អន្តរជាតិ
ការបាត់បង់​ដី​ដ៏​ធំ​បាន​គេ​ព្យាករណ៍​ថា នឹង​កើតមានឡើង​នៅ​ប្រទេស​វៀតណាម​
22, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​បាងកក ៖ ​ការសិក្សា​មួយ​បាន​បង្ហាញថា តំបន់​ដីសណ្ត​នៃ​ទន្លេមេគង្គ​នៅ​ប្រទេស​វៀតណាម​នឹងត្រូវ​ជន​លិច​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២១០០​។ នេះ​គឺជា​ផលប៉ះពាល់​ដែល​កើតចេញពី​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី ការ​បូម​ខ្សាច់ និង​ជាពិសេស​ការបូមទឹក​ពីក្រោម​ដី​។​

 
​ការសិក្សា​ថ្មី​មួយ​ព្យាករណ៍​ថា សឹងតែ​ផ្ទៃ​ទាំងមូល​នៃ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​វៀតណាម ដែលជា​ប្រភព​ជួយ​ទ្រទ្រង់​ជីវិត​ប្រជាពលរដ្ឋ​ប្រហែល​រាប់សិប​លាន​នាក់ នឹង​លិច​ទឹក​នៅត្រឹម​ឆ្នាំ ២១០០ ដោយ​កម្រិត​ទឹក​បច្ចុប្បន្ន​។​
 
​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែលជា​ទីជម្រក​សម្រាប់​ប្រជាជន​ជិត ១៨​លាន​នាក់ និង​ផលិត​ស្បៀងអាហារ​ចំនួន​ពាក់កណ្តាល​នៃ​ស្បៀង​សរុប​របស់​ប្រទេស​វៀតណាម កំពុង​ជួប​វិបត្តិ​មនុស្សជាតិ​យ៉ាងខ្លាំងបំផុត​ដែល​មួយផ្នែកធំ ការសិក្សា​មួយ​បាន​រកឃើញថា គឺ​ដោយសារ​ការជីក​យក​ទឹក​ក្រោម​ដី​ហួសហេតុ​ដែល​បាន​បង្ក​ឲ្យ​ដី​ផ្នែក​ខាងលើ​លិច​ទឹក ស្រប​ពេលដែល​កម្ពស់​ទឹកសមុទ្រ​កំពុងតែ​ឡើង​ខ្ពស់​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​នៅឯ​សកល​វិទ្យាល័យ Utrecht បាន​បង្កើត​ម៉ូ​ឌែ​ល​ជា​លេខ​នៅ​ទូទាំង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ដើម្បី​តាមដាន​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការទាញយក​ផលប្រយោជន៍​ទឹក​នៅក្រោម​ដី​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​មកនេះ​។ ហើយ​ពួកគេ​នឹង​ប្រើប្រាស់​ទិន្នន័យ​ដែល​បានមកពី​ការសិក្សា​នេះ​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ព្យា ករ​ណ៍​ស្ថានភាព​ដីសណ្ត​នាពេល​អនាគត​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា នៅពេល​គេ​បន្ថែម​បញ្ហា​កើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​មួយទៀត ទី​រាប​ដ៏​ធំធេង​នៃ​តំបន់​ដីសណ្ត​នេះ​នឹងត្រូវ​លិច​បាត់បង់ បើទោះបី​ជាមាន​ការចាត់​វិធានការ​យ៉ាងណាក៏ដោយ​ក្តី​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ទម្លាប់​ឲ្យ​មានការ​ប្រើប្រាស់​ដី​ឲ្យ​បាន​ត្រឹមត្រូវ​អាច​នឹង​ជួយ​ស្រោច ស្រង់​តំបន់​ផ្សេងៗ​ទៀត​បាន​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​បានបញ្ចប់​ការសិក្សា​នេះ​ដោយ​និយាយថា ៖
 
«​លទ្ធផល​ពី​ការសិក្សា​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា នៅពេល​ការជីក​យក​ទឹក​ក្រោម​ដី​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ជីក​ខ្លាំង​ឡើង​ដូចដែល​បានកើត​ឡើង​អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍​មកនេះ រួមទាំង​ការបាក់​ស្រុតដី​សណ្ត​បណ្តាលមកពី​ការជីក​នោះ អាច​នឹងធ្វើ​ឲ្យ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ស្ទើរតែ​ទាំងមូល​ទទួលរង​ការលិចលង់​»​។​
 
​លោក Philip Minderhoud អ្នកសិក្សា​ស្រាវជ្រាវ​ផ្ទៃដី​និង​ប្រព័ន្ធ​ទឹក​ក្រោម​ដី​នៅឯ​សកល​វិទ្យាល័យ Utrecht និង​ជា​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​មានប្រសាសន៍ថា ការជីក​យក​ទឹក​ក្រោម​ដី​គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ដ៏​ចំបង​ដែល​ធ្វើ​ឲ្យ​ដីសណ្ត​ទន្លេមេគង្គ​លិច​ទឹកជា​មធ្យម​១​សង់ទីម៉ែត្រ​ក្នុង​រយះពេល​១​ឆ្នាំ​។​
 
​លោក​បាន​និយាយថា​៖
 
«​វា​នឹងមាន​ការប្រែប្រួល​ជាច្រើន​នៅ​តំបន់​ដីសណ្ត​នៅ​ប៉ុន្មាន​ទស្សវត្ស​ន៍​ខាងមុខនេះ​»​។​
 
​កំណើន​ជីក​យក​ទឹក​ក្រោម​ដី​ដោយសារ​ការផ្លាស់ប្តូរ​ទៅកាន់​សេដ្ឋកិច្ច​ទីផ្សារសេរី​នៅ​ឆ្នាំ​១៩៨៦​នៅក្នុង​ប្រទេស​វៀតណាម បាន​បង្កើន​ការប្រើប្រាស់​ទឹក​ជាក់ស្តែង​ពី​ចំនួន​អត់​សោះ​កាលពី​៣០​ឆ្នាំមុន ទៅដល់​ការប្រើប្រាស់​ទឹក​ចំនួន​២.៥ លាន​ម៉ែត្រគុប​បច្ចុប្បន្ននេះ​ដែល​ត្រូវបាន​បូម​ចេញពី​អាង​ទន្លេ​នៃ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​នេះ​ជា​រៀងរាល់ថ្ងៃ​។​
 
​លោក​បាន​ពន្យល់ថា​ការបាត់បង់​ទឹក​នេះ​ដែល​បាន​កាត់បន្ថយ​សម្ពាធ​នៅ​ភូ​គ​ម្ភ​សាស្ត្រ​ដ៏​សំខាន់​នេះ ដែល​នឹង​បណ្តាល​ឲ្យ​ដីសណ្ត​ទ​នេ្ល​មេគង្គ​លិច​ស្រុតចុះ​។​
 
​លោក​បាន​បន្តទៀតថា​៖
 
«​ពិតណាស់​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍន៍​របស់​ពួកគេ​នៅលើ​ដីសណ្ត​នាពេល​ប៉ុន្មាន​ទស្សវត្ស​ន៍​កន្លងមកនេះ អាច​បន្ត​ទៅបាន​ក៏​ដោយសារតែ​ពួកគេ​បាន​ប្រើប្រាស់​ប្រភពទឹក​ក្រោម​ដី​ជា​ធនធាន​ទឹកសាប​ដោយ​សេរី​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។​សកម្មភាព​នេះ​នឹង​ក្លាយទៅជា​ការ​ប្រឈម​ដ៏​ចម្បង​មួយ​ដោយសារ​ពលរដ្ឋ​ត្រូវ​បង្កើនល្បឿន​ពន្លិច​ខ្លួនឯង​កាន់តែ​លឿន​ឬក៏​ពួកគេ​នឹងមិន​មានទឹក​គ្រប់គ្រាន់​ដើម្បី​ទទួលទាន​ឬ​ស្រោចស្រព​ដំណាំ​របស់​ពួកគេ​»​។​
 
​លោក​បាន​បន្តថា ស្របពេល​ជាមួយគ្នានេះដែរ កម្រិត​ទឹកសមុទ្រ​នឹង​បន្ត​កើនឡើង​នៅ​កម្រិត​ប្រហែលជា ៣​ទៅ​៤​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល​១​ឆ្នាំ​។​
 
​លោក​និយាយទៀតថា ផលប្រយោជន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​មនុស្ស​កសាង​ក្នុង​ទន្លេមេគង្គ​បាន​កាត់បន្ថយ​លំហូរ​ល្បាប់​ខ្សែរ​ទឹក​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ និង​ការ​បង្ហាប់ដី​ដោយ​ធម្មជាតិ គឺជា​កត្តារួម​ចំណែក​ទៅដល់​ការបាត់បង់​ដីសណ្ត​។​
 
​លោក​មានប្រសាសន៍ថា ៖
 
«​ប៉ុន្តែ ការជីក​យក​ទឹក​ក្រោម​ដី​គឺជា មូលហេតុ​តែមួយគត់ ដែល​មនុស្ស​អាចធ្វើ​ការ​ផ្លាស់ប្តូរ​បាន​យ៉ាងពិត​ប្រាកដ ប្រសិនបើជា​ពលរដ្ឋ​ចង់​កាត់បន្ថយ​ការបាក់​ស្រុត​និង ការ​ជន់​លិច​»​។​
 
​លោក​បាន​បន្ថែមទៀតថា ទោះបីជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​តំបន់​ដីសណ្ត​បាន​បង្ហាញថា ពួកគេ​មាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ការលើក​ផ្ទះ​និង​ផ្លូវ​ឡើង​ឲ្យ​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ហា​បាក់​ទំនប់​ដី​និង​ការ​ជន​លិច​ក៏ដោយ ក៏​ផលប៉ះពាល់​នៃ​បញ្ហា​កសិកម្ម​នឹងមាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​មិនអាច​ជៀសផុត​បានទេ​។​
 
​ប្រទេស​វៀតណាម គឺជា​ប្រទេស​នាំចេញ​អង្ករ​ធំ​ទី​ពីរ​នៅក្នុង​ពិភពលោក ហើយ​៩៥%​នៃ​ផលិតផល​ស្រូវ​អង្ករ​នាំចេញ​នោះ​ផលិត​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែលជា​តំបន់​ផ្គត់ផ្គង់​និង​ផលិត​ត្រី​សម្រាប់​នាំចេញ​ដល់​ទៅ​៦០%​របស់​ប្រទេស​ផងដែរ​។​
 
​លោក Bui Chi Buu ជាទី​ប្រឹក្សា​របស់​រដ្ឋាភិបាល​វៀតណាម​ទទួលបន្ទុក​ការផលិត​ស្រូវ និង​ជា​អគ្គនាយក​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​កសិកម្ម​សម្រាប់​តំបន់​វៀតណាម​ខាងត្បូង បាន​និយាយថា ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ការបាត់បង់​ដី​នេះ​នៅតែមាន​ភាពមិនច្បាស់លាស់​។​
 
​លោក​បន្តទៀតថា ៖
 
«​ពួកយើង​មានការ​ព្រួយ​បារ​ម្មណ៍​ពី​ពេលអនាគត​។ ធនធាន​ទឹកសាប​ធម្ម​ជាតិ​ពី​ទន្លេមេគង្គ​នៅក្នុង​រដូវប្រាំង​ពុំមាន​ភាពត្រឹមត្រូវ​និង​ទៀងទាត់​ទៀត​នោះទេ​។​
 
​លោក​បាន​និយាយថា កាលពី​ឆ្នាំ​២០១៦ វៀតណាម​បាន​បាត់បង់​ថវិកា​ជាង​១.៦​រយ​លាន​ដុល្លារ​អាមេរិក​ដោយសារតែ​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​បាន​បំផ្លិចបំផ្លាញ​ដំណាំ​ស្រូវ​នៅ​តំបន់​ដីសណ្ត​យ៉ាងហោចណាស់​ចំនួន​៣០០ លាន​តោន​។​
 
​តំបន់​ដីសណ្ត​ដែលមាន​ជីវិត​រស់​រវើក​និង​មាន​ជីវជាតិ​យ៉ាងច្រើន​មហិមា​នេះ គឺ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា ជា​តំបន់​ដីសណ្ត​នៃ​នាគ​ប្រាំបួន​ពីព្រោះ​ដៃទន្លេ​ទាំង​ប្រាំបួន​នៃ​ទន្លេមេគង្គ​បាន​នាំមក​ដីល្បាប់​ដ៏​មាន​ជីវជាតិ ឆ្លងកាត់​តំបន់​ដែលមាន​ទំហំ​ប្រមាណ​៤ ម៉ឺន​ម៉ែត្រក្រឡា​មុនពេល​ដៃទន្លេ​ទាំងនោះ​ហូរ​ចូលទៅក្នុង​មហាសមុទ្រ​។​
 
​លោក Buu បាន​បន្តទៀតថា ដៃទន្លេ​ទាំង​ប្រាំបួន​នោះបាន​កាត់បន្ថយ​មក​ស​ល់​តែ​ប្រាំពីរ​តែប៉ុណ្ណោះ​។​
 
​លោក​និយាយថា​៖
 
«​ប៉ុន្តែ វា​ប្រហែលជា​នៅសល់តែ​បួន ឬ​ប្រាំ​នោះទេ​នៅ​ថ្ងៃ​អនាគត ខ្ញុំ​មិនដឹង​ទេ​»​។​
 
​ការបាត់បង់​ដីល្បាប់​ដែល​អាចបំពេញ​ឡើងវិញ​ដោយ​ខ្លួនឯង​គឺជា​កត្តា​លំបាក​មួយទៀត​ដែល​នាំ​ឲ្យ​មានការ​ជន​លិច​តំបន់​ដីសណ្ត​ទន្លេមេគង្គ​នេះ​។​
 
​លោក Buu បាន​មានប្រសាសន៍​ទៀតថា ទំនប់ទឹក​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ ដែលមាន​ប្រវែង ៤០០០ គីឡូម៉ែត្រ ហូរ​ឆ្លងកាត់​ពី​តំបន់​ខ្ពង់រាប Tibet នៅ​ប្រទេស​ចិន ទៅ​ប្រទេស ឡាវ​និង​កម្ពុជា មុននឹង​ចែកចាយ​ទៅ​តំបន់​ដីសណ្ត​នោះ បាន​នាំ​ឲ្យ​មានការ បាត់បង់​លំហូរ​ដីល្បាប់​ប្រមាណ​ជា ៤០%​។​
 
​ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ (MRC) កាលពី​ឆ្នាំ​២០១៨ បាន​រកឃើញថា​ដីល្បាប់ ៩៧%​ដែល​ហូរ​ចាក់​ទៅ​តំបន់​ដីសណ្ត​ដែលមាន មហន្តរាយ​នោះ នឹងត្រូវ​បាត់បង់​នៅត្រឹម​ឆ្នាំ ២០៤០ ប្រសិនបើ​គម្រោង​សាងសង់​ទំនប់​នៅលើ​ដង​និង​ដៃទន្លេ​មេគង្គ​នាពេល​បច្ចុប្បន្ន​នៅតែ​បន្ត​។​
 
​លោក Buu និយាយថា គោលនយោបាយ​ទប់ទល់​ទៅនឹង​កម្លាំង​ច្រោះ​ដីសណ្ត​ដ៏​ខ្លាំង​ដែល​រួមមាន ទំនប់​ការពារ​ទឹកជំនន់ និង​ទ្វារ​ទឹក​ដ៏​មាន​សក្តានុពល​កំពុងតែ​ត្រូវគេ​ដំណើរការ​សាងសង់​។​
 
​លោក Pham Van Hung នាយករង​ទូទៅ​នៃ​ផ្នែក​រៀបចំ​ផែនការ​និង​ស៊ើបអង្កេត​ធនធានទឹក​នៃ​តំបន់​វៀតណាម​ខាងត្បូង ហើយ​ដែលជា​អ្នកចូលរួម​ចំណែក​ទៅក្នុង​ការសិក្សា​នេះ​ផងដែរ​នោះ បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​វៀតណាម​បាន​ណែនាំ​ឲ្យ​មានការ​រឹតបន្តឹង​មួយចំនួន​ចំពោះ​ការជីក​យក​ទឹក​ពីក្រោម​ដី​។​
 
​លោក Marc Goichot អ្នកឯកទេស​នៅ Greater Mekong's Water Lead របស់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​និយាយថា ខ្សាច់​រាប់សិប​លាន​តោន​ត្រូវបាន​បូម​ចេញពី​ទន្លេមេគង្គ និង​តំបន់​ដីសណ្ត​ជា​រៀងរាល់ឆ្នាំ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​បញ្ហា​បាក់ស្រុត​ដីសណ្ត​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​
 
​កត្តា​ទាំងអស់នេះ​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនឹង​ដ៏​មាន​សក្តានុពល​ដើម្បី​នឹង​ជួយ​បំពេញ​ដីសណ្ត​មកវិញ​ដោយ​ធម្មជាតិ​។​
 
​លោក​បាន​បន្តទៀតថា​៖ «​អ្វីដែល​ច្បាស់​នោះ​គឺថា កត្តា​ទាំងអស់នេះ​រួមចំណែក​ទៅ​បញ្ហា​តែមួយ​។ ហើយ​ការបាក់​ស្រុត​និង​ជន​លិច​ដីសណ្ត​ទន្លេមេគង្គ​នេះ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com