាតុ boron ដែល​សំខាន់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ល្អប្រសើរ​ផងដែរ​។ Boron ជួយ​ក្នុង​ការរំលាយ​ម៉ាញ៉េ​ស្យូ​ម​, កាល់ស្យូម​, ផូស្វ័រ និង​ម៉​ង់​កា​ណែ​ស​សម្រាប់​ការលូតលាស់​នៃ​សាច់ដុំ និង​ឆ្អឹង​ដែលមាន​សុខភាព​ល្អ​ជៀស​ផុតពី​ជំងឺ​ពុក​ឆ្អឹង​។​

៦. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ជាតិ​អន្ធិល​នៃ​គ្រាប់​ជី​ជួយ​ពន្យឺតការ​រំលាយ​ជាតិ​ស្ករ ដោយ​បង្កើត​របាំង​ការពារ​រវាង​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​អង់ស៊ីម​រំលាយ​អាហារ​។ ជា​លទ្ធផល​ក្នុងការ​បញ្ចេញ​ថាមពល​ប្រកបដោយ​ស្ថេរភាព​ជំនួស​ការបញ្ចេញ​ជាតិ​ស្ករ​ខ្ពស់​ទៅក្នុង​ឈាម​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com