សុខភាព
អន្តរជាតិ
វេជ្ជបណ្ឌិត​អង់គ្លេស​៖ កុំ​ឲ្យ​ក្មេង​ប្រើ​ទូរ​សព្ទ​នៅពេល​បាយ និង​ពេល​គេង​
17, Apr 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ការផ្សារភ្ជាប់​ក្មេង​ទៅនឹង​បច្ចេកវិទ្យា​ឌីជីថល គឺជា​រឿង​ដែល​ឪពុកម្តាយ​គ្រប់រូប មិនគួរ​មើលរំលង​នោះឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​វេជ្ជបណ្ឌិត​ជាន់ខ្ពស់​មួយក្រុម​របស់​ចក្រភព​អង់គ្លេស បានផ្តល់​ដំបូន្មាន​ថា ពេល​ញ៉ាំ​បាយ និង​ពេល​ចូល​គេង មិនគួរ​អនុញ្ញាត​ឲ្យ​កុមារ​ប្រើប្រាស់​ទូរ​សព្ទ ឬ​អេក្រង់​ភ្លឺ​ផ្សេងៗ​នោះឡើយ​។

 
​ការសិក្សា​របស់​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​សាកលវិទ្យាល័យ University College London បាន​លើកឡើងថា ពេល​ញ៉ាំ និង​ពេល​គេង គប្បី​នាំ​កុមារ​ប្តូរ​បរិយាកាស​ទៅ​និយាយ​ឲ្យ​ច្រើន និង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បង្ហាញ​នូវ​កង្វល់​ផ្សេងៗ ជាពិសេស​បញ្ហា​សុវត្ថិភាព​អន​ឡាញ ជាដើម​។​
 
​បន្ថែម​ពីលើ​នេះ ក្រុម​វេជ្ជបណ្ឌិត បាន​លើកឡើងថា ក្មេង​មិនគួរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទូរ​សព្ទ នៅពេល​មាន​សកម្មភាព​ធ្វើ​កិច្ចការ​ណាមួយ​នោះឡើយ ដោយ​តម្រូវ​ឲ្យ​ពួកគេ​រៀន​ផ្តោត​យកចិត្តទុកដាក់​លើ​កិច្ចការ​ទាំងនោះ​។ ប្រសិនបើ​មិនអាច​ជៀស​រួច ឪពុកម្តាយ​ត្រូវ​ឲ្យ​កូនៗ​សម្រាក​ពី​ការលេង​ទូរ​សព្ទ នៅ​រៀងរាល់​ពីរ​ម៉ោង​ម្តង​។​
 
​វេជ្ជបណ្ឌិត Catherine Calderwood បាន​លើកឡើងថា កុមារ​ដែល​ចូលចិត្ត​មើល​ទូរ​សព្ទ​ពេល​គេង និង​ពេល​ញ៉ាំ​បាយ ភាគច្រើន​មាន​បញ្ហា​សុខភាព ហើយក៏​ជះឥទ្ធិពល​ដល់​កិច្ច​សាលា​របស់​ពួកគេ​ផងដែរ​។ បន្ថែម​ពីលើ​នេះ វា​ជា​កត្តា​ដែល​បង្ហាញ​ពី​គម្លាត​នៃ​ទំនាក់ទំនង​រវាង​កូនៗ និង​ឪពុកម្តាយ​។​
 
​អ្នកស្រី បាន​រៀបរាប់​ប្រាប់​វិទ្យុ BBC Radio Scotland ថា ការលេង​ទូរ​សព្ទ​នឹង​ក្លាយជា​ទម្លាប់​ដោយ​ក្មេងៗ ក្រ​ចូល​គេង និង​ប្រញាប់​ក្រោក​ដើម្បី​ឆែក​មើល​សារ​ជាច្រើន​។ បើតាម​អ្នកស្រី Catherine ទូរ​សព្ទ​គួរតែ​ត្រូវដាក់​នៅក្រៅ​បន្ទប់​គេង​។​
 
«​ពិតណាស់ ការលេង​ទូរ​សព្ទ​ពេលបាយ និង​ពេល​គេង ជះ​ផល​អវិជ្ជមាន​ដល់​សុខភាព​កុមារ ហើយក៏​បានធ្វើ​ឲ្យ​ពួកគេ​ខ្វះ​ការផ្តោត​អារម្មណ៍​នៅពេល​សិក្សា​នៅ​សាលារៀន​ផងដែរ​»​។ នេះ​ជាការ​អះអាង​របស់​វេជ្ជបណ្ឌិត​ជំនាញ​របស់​ចក្រភព​អង់គ្លេស​។​
 
​ទោះបីជា​មិនមាន​តឹកតាង​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​នៃ​សាកលវិទ្យាល័យ University College London បាន​បញ្ជាក់ថា កត្តា​ដែល​ធ្វើ​ឲ្យ​កុមារ​ឆាប់​មួម៉ៅ និង​ឡើង​កម្រិត​ថប់​អារម្មណ៍ ក៏​ដោយសារតែ​ការចំណាយ​ពេល​ច្រើន​នៅមុខ​អេក្រង់​។​
 
​អ្នកស្រី Catherine បាន​អះអាងថា​៖ «​យើង​ដឹងថា កុមារ​ម្នាក់​ក្នុងចំណោម​៥​នាក់ បាន​ក្រោក​នៅពេល​យប់​ដើម្បី​បើក​ទូរ​សព្ទ​ដៃ ហើយ​ចូលទៅ​មើល​សារ​ផ្សេងៗ​នៅក្នុង​បណ្តាញ​សង្គម​។ វា​ជា​ពិតជា​ប៉ះពាល់​ខ្លាំង​លើ​គុណភាព​នៃ​ការអប់រំ ជាពិសេស​នៅ​ថ្ងៃ​បន្ទាប់​»៕
 

Tag:
 ការសិក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com