អន្តរជាតិ
ការប៉ះទង្គិច​គ្នា មនុស្ស​ស្លាប់ និង​ទាហាន​រត់ចោលជួរ​កំពុង​កើត​មាននៅ​ព្រំដែន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
25, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​យ៉ាងហោចណាស់​មាន​ជន​ស៊ីវិល​៤​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅពេលដែល​កងកម្លាំង​សន្តិសុខ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ប៉ះទង្គិច​ជាមួយនឹង​ហ្វូង​បាតុករ​នៅឯ​តំបន់​ជាប់​ព្រំដែន​ជាមួយនឹង​ប្រទេស​ប្រេ​ស៊ី​ល​ដោយសារតែ​ការចែក​ចាយ​ជំនួយ​មនុស្សធម៌​។

 
​លោក​ហ័ន កេ​ដូ ប្រធានាធិបតី​បណ្តោះអាសន្ន​និង​ជា​មេដឹកនាំ​បក្សប្រឆាំង​បាន​សរសេរ​សារ​តាម​បណ្តាញ​ធ្វី​ត​ធឺ​កាលពី​យប់​ថ្ងៃ​សៅរ៍​ថា​៖
 
«​ព្រឹត្តិការណ៍​ថ្ងៃនេះ​បង្ខំ​ឱ្យ​ខ្ញុំ​ធ្វើការ​សម្រេចចិត្ត​ស្នើ​ជា​ផ្លូវការ​ទៅ​សហគមន៍​អន្តរជាតិ​ថា​យើង​ត្រូវតែ​ប្រើប្រាស់​គ្រប់​ជម្រើស​ទាំងអស់​ដើម្បី​ធានា​សិទ្ធិសេរីភាព​នៃ​ប្រទេស​របស់​យើ​ង‍​»​។​
 
​វេទិការ​តាមដាន​មើល​អំពើហិង្សា​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឈ្មោះថា Foro Penal បាន​រាយការណ៍​ថា​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​។ ក្រុម​នេះ​បន្ថែមថា​ហេតុការណ៍​សម្លាប់​មនុស្ស​នេះ​កើតមានឡើង​នៅ​តំបន់ Santa Elena de Uairen ដែល​នៅជាប់​ព្រំដែន​នឹង​ប្រទេស​ប្រេ​ស៊ី​ល​។ ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​បាញ់សម្លាប់​ដោយ​កង​សេនាជន​គាំទ្រ​រដ្ឋាភិបាល​។​
 
​លោក Alfred Romero អ្នកនាំពាក្យ​សម្រាប់​ក្រុម Foro Penal បាន​បង្ហោះ​សារ​តាម​ទំព័រ​ធ្វី​ត​ធឺ​បញ្ជាក់ថា​មាន​មនុស្ស​ជាង​២០​នាក់​រងរបួស​។​
 
​នៅ​ច្រកព្រំដែន​មួយកន្លែង រថយន្ត​ដឹក​ជំនួយ​បាន​ឆេះ ហើយ​អ្នកស្រុក​បាន​រត់​ចូលទៅ​ជួយ​ជញ្ជូន​ប្រអប់​អាហារ​និង​ថ្នាំពេទ្យ​ចេញ​។​
 
​នៅ​យប់​ថ្ងៃ​សៅរ៍ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក​ម៉ា​កូ រូ​ប៊ី​អូ បាន​សរសេរ​សារ​តាម​ទំព័រ​ធ្វី​ត​ធឺ​ថា​មាន​អ្នកតំណាងរាស្ត្រ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ម្នាក់​និង​ជំនួយការ​ម្នាក់​ត្រូវគេ​ដាក់​ថ្នាំ​បំពុល​។​
 
​ជំនួយការ​បាន​ស្លាប់បាត់​បង់ជីវិត ហើយ​អ្នកតំណាងរាស្ត្រ​នៅមាន​«​អាកា​រៈ​ធ្ងន់ធ្ង​រ‍​»​នៅឡើយ​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សារ​របស់លោក​ម៉ា​កូ រូ​ប៊ី​អូ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com