អន្តរជាតិ
អាមេរិក នឹង​ទុក​ទាហាន​២០០​នាក់​នៅ​ស៊ី​រី ដើម្បី​រក្សា​សន្តិភាព​
23, Feb 2019 , 9:59 am        
រូបភាព
ក្បូនយោធាអាមេរិកនៅស៊ីរី (រូបភាព AFP)
ក្បូនយោធាអាមេរិកនៅស៊ីរី (រូបភាព AFP)
​សហរដ្ឋអាមេរិក នឹងមិន​ដក​ទាហាន​របស់ខ្លួន​ទាំងស្រុង​ចេញពី​ទឹកដី​ស៊ី​រី​ដូចដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ឡើយ​។ បើតាម​សេត​វិមាន ទាហាន​អាមេរិក​ចំនួន​២០០​នាក់ នឹង​បន្ត​វត្ត​មាននៅ​ស៊ី​រី​ដដែល​។ មិនមាន​មូលហេតុ​អ្វី​ឡើយ​ជុំវិញ​ការរក្សា​ទុក​យោធា​ខ្ទង់រយ​នាក់​បែបនេះ ប៉ុន្តែ​រដ្ឋាភិបាល​លោក ត្រាំ រង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​គម្រោង​ដកទ័ព​ចេញពី​ស៊ី​រី​នេះ ដ្បិត​ស្ថានការណ៍​ពិតប្រាកដ​មិនបាន​ធូរស្រាល​ដូច​លោក ត្រាំ គិត​ទេ​។

 
«​កងកម្លាំង​រក្សា​សន្តិភាព​មួយក្រុម​ដែលមាន​សមាជិក​ប្រហែល​២០០​នាក់ នឹង​បន្ត​ពង្រាយ​នៅ​ស៊ី​រី​។​» នេះ​ជាការ​ប្រកាស​របស់លោក​ស្រី Sarah Sanders អ្នកនាំពាក្យ​សេត​វិមាន​២១ ខែកុម្ភៈ​។ មន្ត្រី​សេត​វិមាន​រូបនេះ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អ្វី​ទេ​ទាក់ទង​គោលបំណង​នៃ​ការរក្សា​វត្តមាន​យោធា​អាមេរិក​ក្រុម​នេះ ឬក៏​ពី​ពេលវេលា​ដែល​ត្រូវ​បន្ត​ពង្រាយ​បែបនេះ​។ 
 
​យ៉ាងណាមិញ ការប្រកាស​នេះ​ធ្វើឡើង​ចំពេល​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ស្ពឹក​មុខ​នឹង​ពាក្យរិះគន់​ជុំវិញ​ការសម្រេចចិត្ត​ដកទ័ព​ពី​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​នៅត្រឹម​ថ្ងៃទី​៣០ ខែមេសា​។ លោក ត្រាំ ប្រកាស​ពី​គម្រោង​ដកទ័ព​នេះ​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​ហេតុផល​ថា ក្រុម​រដ្ឋ​ឥស្លាម​បាន​បាក់ទ័ព​ហើយ​។ ប៉ុន្តែ​ធាតុពិត សកម្មជន​របស់​ក្រុម​នេះ​ជាច្រើន​ពាន់​នាក់​កំពុង​ប្រយុទ្ធ​ជាមួយ​យោធា​ស៊ី​រី និង​កម្លាំងចម្រុះ​អន្តរជាតិ​នៅឡើយ​។​
 
​ក្រុម​អ្នក​រិះគន់​លោក ត្រាំ រាប់ទាំង​សមាជិក​បក្ស​សាធារណរដ្ឋ​ផង​នោះ យល់ថា ការ​ដកទ័ព​នៅពេលនេះ​មិនមែនជា​រឿង​ត្រឹមត្រូវ​ឡើយ​។ ក្រៅពី​រឿង​ក្រុម​រដ្ឋ​ឥស្លាម​មិនទាន់​បាក់​ស្លាប​នោះ ការគំរាមកំហែង​រប​ស់​តួ​ក​គី​លើ​ក្រុម​សកម្មជន​ឃើ​ដ​ស៊ី​រី ក៏​ជា​បញ្ហា​ដែរ​។ ក្រុម​ឃើ​ដ​ស៊ី​រី ជា​កម្លាំង​នាំមុខ​របស់​កម្លាំងចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរ​វករ ប៉ុន្តែ​តួ​ក​គី​ចាត់ទុក​ជីវពល​ឃើ​ដ​ជា​ភេរ​វករ​ដូចគ្នា ហើយ​ដែល​ត្រូវ​កម្ចាត់​ឲ្យ​អស់​។​
 
​អាច​ថា​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក ការរក្សា​វត្តមាន​យោធា​មួយក្រុម ទំនងជា​ការធានា​មួយ​សម្រាប់​កម្លាំងចម្រុះ​ដទៃទៀត​ពិសេស​ប្រទេស​អឺរ៉ុប​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាម​រិ​ក ផា​ទ្រី​ក សា​ណា​ហាន់ ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន​ដើម្បី​ផ្ដល់​ការធានា​នេះ​។ ប៉ុន្តែ​ការប្រកាស​ដកទ័ព​រប​ស់លោក ត្រាំ ធ្វើ​ឲ្យ​ប្រទេស​នានា​គិតក្នុងចិត្ត​ថា ហេតុអ្វី​ខ្លួន​ត្រូវ​នៅ បើ​អាមេរិក​ទៅហើយនោះ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការប្រើប្រាស់​ពាក្យ​រក្សា​សន្តិភាព​។ ងាក​ទៅ​ស្ថានការណ៍​នៅ​ស៊ី​រី ការប្រយុទ្ធ​រវាង​ភាគី​ជាច្រើន​នៅតែ​កើតមាន​ដដែល​។ យោធា​រដ្ឋាភិបាល​ស៊ី​រី​កំពុង​បន្តធ្វើ​យុទ្ធនា​ការដណ្ដើម​ទឹកដី​មក​គ្រប់គ្រង​វិញ ខណៈ​ក្រុម​ឃើ​ដ​ស៊ី​រី​ក៏​បន្ត​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់​។ ដូចនេះ គ្មាន​សន្តិភាព​សម្រាប់រ​ក្សា​ឡើយ​នៅ​ស៊ី​រី ឬក៏​អាមេរិក​មាន​ផែនការ​ផ្សេងទៀត​ដែល​ត្រូវអនុវត្ត​នៅពេល​ខាងមុខ​?
 

Tag:
 អាមេរិក​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com