ជាតិ
គោលដៅ​ទេសចរណ៍​របស់​ពលរ​ដ្ឋ​បារាំង​៖​ជប៉ុន កម្ពុជា ក្រូ​អាស៊ី នូ​វែ​ល​សេ​ឡង់ តង់​ហ្សា​នី​
23, Feb 2019 , 9:19 am        
រូបភាព
ទិដ្ឋភាពរាជធានីភ្នំពេញពីលើអាកាស
ទិដ្ឋភាពរាជធានីភ្នំពេញពីលើអាកាស
ដោយ: ធីតា
​ការសិក្សា​មួយ​នៅ​បារាំង បានបង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​ស្ថិត​ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ឆ្នាំ​២០១៩ សម្រាប់​ជនជាតិ​បារាំង​នា​អំឡុង​វិស្សមកាល​។ បើតាម​ការផ្សាយ​របស់​សារព័ត៌ មានបារាំង Le Progrès ការសិក្សា​នេះ ស្ទង់​មតិ​ទៅលើ​ជនជាតិ​បារាំង ១២០៣​នាក់ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​។

 
​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សម្ភាស ៦៩​ភាគរយ បាន​ប្រាប់​ពី​គម្រោង​របស់ខ្លួន​ក្នុងការ​ចាក​ចេញពី​ប្រទេស​បារាំង សម្រាប់​ដំណើរ​ទេសចរណ៍​កម្សាន្ត​ពេល​វិស្សមកាល ដោយ​ភាគច្រើន ចង់ទៅ​តំបន់​ក្រៅពី​អឺរ៉ុប​។​
 
​តំបន់​អាស៊ី ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​ក្នុង​ក្តី​សុបិន​របស់​ជនជាតិ​បារាំង​។ ៣០​ភាគរយ បានដាក់​គោលដៅ​ទៅកាន់​ប្រទេស​ជប៉ុន បន្ទាប់ពី​ប្រទេស​នេះ បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាច្រើន ដូចជា​ការរៀបចំ​ពី​ព្រឹត្តិការណ៍​បាល់ឱប​ពិភពលោក និង​កីឡា​អូឡាំពិក​ជាដើម​។​
​ចំណែក​កម្ពុជា ត្រូវបាន​ជនជាតិ​បារាំង​ចាត់ទុកជា​គោលដៅ​ស្វែងយល់​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ធំ ដោយមាន​រហូតដល់​ទៅ​១៩​ភាគរយ ខណៈ​កាលពី​ឆ្នាំ​២០១៨ មានតែ​ក្នុង​រង្វង់​១០​ភាគរយ​ប៉ុណ្ណោះ ដែល​ប៉ង​មកកាន់​ដែនដី​អច្ឆរិយៈ​មួយ​នេះ​។​
 
​បន្ទាប់ពី​អាស៊ី អាមេរិក​ខាងជើង នៅតែ​ជា​គោលដៅ​ទេសចរណ៍​ទី​ពីរ​របស់​ជនជាតិ​បារាំង ក្នុងនោះ​រួមមាន សហរដ្ឋអាមេរិក កាណាដា និង​គុយបា ជាដើម ប៉ុន្តែ​តួលេខ​មិនមាន​ការប្រែប្រួល​ច្រើន​ឡើយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨​។​
 
​ឆ្នាំ​២០១៩ នេះ ជនជាតិ​បារាំង​១៤​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ ក៏​មិន​មើលរំលង​តំបន់​អាមេរិក​ឡាទីន​នោះដែរ​។ អា​ហ្ស​ង់​ទីន និង​បូ​លី​វី ជាទី​តាំង​ដែល​ពួកគេ​ចង់ទៅ​ដល់​ជាងគេ​។​
 
​នៅ​តំបន់​អូ​សេ​អា​នី នូ​វែ​ល​សេ​ឡង់ ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​ទេសចរណ៍​បារាំង ជាង​អូស្ត្រាលី​ទៅទៀត​។ រីឯ​នៅ​តំបន់​អាហ្វ្រិក តង់​ហ្សា​នី មានប្រៀប​ជាង​អេ​ហ្ស៊ី​ប ដែល​តែងតែ​ប្រឈម​នឹង​ការវាយប្រហារ​ភេរវកម្ម​ផ្សេងៗ​នា​រយៈពេល​ចុងក្រោយ​នេះ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ជនជាតិ​បារាំង ក៏​មិន​ចោល​គោលដៅ​ទេសចរណ៍​នៅ​តំបន់​អឺរ៉ុប​នោះដែរ​។ ក្រូ​អាស៊ី ជា​គោលដៅ​ចម្បង​គេ ដែលមាន​អ្នក​ចង់ទៅ​ឡើងដល់​១៩​ភាគរយ ខណៈ​ឆ្នាំ​២០១៨ មានតែ​៩​ភាគរយ​ប៉ុណ្ណោះ​។​
 
​របាយការណ៍​ដែល​ផ្សាយ​នៅលើ Le Progrès ក៏បាន​បង្ហាញ​ផងដែរ​ថា ៧៧​ភាគរយ​នៃ​ជនជាតិ​បារាំង​ជាង​១២០០​នាក់​ដែល​ត្រូវបាន​សម្ភាស ជ្រើសរើស​ការធ្វើដំណើរ​តាម​យន្តហោះ និង​១៩​ភាគរយ តាម​រថភ្លើង​។​
 
​គ្មានអ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះឡើយ លទ្ធផល​ស្ទង់​មតិ​ឲ្យ​ដឹងផង​ដែរ​ថា ៦៩​ភាគរយ ចូលចិត្ត​ទៅ​តំបន់​សមុទ្រ ១២​ភាគរយ​ទៅ​តំបន់ភ្នំ និង​៩​ភាគរយ​ប៉ុណ្ណោះ​ដែល​ចង់​ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​ទីក្រុង​៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com