អន្តរជាតិ
World Bank៖ វៀតណាម​ជាប់​លំដាប់​ទី​២​នៅ​អាស៊ាន បន្ទាប់ពី​សិង្ហ​បុរី​លើ​ការវិនិយោគ​ធនធានមនុស្ស
23, Feb 2019 , 9:39 pm        
រូបភាព
ដោយ:
​ការវិនិយោគ​លើ​ការកសាង​មូលធន​មនុស្ស ឬ​ធនធានមនុស្ស គឺជា​ធាតុ​ចូល​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​ការបង្កើន​សង្វាក់​ផលិតកម្ម​ការងារ និង​ជាពិសេស​នោះ លើ​ការអភិវឌ្ឍ​ប្រទេស​ក្នុង​រយៈពេល​វែង​។ នៅក្នុង​ប្រទេស​អភិវឌ្ឍ ការកសាង​មូលធន​មនុស្ស មិនមែនជា​បញ្ហា​ចោទ​នោះទេ ខណៈ​ប្រទេស​កំពុងតែ​អភិវឌ្ឍន៍ ចាត់ទុក​វា ជា​កិច្ចការ​អាទិភាព​ជានិច្ច​។

 

 
​តាម​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​មូលធន​មនុស្ស​របស់​ធនាគារពិភពលោក វៀតណាម បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៤៨ ក្នុងចំណោម​ប្រទេស និង​អធិបតេយ្យ​១៥៧ របស់​ពិភពលោក ហើយ​បើ​និយាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​វិញ វៀតណាម ស្ថិត​លំដាប់​ទី​២  ក្រោយ​តែ​សិង្ហ​បុរី​ប៉ុណ្ណោះ​។  
 
​របាយការណ៍​ដដែល​នោះ បាន​វាយតម្លៃថា ខណៈ​ប្រទេស​កំពុង​ព្យាយាម​ធ្វើ​សមាហរណកម្ម​ខ្លួន​ទៅក្នុង​សង្វាក់​ការងារ​សកល កម្មករ​វៀតណាម ក៏បាន​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ភាសាបរទេស ហើយ​រដ្ឋាភិបាល​វៀតណាម ក៏បាន​ព្យាយាម​កសាង​មូលធន​មនុស្ស​បន្ថែម ដើម្បី​ជាការ​ផ្តល់ឱកាស និង​លទ្ធភាព​ដល់​ប្រជាជន​ខ្លួន​ពង្រីក​ការងារ​ទៅកាន់​ទីផ្សារ​កាន់តែច្រើន​។ 
 
​របាយការណ៍ ក៏បាន​បញ្ជាក់ និង​ព្យាករ​ថា កុមារ​វៀតណាម ដែល​បានទទួល​ការអប់រំ និង​សេវា​សុខភាព​ពេញលេញ អាចបង្កើត​ផលិតភាព​ការងារ រហូតដល់ ៦៧ ភាគរយ ស្មើនឹង​ចិន ខណៈ​ផលិតភាព​ការងារ​របស់​កុមារ​សិង្ហ​បុរី អាចបង្កើត​បាន​៨៨​ភាគរយ​, ម៉ាឡេស៊ី ៦២ ភាគរយ​, ថៃ ៦០ ភាគរយ​, ហ្វីលីពីន ៥៥ ភាគរយ និង​ឥណ្ឌូណេស៊ី ៥៣ ភាគរយ​ប៉ុណ្ណោះ​។  
 
​សម្រាប់​ធនាគារពិភពលោក ការអប់រំ និង​សេវា​សុខភាព គឺជា​សមាសធាតុ​ចម្បង​សម្រាប់​ការវាយតម្លៃ​ទៅ​លើស​ន្ទ​ស្សន៍​នៃ​មូលធន​មនុស្ស ហើយ​ធនាគារពិភពលោក ក៏បាន​ព្រមាន​ពី​ការព្រងើយកន្តើយ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ឬ​មូលធន​មនុស្ស ថា​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​ផលិតភាព​ការងារ​សម្រាប់​អនាគត​សម្រាប់​ប្រទេស​មួយចំនួន ដែលមាន​ការវិនិយោគ​តិចតួច​បំផុត​លើ​មូលធន​មនុស្ស​៕ 

Tag:
 វៀតណាម​
  សិង្ហ​បុរី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com