ជាតិ
សមត្ថកិច្ច​កំពុង​ស្វែងរក​អ្នកបាញ់​ដំរី​ងាប់ នៅ​ខេត្តមណ្ឌលគិរី​
25, Feb 2019 , 5:38 pm        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងឡាយ កំពុង​ស្វែងរក​ជនល្មើស​ដែល​បាន​បាញ់​ដំរី​ងាប់ នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​។ ការអន្តរាគមន៍​នេះ ធ្វើឡើង​បន្ទាប់ពី ប្រជាពលរដ្ឋ​ប្រទះឃើញ​ដំរី​មួយ​ក្បាល​បាន​ងាប់​នៅក្នុង​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ​២០១៩​។

 
​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៥​កុម្ភៈ​ថា សព​ដំរី​នេះ ត្រូវបាន​សមត្ថកិច្ច យកទៅ​កប់​ដោយ​ធ្វើ​កំណាយ​យក​គ្រោងឆ្អឹង​របស់​វា​មក​រក្សាទុក​នៅ​សាលាខេត្ត សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​អំពី​ប្រភេទ​ដំរី​នៅ​កម្ពុជា​។  លោក​បាន​អះអាងថា ដំរី​ដែល​បាន​ងាប់​នេះ ជា​ដំរី​ឈ្មោល ហើយ​ត្រូវបាន​គេ​បាញ់សម្លាប់​ដោយ​គ្រាប់កាំភ្លើង ក្នុង​គោលបំណង​កាត់​យក​ភ្លុក​។​
 
​សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ មាន​កម្ពស់ ២,៧០​ម៉ែត្រ ប្រវែង​៤,៥០ ម៉ែត្រ ទទឹង ១,៥០​ម៉ែត្រ  ដែល​បាន​ងាប់​អស់​រយៈពេល​ជិត​១០​ថ្ងៃ​ហើយ ព្រមទាំង​បាន​រលួយ និង​សាយភាយ​ក្លិនស្អុយ​ពេញ​ព្រៃ​ផងដែរ​។  នេះ​ជាការ​បញ្ជាក់​របស់លោក ស្វាយ សំ​អ៊ាង ដែល​បាន​បន្ថែមថា បច្ចុប្បន្ន​នៅ​ខេត្តមណ្ឌលគិរី មាន​សត្វ​ដំរីព្រៃ​ជាង​៣៦០​ក្បាល​៕
 

Tag:
 ដំរី​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com