អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម បញ្ជា​ឲ្យ​ចាត់វិធានការ​គ្រប់គ្រង​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
22, Feb 2019 , 9:59 pm        
រូបភាព
រូបភាព Laodong.vn
រូបភាព Laodong.vn
ដោយ:
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក (Nguyễn Xuân Phúc) បាន​ណែនាំ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​, ភ្នាក់ងារ​ពាក់ព័ន្ធ និង​មន្ត្រី​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (African swine fever) ក្នុងប្រទេស​វៀតណាម​។ បទបញ្ជា​នេះ គឺធ្វើឡើង​ក្រោយពី​មាន​ករណី​ជំងឺឆ្លង​ប្រភេទ​នេះ​ផ្ទុះឡើង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​កាលពីដើម​សប្តាហ៍​នេះ​។​

 
​នៅ​ថ្ងៃ​ពុធ​ទី​២០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វ៊ុ​ក បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ណែនាំ​ដល់​មន្ត្រី​ទាំង​ថ្នាក់​ខេត្ត និង​ទីក្រុង​ឲ្យ​ពង្រឹង​ការត្រួតពិនិត្យ​និង​ឃ្លាំមើល​ឲ្យ​កាន់តែ​ល្អិតល្អន់​នៅតាម​បណ្តោយ​ច្រកព្រំដែន និង​ទីសត្តឃាដ ព្រមទាំង​អប់រំ​ប្រជាជន​មូលដ្ឋាន​ស្តីពី​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​ប្រភេទ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News ។​
 
​ទន្ទឹមនឹង​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បានស្នើ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​សហការ​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​ចំពោះ​ជំងឺ​រាតត្បាត​នេះ ជាពិសេស​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​វា​រាលដាល​ចូលទៅក្នុង​ប្រទេស​។ ជាមួយគ្នានេះ ក្រសួង​ក៏មាន​ទំនួល​ខុសត្រូវ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ និង​ប្រទេសជិតខាង​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ 
 
​បើតាម​លោក ង្វៀន ស៊ួ​ន​ហ្វ៊ុ​ក គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ ត្រូវដាក់​ពិន័យ​ឲ្យ​បាន​តឹងរ៉ឹង​លើ​ជន​ណា ដែល​ធ្វើ​ចរាចរណ៍​សត្វ​ជ្រូក​មាន​ជំងឺ​ដោយ​ខុសច្បាប់​ពី​ប្រទេស​ផ្សេង​ចូលទៅ​កាន់​ប្រទេស​វៀតណាម​។ លើសពីនេះ ក្រសួង​ដឹកជញ្ជូន​, ការពារជាតិ​, ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​, ព័ត៌មាន​និង​ទូរគមនាគមន៍ ក៏ត្រូវ​រួមដៃគ្នា​អនុវត្ត​វិធានការ​ទប់ទល់ និង​អប់រំ​ប្រជាជន​មូលដ្ឋាន់​អំពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ករណី​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​បានកើត​ឡើង​ក្នុងប្រទេស​ចំនួន​២០ ហើយ​ជ្រូក​ជាង​១​លាន​ក្បាល​ត្រូវបាន​សម្លាប់ចោល​ដើម្បី​ការពារ​កុំ​ឲ្យ​ជំងឺ​រាលដាល​។ នេះ​បើ​យោងតាម​អង្គការ​ពិភពលោក​សម្រាប់​សុខភាព​សត្វ (OIE)​។ ចាប់ពី​ថ្ងៃទី​៣ ឆ្នាំ​២០១៨ ដល់​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំនេះ ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​ច្រើនជាង​១០០​ករណី​បាន​ផ្ទុះឡើង​ក្នុង​ខេត្ត​និង​ក្រុង​ចំនួន​២៥​នៃ​ប្រទេស​ចិន រួមមាន​ខេត្ត យូ​ណាន (Yunnan) និង​គ័ង​តុង (Guangdong) ក្បែរ​នៅ​ព្រំ​ដែរ​វៀតណាម​។  សត្វ​ជ្រូក​ជិត​មួយ​លាន​ក្បាល​ត្រូវបាន​សម្លាប់ចោល​។ 
 
 
​គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ អាជ្ញាធរ​វៀតណាម​បាន​រកឃើញ​វត្តមាន ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​កសិដ្ឋាន​ចំនួន​បី​។ នេះ​ជា​ករណី​ទីមួយ​ដែល​អាជ្ញាធរ​ជំនាញ​បាន​ចេញមុខ​បញ្ជាក់​ពី​ជំងឺឆ្លង​ប្រភេទ​នេះ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ សត្វ​ជ្រូក​ទាំងអស់​នៅ​កសិដ្ឋាន​ចំនួន​បី​ដែល​ស្ថិតក្នុង​ខេត្ត Hung Yen និង ខេត្ត Thai Binh ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ​ត្រូវបាន​សម្លាប់ចោល ក្រោយពី​រកឃើញថា​សត្វ​ទាំងនោះ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​៕

Tag:
 វៀតណាម​
  នាយករដ្ឋមន្ត្រី​វៀតណាម​
  ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com