អន្តរជាតិ
ប្រទេស​១០​ដែល​ពុករលួយ​ខ្លាំង និង​តិចជាងគេ​លើ​ពិភពលោក​?
23, Feb 2019 , 4:59 pm        
រូបភាព
ដោយ:
​តាម​របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ប្រចាំឆ្នាំ​២០១៨ ដែល​ទើប​ចេញផ្សាយ​ដើមឆ្នាំ ២០១៩​នេះ ក្នុងចំណោម​ប្រទេស​ចំនួន ១៨០ គ្មាន​ប្រទេស​ណាមួយ ដែល​ស្អាតស្អំ​គ្មាន​អំពើពុករលួយ​នោះទេ ក៏ប៉ុន្តែ​កម្រិត​នៃ​អំពើពុករលួយ មាន​ស្ថានភាព​តិចតួច មធ្យម និង​ធ្ងន់ធ្ងរ​បំផុត ដោយ​អាស្រ័យ​លើ​យុទ្ធសាស្ត្រ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​នីមួយៗ​។​

 
​ជា​រៀងរាល់ឆ្នាំ តម្លាភាព​អន្តរជាតិ ដែលជា​អង្គការ​មួយ​បង្កើត​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ តែងតែ​ធ្វើ​ចំណាត់ថ្នាក់​ទៅលើ​ប្រទេស​នីមួយៗ​លើ​កម្រិត​នៃ​អំពើពុករលួយ​តាមរយៈ​ការវាយតម្លៃ​ទៅលើ​កម្រិត​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ​របស់​អ្នកជំនាញ និង​អ្នកជំនួញ​ជាដើម ។ លទ្ធផល​នៃ​ការវាយតម្លៃ ត្រូវបាន​ផ្តល់​ជា​ពិន្ទុ​ពី ០ (​អាក្រក់​បំផុត​) ទៅ ១០០ (​ល្អ​បំផុត​)​។​
 
​តាម​ការអះអាង​របស់​លោកស្រី​ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ  Delia Ferreira Rubio អំពើពុករលួយ ភាគច្រើន​រីកដុះដាល​នៅ​ទី​ន្លែ​ង​ណា ដែល​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ មាន​ភាពទន់ខ្សោយ ហើយ​ទីនោះ​ហើយ ដែលជា​កន្លែង​អ្នកនយោបាយ​ប្រភេទ​ឧបាយ​និយម និង​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ កេងចំណេញ និង​ទាញ​ផលប្រយោជន៍​សម្រាប់តែ​ខ្លួនឯង​។ 
​ខាងក្រោម​នេះ គឺជា​ប្រទេស​ទាំង​៥ ដែលមាន​អំពើពុករលួយ​តិចតួច​បំផុត​របស់​ពិភពលោក​ប្រចាំឆ្នាំ​២០១៨ ៖
 
១. ដា​ណឺ​ម៉ាក ទទួលបាន​ពិន្ទុ ៨៨/១០០
២. ណូ​វែ​ល​ហ្សេ​ឡង់ ទទួលបាន​ពិន្ទុ ៨៧/១០០
៣. ហ្វាំ​ង​ឡង់ ទទួលបាន​ពិន្ទុ ៨៥/១០០
៤. សិង្ហ​បុរី ទទួលបាន​ពិន្ទុ ៨៥/១០០
៥. ស៊ុយ​អ៊ែត ទទួលបាន​ពិន្ទុ​ក ៨៥/១០០ 
 
​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅក្នុង​ប្រទេស​អភិវឌ្ឍ និង​មាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ មាន​កម្រិត​នៃ​អំពើពុករលួយ​តិច ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍ និង​ជួប​សង្គ្រាមរ៉ាំរ៉ៃ មាន​កម្រិត​អំពើពុករលួយ​ខ្លាំង​។  ខាងក្រោម​នេះ ជា​ប្រទេស​ដែលមាន​កម្រិត​អំពើពុករលួយ​ធ្ងន់ធ្ងរ​បំផុត​របស់​ពិ​ព​ភ​លោក​៖
 
១. សូ​ម៉ាលី ទទួលបាន​ពិន្ទុ ១០/១០០
២. ស៊ី​រី ទទួលបាន​ពិន្ទុ ១៣/១០០
៣. ស៊ូដង់​ខាងត្បូង ទទួលបាន​ពិន្ទុ ១៣/១០០
៤. យេ​មែន ទទួលបាន​ពិន្ទុ ១៤/១០០
៥. កូរ៉េខាងជើង ទទួលបាន​ពិន្ទុ ១៤/១០០ ៕ 
 

Tag:
 អំពើពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com