អន្តរជាតិ
តើ​មហា​កំផែង​ចិន​ត្រូវបាន​គេ​សាងសង់​ក្នុង​គោលបំណង​អ្វី​?
23, Feb 2019 , 8:59 pm        
រូបភាព
​កាលពី​ជាង​២៣០០​ឆ្នាំមុន ផ្នែក​មួយ​នៃ​មហា​កំផែង​ចិន​ត្រូវបាន​មនុស្ស​ក្នុង​សម័យបុរាណ​សាងសង់ឡើង​ដើម្បី​ជា​រនាំង​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​សត្រូវ​។ ប៉ុន្តែ​សព្វថ្ងៃ មហា​កំផែង​ត្រូវបាន​ជួសជុល​ឡើងវិញ និង​ថែរក្សា​ដើម្បី​ទាក់ទាញ​ភ្ងៀ​វ​ទេសចរណ៍​។

 
​តាម​គេហទំព័រ​របស់ chinahightlights.com ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​រៀបរាប់​អំពី​មូលហេតុ​នៃ​ការសាងសង់​សំណង់​ស្ថាបត្យកម្ម​បុរាណ​ដ៏​អស្ចារ្យ​មួយ​នេះ​។ 
 
​មុន​ពេលដែល​សតវត្ស​ន៍ទី​៣​មុន​គ្រឹ​ស្ត​សករាជ​ឈានចូល​មកដល់ ប្រទេស​ចិន​បាន​ប្រឈម​នឹង​សង្គ្រាម​តូចៗ​ជាច្រើន​ដែល​បង្កដោយ​រដ្ឋ​ជិតខាង​។ សង្គ្រាម​រវាង​រដ្ឋ​តូចៗ​ជា​ញឹកញាប់​បានធ្វើ​ឲ្យ Qi ដែលជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ជាច្រើន​ដែល​កំពុង​ស្ថិតនៅក្នុង​ជម្លោះ បង្ខំចិត្ត​សាងសង់​កំផែង​ដំបូង​គេ​ក្នុង​ឆ្នាំ​៦៥៦​មុន​គ្រឹ​ស្ត​សករាជ ដែល​សព្វថ្ងៃ​មាន​ទីតាំងនៅ​ខេត្ត Shandong ប្រទេស​ចិន​។​
 
​កំផែង​កាលពី​ពេលនោះ ត្រូវបាន​បង្កើតឡើង​ពី​ថ្ម​ធំៗ​ប៉ុណ្ណោះ មិនទាន់មាន​លក្ខណៈ​រឹងមាំ​ខ្លាំង​ប៉ុន្មាន​នោះទេ​។ ក្រោយមក រដ្ឋ​ក្នុង​ជម្លោះ​ដទៃទៀត​ក៏បាន​សាងសង់​កំផែង​រៀងៗ​ខ្លួន​ដែរ​។ 
 
​ក្រោម​ការគ្រប់គ្រង​រប​ស់​អធិរាជ Qin Shihuang រដ្ឋ​ដែល​បែកបាក់​ត្រូវបាន​បង្រួបបង្រួម​ឲ្យ​ទៅជា​អាណាចក្រ​ធំ​មួយ​វិញ​។ ក្នុងសម័យ​រាជវង្ស Qin មហា​កំផែង​ដែល​បាន​សាងសង់​ដោយ​រដ្ឋ​ខុសៗ​គ្នា​នោះបាន​ស្តារ​ចងភ្ជាប់​គ្នា ក្នុង​គោលបំណង​ការពារ​សត្រូវ​ថ្មី​មួយទៀត នោះ​គឺ​កុលសម្ព័ន្ធ​តូចៗ ដែល​តាំង​ទីលំនៅ​នៅ​ខាងជើង​ប្រទេស​ចិន​។ 
 
​ក្រោយមក មហា​កំផែង​ក៏​ត្រូវបាន​អ្នកគ្រប់គ្រង​ជាច្រើន​ជំនាន់ ជួសជុល និង​កសាង​បន្ថែម​ជាច្រើនលើក​ច្រើនសារ​។ របង​យក្ស​មួយ​នេះ ក៏បាន​តួរ​នាទី​សំខាន់​ក្នុងការ​ការពារ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន​ពី​ការរំខាន់​ពី​ពួក​កុលសម្ព័ន្ធ​ឈ្លានពាន​តូចៗ​ផងដែរ ពីព្រោះថា ផ្លូវ​សូត្រ​គឺជា​ដង្ហើម​សេដ្ឋកិច្ច​យ៉ាងសំខាន់​រវាង​លោក​ខាងកើត និង​លោកខាងលិច​។ វា​ជា​ផ្លូវ​ដោះដូរ​ទំនិញ គំនិត រួមទាំង​ការរៀនសូត្រ​ចំណេះដឹង​ផងដែរ​។ កំផែង​មួយ​នេះ ក៏បាន​ដើរតួរ​ជា​អ្នកការពារ​ប្រទេស​ចិន​ពី​ការប្រយុទ្ធ​របស់​កងទ័ព​ម៉ុង​ហ្គោល​ខ្លះ​ដែរ ដោយហេតុថា កាលពី​ពេលនោះ ម៉ុង​ហ្គោល ក្រោម​ការគ្រប់គ្រង​រប​ស់មេ​ទ័ព Genghis Khan បាន​ឈ្លានពាន និង​កាន់កាប់​ទឹកដី​ធំ​មហាសាល​នៅ​ទ្វីបអាស៊ី​ដែរ​។​
 
 នៅ​សម័យ​រាជវង្ស Qing ការសាងសង់​មហា​កំផែង​ត្រូវបាន​ផ្អាក​ដំណើរការ ដោយ​គេ​គិតថា សកម្មភាព​មួយ​នេះ​ទាមទារ​ចំណាយ និង​កម្លាំង​មនុស្ស​ច្រើនពេក​។ អធិរាជ Kangxi ដែលជា​ក្សត្រ​ម្នាក់​ក្នុង​រាជវង្ស Qing ឈ្វេង​យល់ថា ដើម្បី​ការពារ​ប្រទេស​ពីស​ត្រូវ ចិន​ត្រូវការ​ទំនាក់ទំនង​ការទូត​ជាមួយ​ពិភពលោក​ជំនួស​ឲ្យ​ការសាងសង់​របង​បន្តទៀត​។ អស់​រយៈពេល​ជាង​៣០០​ឆ្នាំ មហា​កំផែង​ត្រូវបាន​គេបោះបង់​ចោល​។ 
 
​ដោយឡែក​ក្នុង​ឆ្នាំ​១៩៥៧ ក្រោម​ការដឹកនាំ​របស់​លោក ម៉ៅ​សេទុង មហា​កំផែង​ចិន​ត្រូវបាន​គេ​​ឲ្យ​តម្លៃ​ឡើងវិញ ហើយក៏​ត្រូវបាន​ជួសជុល និង​កែលម្អ​ឡើងវិញ​ដែរ​សម្រាប់​ភ្ងៀ​វ​ទេសចរ និង​ក៏​ជា​និមិត្តរូប​មួយ​របស់​ចិន​ដែរ​៕ 

Tag:
 មហា​កំផែង​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com