ជាតិ
ជនជាតិ​បារាំង​ម្នាក់​នៅ​សៀមរាប ប្រគល់​ភាជន៍​ឱ្យ​អាជ្ញាធរ​អប្សរា ក្រោយ​រក្សាទុក​១៥​ឆ្នាំ​
23, Feb 2019 , 9:19 pm        
រូបភាព
 រូបភាព៖ហ្វេសប៊ុកអជ្ញាធរអប្សរា
រូបភាព៖ហ្វេសប៊ុកអជ្ញាធរអប្សរា
​សៀមរាប​៖ ម្ចាស់​ភោជនីយដ្ឋាន​បារាំង​យីហោ The Square 24  លោក William Telliez  កាលពីពេល​ថ្មីៗ​នេះ បានប្រគល់​ភាជន៍​បុរាណ​ចំនួន​២ ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោយ​រក្សាទុក​រយៈពេល​១៥​ឆ្នាំ​។ គោលបំណង​នៃ​ការប្រគល់​ភាជន៍​នេះ គឺ​ដើម្បី​ការអភិរក្ស​ប្រកបដោយ​និរន្តរភាព​។

 
​ក្នុង​ពិធី​ប្រគល់​ភាជន៍​ដែល​ធ្វើ​នៅ​ថ្ងៃទី​២១ កុម្ភៈ នៅ​ភោជនីយដ្ឋាន​ផ្ទាល់​លោក William Telliez លើកឡើងថា ភាជន៍​ទាំងនោះ​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ និង​មានតម្លៃ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ហើយ​វា​មិនមែន​កម្មសិទ្ធិ​របស់លោក​ឡើយ​។ លោក​ពន្យល់ថា កន្លងមក​ដោយ​ខ្វះ​ព័ត៌មាន និង​មិនដឹង​យកទៅ​ប្រគល់ឱ្យ​ស្ថាប័ន​ណា ទើប​លោក​សម្រេច​រក្សា​ភាជន៍​នេះ រហូតមកដល់​បច្ចុប្បន្ន តែ​ក្រោយមក​លោក​ក៏បាន​ទាក់ទង​ទៅ​សាលា​បារាំង​ចុង​បូព៌ា ហើយ​ស្ថាប័ន​នេះ បាន​ណែនាំ​ឱ្យ​លោក​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​។​


 
​យោងតាម​ការចុះផ្សាយរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ បាន​ប្រទះ​ភាជន៍​ទាំង​២​ខាងលើ អំឡុង​ឆ្នាំ ២០០៤ ឬ​២០០៥ ក្នុង​ជម្រៅ​ដី​៣​ម៉ែត្រ ដែល​លោក​ឱ្យ​កម្មករ​ជីក​ធ្វើ​បង្គន់​ក្នុង​បរិវេណ​សណ្ឋាគារ បុប្ពា​អង្គរ ដែល​ស្ថិតនៅ​ខាងកើត​បណ្ដោយ​ស្ទឹង​សៀមរាប​។​
 
​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា អ្នកស្រី សឹង ស្រី​ទូច មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា តើ​ភាជន៍​ខាងលើនេះ​មាន​ប្រភព​មកពីណា​នោះ តែ​អ្នកស្រី​អះអាងថា ពិតជា​ប្រភេទ​ភាជន៍​បុរាណ​ពិតប្រាកដ​មែន​។ យ៉ាងណា មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា នឹង​សម្អាត ក៏ដូចជា​សិក្សា​បន្ថែមទៀត​ពី​ភាជន៍​ទាំងនេះ​៕
 

Tag:
 ភាជន៍​
 ​សៀមរាប​
 ​អាជ្ញាធរ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com