សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាមេរិក​នឹង​ពន្យារពេល​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ខណៈ​ការចរចា​បាន​ផល​ច្រើន
25, Feb 2019 , 11:19 pm        
រូបភាព
ដោយ:
​សហរដ្ឋអាមេរិក នឹង​ពន្យារពេល​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន គិត​ជា​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​បន្ថែម ក្រោយពី​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ទទួលបាន​ផ្លែផ្កា​ល្អ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ដោយ​បន្ថែមថា លោក​ក៏មាន​គម្រោង​រៀបចំ​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ផងដែរ​។

 
​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter លោក ដូ​ណា​ល់ ត្រាំ គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​ទទួល​បាន​ផ្លែផ្កា​ល្អ​ក្នុងជំនួប​ពាណិជ្ជកម្ម​លើ​បញ្ហាសំខាន់ៗ​មួយចំនួន រួមមាន ការពារ​កម្មសិទ្ធិបញ្ញា​, ការផ្ទេរ​បច្ចេកវិទ្យា​, កសិកម្ម​, សេវាកម្ម និង​រូបិយវត្ថុ​ជាដើម​។ 
 
«​ជា​លទ្ធផល​នៃ​ជំនួប​ដែលមាន​ផ្លែផ្កា​ទាំងនេះ ខ្ញុំ​នឹង​ពន្យារពេល​ការបង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១​ខែមីនា​ខាងមុខ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ត្រាំ ដោយ​បន្ថែមថា ក្រុង​វ៉ាស៊ីនតោន​គ្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​សម្រាប់​លោក​និង​លោក​ស៊ី ជីន​ភីង នៅឯ​ភូមិគ្រឹះ  Mar-a-Lago របស់លោក​ក្នុង​រដ្ឋ Florida ក្នុង​គោលដៅ​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​។ 
 
​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូប​នះ ក៏បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម ក្រោយ​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លោក លីវ ហឺ ។ កិច្ចពិភាក្សា​ពាណិជ្ជ​កម្មនេះ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក ដូ​ណា​ល់ ត្រាំ និយាយថា បញ្ហា​ការកំណត់​តម្លៃ​លុយ​ដោយ​ខុសច្បាប់ ក៏​នឹងត្រូវ​រាប់បញ្ចូល​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ​ផងដែរ​។  
 
​សូមបញ្ជាក់ថា ការប្រកាស​ពន្យារពេល​នេះ គឺធ្វើឡើង​ខណៈដែល​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​៩០​ថ្ងៃ ជិត​ដល់ពេល​បញ្ចប់ ពោលគឺ​នៅសល់​ពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​នោះ​។ គិត​ចាប់ពី​ការផ្អាក​ដំឡើង​ពន្ធ​រវាង​អាមេរិក​និង​ចិន​ត្រូវបាន​បង្កើត​ឡើងមក កិច្ចពិភាក្សា​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ត្រូវបាន​រៀបចំឡើង​ចំនួន​បី​លើក​រួចមកហើយ​។ 
 
​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៨ លោក ត្រាំ និង​លោក ស៊ី បាន​យល់ព្រម​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក រយៈពេល​៩០​ថ្ងៃ ហើយ​ពេលវេលា​កំណត់​នៃ​បទ​ឈប់​បាញ់​នេះ គឺ​ត្រូវ​នឹង​ថ្ងៃទី​១ ខែមីនា​ខាងមុខ​។ គោលបំណង​នៃ​ការបង្កើត​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម គឺ​ដើម្បី​ទុកពេល​ឲ្យ​ភាគី​ទាំងពីរ​បង្កើត​ការចរចា​ពាណិជ្ជកម្ម ក្នុង​គោលដៅ​រក​ច្រក​ផ្លូវ​ដោះស្រាយ​ជម្លោះ​ដ៏​តានតឹង​មួយ​នេះ​។ 
 
​ក្រោយពី​ការយល់ព្រម​ផ្អាក​ដំឡើង​ពន្ធ​លើ​ទំនិញ​គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ជំនួប​ចរចា​ពាណិជ្ជកម្ម​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​។ លទ្ធផល​វិជ្ជមាន​ជាច្រើន​ក៏បាន​លេចឡើង​ផងដែរ​ក្រោយ​ជំនួប​ទាំងនេះ​។ តួយ៉ាង ដូច​បានលើកឡើង ចិន​បាន​បង្កើន​ការបញ្ជាទិញ​ផលិតផល​កសិកម្ម​ពី​អាមេរិក និង​ក៏មាន​ជំហរ​កែប្រែ​គោលនយោបាយ​មួយចំនួន​ផងដែរ ទាក់ទង​នឹង​ការពារ​កម្មសិទ្ធិបញ្ញា និង​ការបង្ខំ​ផ្ទេរ​បច្ចេកវិទ្យា​ជាដើម ដែលជា​បញ្ហា​រសើប​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សង្គ្រាម​ពាណិជ្ជកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com