អន្តរជាតិ
បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី ប្តេជ្ញា​ប្រែខ្លួន​ជា​មជ្ឈមណ្ឌល​ឌីជីថល​ប្រចាំ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០២០
23, Feb 2019 , 8:19 pm        
រូបភាព
រូបភាព៖ Jakarta Post
រូបភាព៖ Jakarta Post
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង និង​កែទម្រង់​ក្របខណ្ឌ​បទបញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​សេដ្ឋកិច្ច​រេ​ខូ​ប​នីយកម្ម ឬ​សេដ្ឋកិច្ច​តាម​ប្រព័ន្ធ​ឌីជីថល ខណៈដែល​ក្រុង​ហ្សា​ការ​តា មាន​មហិច្ឆតា​ក្នុងការ​កែប្រែ​ប្រទេស​ខ្លួន​ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ឌីជីថល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំក្រោយ​។​


 
​មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច Rudy Salahuddin បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នឹង​ពិនិត្យឡើងវិញ​លើ​បទបញ្ញត្តិ​មួយចំនួន​របស់​រដ្ឋាភិបាល​ស្តី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​, ការការពារ​ទិន្ន័យ​បុគ្គល និង​ការគ្រប់គ្រង​ពន្ធ​តាម​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដែល​ផែនការ​ពិនិត្យឡើងវិញ​នេះ ត្រូវ​ឥណ្ឌូណេស៊ី​រំពឹង​ខ្ពស់​ថា នឹងធ្វើ​ឲ្យ​ខ្លួន​អាច​ក្លាយជា​មជ្ឈមណ្ឌល​ឌីជីថល​ប្រចាំ​តំបន់​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដដែល​នេះ បាន​អះអាងថា​ដើម្បី​បំពេញ​មហិច្ឆតា​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានរៀបចំ​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូវ​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ក៏ប៉ុន្តែ​ដោយសារតែ​មានការ​ផ្លាស់​ប្តូរ​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម រួមទាំង​ការចង់​ធានា​ឲ្យ​បាន​ពី​ការការពារ​លើ​ទិន្នន័យ​របស់​សហគ្រាស​តូច និង​មធ្យម និង​ចលនា​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ផង​នោះ រដ្ឋាភិបាល ត្រូវ​ពន្យារពេល​នីតិវិធី​។ 
 
​ការធានា​ពី​ការប្តេជ្ញាចិត្ត​ប្រែក្លាយ​ឥណ្ឌូណេស៊ី​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​ឌីជីថល​ប្រចាំ​តំបន់ ស្រប​ពេលដែល​ក្រុម​អ្នកស្រាវជ្រាវ​យុទ្ធសាស្ត្រ​អន្តរជាតិ បានចេញ​របាយការណ៍​មួយ ដោយ​ព្យាករ​ថា ឥណ្ឌូណេស៊ី អាច​ទទួលបាន​ផលប្រយោជន៍ និង​ឱកាស​កាន់តែច្រើន​នៅត្រឹម​ឆ្នាំ​២០៣០ តាមរយៈ​ពាណិជ្ជកម្ម​ឌីជីថល​មួយ​នេះ​។ 
 
​គួរ​ជម្រាប​ផង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល គឺជា​ធាតុ​ចូល​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​សេដ្ឋកិច្ចពិភពលោក ជាពិសេស​សម្រាប់​ប្រទេស​កំពុង​តែមាន​សេដ្ឋកិច្ច​ងើបឡើង និង​កំពុងតែ​ព្យាយាម​សម្រប​ខ្លួន​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ផង​នោះ​។ 
 
​តាម​ការលើកឡើង​រប​ស់លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) ក្នុងពេល​លោក ធ្វើ​វាគ្មិន​ក្នុង​កម្មវិធី​របស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ហ្វិ​ក​ក្នុង​ឆ្នាំ​២០១៧ ដែលជា​ពេល​វៀតណាម​ជា​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី មាន​អ្នកប្រើប្រាស់​អិន​ធ័​រ​ណែ​ត​រហូតដល់ ១៣២.៧ លាន​នាក់ ដែល​ចំណុច​នេះ លោក​ប្រធានាធិបតី ចាត់ទុកថា ជា​សក្តានុពល​មួយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com