ជាតិ
សេដ្ឋកិច្ច
អនុប្រធានទូតអាមេរិក៖ ក្រុមហ៊ុនអាមេរិក ខុសពីក្រុមហ៊ុនផ្សេងទៀត ដែលរកស៊ីនៅកម្ពុជា
× លោក Michael Newbill អនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនអាមេរិកតំណាងឲ្យគុណតម្លៃរបស់អាមេរិក ហើយនាំមកនូវផលិតផលល្អ មានស្តង់ដាខ្ពស់ តម្លាភាព និងការគោរពច្បាប់។ ក្រុមហ៊ុនអាមេរិកខុសពីក្រុមហ៊ុនជាច្រើនទៀតដែលរកស៊ី នៅក្នុងតំបន់ និងក្រុមហ៊ុនជាច្រើននៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
ស្ថានទូតអាមេរិក បានរៀបចំសិក្ខាសាលាមួយ នារសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលនិយាយពី «អាកាសចរណ៍ និងអនុសញ្ញាទីក្រុង Cape Town» ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃអនុសញ្ញា Cape Town និងប្រភពហិរញ្ញប្បទានដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ក៏មានការចូលរួមពីក្រុមហ៊ុនអាមេរិកច្រើនផងដែរ។
លោក Michael Newbill បានលើឡើងក្នុងសិក្ខាសាលាថា៖«ខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកទាំងអស់ពិចារណាថា តើនរណាអាចជាដៃគូល្អបំផុតសម្រាប់អ្នក និងសម្រាប់រយៈពេលយូរអង្វែង។ ក្រុមហ៊ុនដែលមកនេះ ស្វែងរកអតិថិជន តែគេក៏រកដៃគូយូរអង្វែងដែរ»។
អនុប្រធានទូតរូបនេះ បន្តថា សេដ្ឋកិច្ចកម្ពុជា កំពុងតែមានកំណើនយ៉ាងឆាប់រហ័ស ហើយក៏កំពុងតែធ្វើពាណិជ្ជកម្មនៅទីផ្សារអន្តរជាតិផងដែរ ដូច្នេះកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ដើម្បីទ្រទ្រង់ដល់ពាណិជ្ជកម្ម និងពង្រឹងវិស័យទេសចរណ៍របស់ខ្លួន។
លោកបញ្ជាក់ថា នេះជាឱកាសល្អសម្រាប់កម្ពុជា ដើម្បីពង្រឹងវិស័យអាកាសចរណ៍ ដើម្បីជួយដល់កំណើននៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ លោក អះអាងថា អនុសញ្ញានេះ អាចអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាជួល ឬទិញយន្តហោះ និងឧទ្ធម្ភាគចក្របានក្នុងតម្លៃថោក ជាមួយបច្ចេកទេសផ្នែកអាកាសចរណ៍ចុងក្រោយ នៅលើទីផ្សារ។
គួររម្លឹកថា ប្រទេសកម្ពុជាទទួលបានទេសចរប្រមាណ ៦លាននាក់ កាលពីឆ្នាំ ២០១៨ ហើយរដ្ឋាភិបាល គ្រោងនឹងទទួលភ្ញៀវទេសចរ១២លាននាក់ ត្រឹមឆ្នាំ២០២៥៕
Tag:
Michael Newbill
អាមេរិក
ក្រុមហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com