អន្តរជាតិ
អតីតមន្ត្រី​CIA៖ លោក គីម ជុង​អ៊ុន ប្រា​ប់លោក ប៉ុ​ម​ប៉េ​អូ ថា ចង់​រំសាយ​នុយក្លេអ៊ែរ​ដើម្បី​អនាគត​កូនៗ
23, Feb 2019 , 5:59 pm        
រូបភាព
រូបភាព Sky News
រូបភាព Sky News
​នៅសល់​មិន​ដល់​មួយ​សប្ដាហ៍​ទៀតឡើយ ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​មកដល់​។ ប្រធានបទ​សំខាន់​នៃ​ជំនួប​លើក​ទី​ពីរ គឺ​ការរំសាយ​នុយក្លេអ៊ែរ ដែល​លោក គីម ផ្ទាល់ ប្រកាស​ជារឿយៗ​ថា លោក​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​នេះ​។ អតីតមន្ត្រី​ម្នាក់​នៃ​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) បាន​ទម្លាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង​រូបនេះ​ពិតជា​មានបំណង​បោះបង់​នុយក្លេអ៊ែរ​មែន គឺ​ដើម្បី​អនាគត​កូន​របស់ខ្លួន​។​

 
​លោក Andrew Kim អតីត​ប្រធាន​មជ្ឈមណ្ឌល​បេសកកម្ម​កូរ៉េ​នៃ​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) និយាយថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​ឆន្ទៈ​រំសាយ​នុយក្លេអ៊ែរ​នៅ​ចំពោះមុខ​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ អំឡុងពេល​ទស្សនកិច្ច​សម្ងាត់​នៅ​ព្យុងយ៉ាង​កាលពី​ខែមេសា ឆ្នាំ​២០១៨ ។ កាលនោះ លោក ប៉ុ​ម​ប៉េ​អូ នៅ​កាន់តំណែង​នាយក CIA នៅឡើយ ដោយ​មិនទាន់​ឡើង​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap លោក Kim ដែល​ចូលនិវត្តន៍​កាលពី​ចុងឆ្នាំ​២០១៨ និយាយថា ប្រតិភូ​អាមេរិក ពិសេស​លោក ប៉ុ​ម​ប៉េ​អូ ផ្ទាល់ បាន​សួរ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ចំៗ​ពី​បំណង​ពិតប្រាកដ​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​។ ក្នុង​កម្មវិធី​មួយ​នៅ​សាកល​វិទ្យា Stanford អតីតមន្ត្រី CIA បាន​ប្រាប់​ចម្លើយ​លោក គីម ថា​៖ «​ខ្ញុំ​ជា​ឪពុក និង​ជា​ប្ដី​ម្នាក់ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​របស់ខ្ញុំ​ស្ពាយ​នុយក្លេអ៊ែរ​រស់នៅ​ពេញ​មួយជីវិត​របស់​ពួកគេ​ឡើយ​។​»
 
​សូមបញ្ជាក់ថា លោក គីម ជុង​អ៊ុន ដែល​ដឹកនាំ​កូរ៉េខាងជើង​តាំងពី​មរណភាព​ឪពុក​ខ្លួន​លោក គីម ជុងអ៊ីល នៅ​ចុងឆ្នាំ​២០១១ មានកូន​ចំនួន​បីនាក់ និង​មាន​ភរិយា​ឈ្មោះ រី ស៊ុ​ល​ជូ ។ ព័ត៌មាន​លម្អិត​ទាក់ទង​គ្រួសារ​របស់​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ មិន​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​ឡើយ ហើយ​គេ​ដឹង​តិចតួច​បំផុត​ពី​មែកធាង​របស់​ត្រកូល គីម ដែល​ដឹកនាំ​កូរ៉េខាងជើង​បី​តំណ​មកហើយ​។ 
 
​ក្រៅពី​ការប្ដេជ្ញាចិត្ត​បោះបង់​នុយក្លេអ៊ែរ​ដើម្បី​កូនៗ អតីតមន្ត្រី CIA ខាងលើ​ក៏បាន​បញ្ចេញ​ព័ត៌មាន​មួយចំនួនទៀត​នា​ជំនួប​រវាង​លោក គីម និង​លោក ប៉ុ​ម​ប៉េ​អូ កាលពី​ខែមេសា​កន្លងទៅ​។ បើតាម​មន្ត្រី​អ្នកជំនាញ​កិច្ចការ​កូរ៉េ​រូបនេះ មេដឹកនាំ​កូរ៉េខាងជើង​ក៏​លើកឡើង​ពី​សារសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-​កូរ៉េខាងជើង​ដើម្បី​កសាង​ទំនុកចិត្ត​ទៅវិញទៅមក មុននឹង​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​។​
 
​លោក គីម នឹងត្រូវ​ជួប​លោក ត្រាំ លើក​ទី​ពីរ​នៅ​វៀតណាម​ចាប់ពី​ថ្ងៃទី​២៧ ដល់ទី​២៨ ខែកុម្ភៈ​។ មន្ត្រី​ប្រទេស​ទាំងពីរ​កំពុង​ជជែក​គ្នា​ពី​ការរៀបចំ ប្រធានបទ​សម្រាប់​ការចរចា និង​បញ្ហា​ពាក់ព័ន្ធ​ដទៃទៀត​។ ច្បាស់​ណាស់​ថា ការជំរុញ​ល្បឿន​រំសាយ​នុយក្លេអ៊ែរ​ជា​ប្រធានបទ​សំខាន់ ដ្បិត​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​តាម​ការព្រមព្រៀង​នៅ​ជំនួប​លើកទីមួយ មិន​ទៅមុខ​សោះ ដោយសារ​ការខ្វែងគំនិត​គ្នា​ច្រើនពេក​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com