ជាតិ
រដ្ឋាភិបាលចាប់ផ្តើមរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី លោក ជា សុផារ៉ា ទទួលបន្ទុកជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានចេញសេចក្តីសម្រេច នៅស្តីពីការបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដោយមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាប្រធាន។
ក្នុងសេចក្តីសម្រេចដែលយោងតាមតម្រូវការការងារចាំបាច់នោះ លោក ជា សុផារ៉ា មានក្រុមការងាររបស់ខ្លួនជាង២០នាក់ ដែលទទួលខុសត្រូវរៀបចំទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលក្នុងនោះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន ខណៈលោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ ជាសមាជិកអចិន្ត្រៃយ៍។
សមាជិក២០រូបផ្សេងទៀត មានលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងរដ្ឋលេខាធិការពីបណ្តាក្រសួងមួយចំនួនដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ការពារជាតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧស្សហកម្ម និងសិប្បកម្ម រ៉ែ និងឋាមពល បរិស្ថាន ធនធានទឹក និងឧតុនិយម សាធារណការ និងដឹកជញ្ជូន រួមទាំងក្រសួងទេសចរណ៍។
ក្រៅពីនេះ មានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
សេចក្តីជូនដំណឹងមិនបានបញ្ជាក់ពីទីតាំងនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីនោះឡើយ ប៉ុន្តែដើមខែមករា កន្លងមក កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានថ្មី នៅភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវចុះហត្ថលេខាលោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងលោកហ៊ូ ហ៊ួយប៉ាង ប្រធានធនាគារអភិវឌ្ឍន៍ចិន (CDB)។ គម្រោងនេះ សាងសង់ឡើងនៅលើផ្ទៃដីទំហំ២៦០០ហិកតា ក្រោមទុនវិនិយោគ១៥០០លានដុល្លារអាមេរិក៕
Tag:
អាកាសដ្ឋាន
យន្តហោះ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com