កីឡាជាតិ
ជាតិ
AFF U22៖ ជំនួប​សំខាន់​សម្រាប់​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ខណៈ​កម្ពុជា​ចង់​រក្សា​កំណត់ត្រា​ឈ្នះ​
22, Feb 2019 , 11:24 am        
រូបភាព
គ្រូម៉ាឡេស៊ី លោក Ong Kim Swee គ្រូមីយ៉ាន់ម៉ា លោក Velizar Popov គ្រូឥណ្ឌូណេស៊ី លោក Indra Syafri និង គ្រូកម្ពុជា លោក Felix Dalmas។ រូបថត FFC
គ្រូម៉ាឡេស៊ី លោក Ong Kim Swee គ្រូមីយ៉ាន់ម៉ា លោក Velizar Popov គ្រូឥណ្ឌូណេស៊ី លោក Indra Syafri និង គ្រូកម្ពុជា លោក Felix Dalmas។ រូបថត FFC
​ភ្នំពេញ​៖ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ កម្ពុជា ត្រូវ​ជួប​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ត្រូវ​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា នៅក្នុង​ពូ​ល B​នៃ​ព្រឹត្តិការណ៍ AFF U22 Championship ។ វា​ជា​ជំនួប​សំខាន់​ចុងក្រោយ​សម្រាប់​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ដែល​ត្រូវការ​ឈ្នះ​រៀងខ្លួន ដើម្បី​ឡើងទៅ​វគ្គ​១/២ ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា។​

 
​ជំនួប​ចុងក្រោយ​សម្រាប់​កាត់សេចក្តី​នៅក្នុង​ពូ​ល​B ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ នឹងមាន​ការប្រកួត​ចំនួន​២​គូ រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ កម្ពុជា និង​ក្រុម​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ត្រូវ​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា​។ កម្ពុជា ដែលមាន​៦​ពិន្ទុ​ក្នុង​ដៃ បាន​កក់​កៅអី​ឡើងទៅ​វគ្គ​បន្ត​រួចហើយ នៅឡើយ​តែ​ក្រុម​ចំនួន​៣​ទៀត ដែល​ត្រូវ​ប្រកួត​យកឈ្នះ​ដាច់ខាត ដើម្បី​ទទួលបាន​ឱកាស​ឡើងទៅ​វគ្គ​១/២​ផ្ដាច់ព្រ័ត្រ​។​
 
​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ដែលមាន​ពីរ​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​២​លើក ស្មើ​ជាមួយ​ម៉ាឡេស៊ី ២​ទល់​២ និង​សូន្យ​ស្មើ​ជាមួយ​មី​យ៉ាន់​ម៉ា​នោះ ត្រូវការ​ឈ្នះ​កម្ពុជា ឲ្យ​ខាងតែបាន ដើម្បី​ឆ្លងទៅ​ប្រកួត​វគ្គ​បន្ត​។ ប៉ុន្តែ​បើ​ក្រុម​ឥណ្ឌូណេស៊ី ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ​កម្ពុជា នៅ​ប្រកួត​ចុងក្រោយ​ទៀត​នោះ គឺ​ក្រុម​នេះ នឹងមាន​៣​ពិន្ទុ​ក្នុង​ដៃ ហើយ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ការប្រកួត​រវាង​ម៉ាឡេស៊ី​និង​មី​យ៉ាន់​ម៉ា​។ នោះ​ក៏​ព្រោះតែ​ក្រុម​ទាំងពីរ​នេះ ក៏​នៅមាន​ឱកាស​ប្រជែង​គ្នា យក​កៅអី​វគ្គ​១/២ ដែរ​។​
 
​បច្ចុប្បន្ននេះ ក្រុម​ម៉ាឡេស៊ី មាន​១​ពិន្ទុ​ក្នុង​ដៃ ស្ថិតនៅ​លេខ​រៀង​ទី​៣ ក្នុង​ពូ​ល​B ក្រោយ​ប្រកួត​ចាញ់​កម្ពុជា ១​ទល់​០ និង​បាន​ត្រឹម​ស្មើ​ជាមួយ​ឥណ្ឌូណេស៊ី ២​ទល់​២ ទាំង​ប្រផិតប្រផើយ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​២០ កុម្ភៈ​កន្លងមក​។ ចំណែក​ក្រុម​មី​យ៉ាន់​ម៉ា​វិញ ក៏មាន​១​ពិន្ទុ​ក្នុង​ពូ​ល​ដែរ បន្ទាប់ពី​ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ​ឥណ្ឌូណេស៊ី និង​ចាញ់​កម្ពុជា​២ ទល់​០ ។ ដូច្នេះ​សរុបមក ក្រុម​ទាំង​៣ នៅក្នុង​ពូ​ល​B នេះ សុទ្ធតែ​ត្រូវការ​៣​ពិន្ទុ​រៀងខ្លួន ។​
 
​ថ្វីត្បិតតែ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ហើយ​ត្រៀម​ជួប​ថៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក៏ដោយ ប៉ុន្តែ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix Dalmas ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ជាមួយនឹង​ជ័យជម្នះ​ទាំងបី​ប្រកួត​នៅក្នុង​ពូ​ល ឬ​ឈានដល់​ការរារាំង​មិន​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ខ្លួន (Cleansheet)​។​
 
​សម្រាប់​ការប្រកួត​កាត់សេចក្តី​ចុងក្រោយ​នៅក្នុង​ពូ​ល​B​នេះ គឺ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ជួប​ក្រុម​ឥណ្ឌូណេស៊ី នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ស្របពេល​ក្រុម​មី​យ៉ាន់​ម៉ា ត្រូវ​តទល់​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​កីឡដ្ឋាន RSN ។ ការប្រកួត​ទាំងពីរ​គូ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៦ និង​៣០ នាទី​ល្ងាច​ដូចគ្នា​៕

Tag:
 AFF U22
  កម្ពុជា​
  ឥណ្ឌូណេស៊ី​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com