ជាតិ
ក្រសួងសុខាភិបាល អំពាវនាវជាថ្មីឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការបរិភោគត្រីក្រពត
× ក្រសួងសុខាភិបាលបានអំពាវនាវជាថ្មីឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការបរិភោគត្រីក្រពតចំនួន ៣ ប្រភេទ ដែលបណ្ដាលឱ្យពុលឈឺ និងស្លាប់។ សេចក្តីអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ កន្លងទៅនេះ ស្របពេលមានករណីពុលត្រីក្រពត នៅតែបន្តកើតឡើង ថ្វីដ្បិតក្រសួងធ្លាប់ធ្វើការណែនាំជារឿយៗក្ដី។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០១៩ នេះ គឺមានករណីពុលត្រីក្រពតកើតឡើងចំនួន ៧ លើក នៅក្នុងខេត្តចំនួន៤ ដូចជាខេត្តក្រចេះ កោះកុង សៀមរាប។ ស្របពេលជាមួយគ្នានេះដែរ នៅខេត្តបន្ទាយមានជ័យ បានកើតឡើងករណីពុលត្រីក្រពត ជាលើកទី ៣ កាលពីថៃ្ងទី ១៩ ខែកុម្ភៈ ដែលបានធ្វើឱ្យគ្រួសារមួយពុលឈឺ ៥ នាក់ និងស្លាប់ម្នាក់។
កន្លងមក គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្លាប់បានចុះផ្សាយអត្ថបទរបស់ខ្លួន នៅក្នុងគេហទំព័រថ្មីៗ នូវប្រភេទក្រពតពុលចំនួនប្រាំប្រភេទ ដែលអត្ថបទដកស្រង់ចេញពីអម្បូរក្រពត នៅព្រះរាជាណាចក្រកម្ពុជា នៃទស្សនាវដ្តីជលផលកម្ពុជា។
ខាងក្រោមនេះ គឺជារូបភាព និងលក្ខណៈសម្គាល់អំពីត្រីក្រពតពុលចំនួនប្រាំប្រភេទ ដែលខាងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គធ្លាប់បានចុះផ្សាយ៖
យោងតាមការស្រាវជ្រាវរបស់ក្រសួងបានឲ្យដឹងថា នៅពេលជាតិពុលជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល គឺអាចបណ្ដាលឱ្យស្លាប់។ ពួកត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវកូនបន្តពូជ ដែលស្ថិតនៅខែកុម្ភៈដល់ខែមីនា និងស្ថិតនៅចន្លោះខែ កក្កដាទៅខែកញ្ញា ហើយចំពោះមេជីវិត និងពងរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកថ្លើម ពោះវៀន ស្បែក និងសាច់។ បន្ទាប់ពីបរិភោគត្រីក្រពតទាំងនេះ រយៈពេល ២០នាទី ទៅ ២ម៉ោង គឺមានរោគសញ្ញា ដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗ នៅចុងអវយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម បើស្ថិតក្នុងស្ថានភាពពុលខ្លាំង គឺធ្វើឱ្យថប់ដង្ហើមស្លាប់តែម្តង។
ក្រសួងសុខាភិបាលបានអះអាងបន្តថា ការធ្វើឱ្យក្អួត គឺអាចជួយបញ្ចេញជាតិពុលបានមួយចំណែក ពីក្នុងខ្លួន។ បន្ទាប់មក ត្រូវប្រញាប់ទៅរកការជួយសង្គ្រោះជាបន្ទាន់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ លើសពីនេះ ជាតិពុលក្នុងត្រីក្រពតទាំងនោះ មិនអាចកម្ចាត់ចោលតាមរយៈការចម្អិនឱ្យឆ្អិន ឬដាក់ឱ្យកកឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com