កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao មិន​ចង់​ឲ្យ​កូន​ដើរ​តាម​គន្លង ប៉ុន្តែ​កូន​ថា «​ប្រដាល់​» ជា​អាជីព​ក្នុង​ក្តី​ស្រមៃ​
22, Feb 2019 , 8:39 pm        
រូបភាព
​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao ហាម​កូនប្រុស​ច្បង​មិន​ឲ្យ​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ដូច​ខ្លួន និង​ថែមទាំង​ប្រាប់​ឲ្យ​បំភ្លេច​ក្តី​ស្រមៃ​នេះ​ចោល​ទៀតផង​។ Pacquiao និយាយ​បែបនេះ នៅក្រោយពេល​ខ​ល​តាម​វីដេអូ​ឃើញ​កូន​ខ្លួន Jimuel Pacquiao កំពុង​ហ្វឹកហាត់​ប្រដាល់​អំឡុងពេល​តាំងពិព័រណ៍​មួយ​កាលពី​សប្តាហ៍​មុន​។​


 
Pacquiao បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាមរយៈ​អាជីព​ប្រដាល់សកល​ក្រោយ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ចំនួន ៨​ស្ថាប័ន​ក្នុង​កំណត់ត្រា ជាមួយនឹង​ប្រវត្តិ​ប្រកួត​៧០​ដង ឈ្នះ ៦១ ចាញ់​៧ និង​ស្មើ​២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៩​លើក​។ បើ​ទោះ​យ៉ាងនេះ​ក្តី សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​រូបនេះ នៅតែ​មិន​ចង់​ឲ្យ​កូនប្រុស​អាយុ ១៨ ឆ្នាំ Jimuel ដើរ​តាម​គន្លង​របស់ខ្លួន​ឡើយ​។​


Jimuel Pacquiao កំពុងហ្វឹកហាត់ ខណៈឪពុកកំពុងមើលកូនតាមរយៈខលវីដេអូ
 
​បន្ទាប់ពី​បានឃើញ Jimuel ពាក់​ស្នាប់ដៃ​ហើយ​ហ្វឹកហាត់​ប្រដាល់​ដែល​ត្រូវបាន​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ Pacquiao បាន​ប្រាប់​ទូរទស្សន៍​ហ្វីលីពីន ABS-CBN ថា​៖«​យើង​ពិតជា​បាន​ប្រឆាំងនឹង​បំណង​របស់ Jimuel​។ ភរិយា​របស់ខ្ញុំ Jinkee មិន​ឲ្យ​មាន ឧបករណ៍​ប្រដាល់​តាំងនៅ​ក្នុងផ្ទះ​ឡើយ ប៉ុន្តែ​យើង​មាន​ទីលាន​បាល់បោះ​មួយ​ជំនួស​វិញ​»​។​
 
​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន វ័យ​៤១​ឆ្នាំ​ដែលមាន​ទ្រព្យសម្បត្តិ​រាប់រយ​លាន​ដុល្លារ​នេះ តែងតែ​ព្យាយាម​ជំរុញ​កូនប្រុស​ម្នាក់នេះ​ឲ្យ​ជ្រើសរើស​អាជីព​ផ្សេង ដោយ​ប្រាប់​កូន​ថា​ខ្លួន​ឡើង​សង្វៀន​ប្រដាល់​កន្លងមក​គឺ​ដើម្បី​តែ​ជីវភាព​គ្រួសារ និង​គេច​ពី​ភាពក្រីក្រ​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​យ៉ាងណា Pacquiao ទទួលស្គាល់ និង​កត់សម្គាល់​ឃើញថា កូនប្រុស​ម្នាក់នេះ​ពិតជា​ចង់វាយ​ដូច​ខ្លួន​ណាស់​។ Pacquiao និយាយថា​កូនប្រុស Pacquiao Jimuel បាន​ប្រាប់​ខ្លួន​ថា​៖ «​ប៉ា​! ជា​អ្នក​ប្រដាល់​ដូច​ប៉ា​ក៏​ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​ដែរ ខ្ញុំ​ចង់​ក្លាយជា​អ្នកតំណាង​ឲ្យ​ប្រទេស​នេះ​ក្នុងនាម​ជា​អត្ត​ព​លិ​ក​ម្នាក់​»​។​
Pacquiao មានកូន​ទាំងអស់​៥​នាក់ ក្នុងនោះ​ប្រុស​៣ ស្រី​២ ហើយ Pacquiao Jimuel ជា​កូនច្បង​ក្នុង​គ្រួសារ​៕
 

Tag:
 ​ប្រដាល់​
  Manny Pacquiao
  Jimuel Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com