អន្តរជាតិ
រដ្ឋមន្ត្រី​ជប៉ុនចេញ​សុំទោស​ជា​សាធារណៈ ក្រោយ​ទៅ​ប្រជុំ​យឺត​«​បី​នាទី​»
23, Feb 2019 , 12:12 pm        
រូបភាព
​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​រៀបចំ​កីឡា​អូឡាំពិក​របស់​ជប៉ុន Yoshitaka Sakurada នៅ​ថ្ងៃទី​២១ ខែកុម្ភៈ បានប្រកាស​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​លោក​ទៅ​ប្រជុំ​សភា​យឺត​ចំនួន​បី​នាទី​។ សមាជិកសភា​មកពី​បក្សប្រឆាំង បាន​ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​សកម្មភាព​របស់​រដ្ឋមន្ត្រី​រូបនេះ ហើយក៏​ធ្វើពហិការ​កិច្ចប្រជុំ​ចំនួន​ប្រាំ​ម៉ោង ជាការ​តវ៉ា​វិញ​។​

​លោក Yoshitaka Sakurada រដ្ឋមន្ត្រី​ទទួលបន្ទុក​ព្រឹត្តិការណ៍​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ និង​ទទួលបន្ទុក​សន្តិសុខ​បច្ចេកវិទ្យា​ផង​នោះ បាន​រង​ការរិះគន់​ជា​បន្តបន្ទាប់ ដោយសារ​សម្ដី និង​អាកប្បកិរិយា​មិន​សមរម្យ​របស់ខ្លួន​។ លោក​កាន់តំណែង​សំខាន់ៗ​នេះ​កាលពី​ឆ្នាំមុន បន្ទាប់ពី​លោក ស៊ីន​ហ្សូ អា​បេ ឈ្នះ​ការបោះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត​។​

​កាលពី​សប្ដាហ៍​មុន លោក Sakurada បានប្រកាស​សុំទោស​ជា​សាធារណៈ​ម្ដង​ហើយ បន្ទាប់ពី​បង្ហាញ​ការខកចិត្ត​ចំពោះ​កីឡាការិនី​ហែល​ទឹក Rikako Ikee ដែល​ប្រកាសថា នាង​មាន​ជំងឺមហារីក​ឈាម (Leukaemia) ។ អត្ត​ព​លិ​ក​រូបនេះ មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ដំណើរ​មេដាយ​ឲ្យ​ជប៉ុន​នា​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ ដែល​ជប៉ុន​ជា​ម្ចាស់ផ្ទះ​។ 

​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ រដ្ឋមន្ត្រី​ដដែល​នេះ ក៏​សុំទោស​ម្ដងទៀត ព្រោះ​យឹត​យ៉ាវ​ក្នុង​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ថវិកា​នៃ​សភា​ជប៉ុន​ទៀត​។ តាមពិតទៅ លោក Sakurada ទៅ​យឺត​បី​នាទី ប៉ុន​សមាជិកសភា​បក្ស​ប្រឆាំង ចាត់ទុក​ការយឺតយ៉ាវ​នេះ ជា​ទង្វើ​មិន​គោរព​ការងារ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC ។​

​កាលពី​ឆ្នាំ​២០១៨ លោក Sakurada ដែលជា​រដ្ឋមន្ត្រី​សន្តិសុខ​បច្ចេកវិទ្យា​នោះ ក៏​រង​ការរិះគន់​ដូច​ព្យុះ បន្ទាប់ពី​ថ្លែង​ក្នុង​សភា​ថា  លោក​មិនដែល​ធ្លាប់​ប្រើប្រាស់​កុំព្យូទ័រ​នោះឡើយ​។ ជំនួស​វិញ លោក​ធ្វើការ​ជាមួយ​លេខា និង​មន្ត្រី​ថ្នាក់ក្រោម​។ លោក​ថា វា​មិនមែនជា​បញ្ហា​ចោទ​អ្វី​ទេ ហើយ​លោក​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា នឹង​មិនមាន​បញ្ហា​អ្វី​នោះឡើយ​ក្នុងការ​អនុវត្ត​ការងារ​ខ្លួន​៕
 

Tag:
 ជប៉ុន​
  Yoshitaka Sakurada
© រក្សាសិទ្ធិដោយ thmeythmey.com